ប្រធានបទ៖ អគ្គសញ្ញាលើកលែងទោសមិនគាំទ្រមនុស្សឲ្យប្រព្រឹត្តិអាក្រក់ទេ! តែជួយឲ្យមនុស្សទទួលបានឱកាសថ្មី!

បកស្រាយដោយ៖ លោបូជាចារ្យ​ រឿង ឆ័ត្រសិរី (មណ្ឌលសកម្មភាពភ្នំពេញខាងជើង)

បូ៖ រឿង ឆ័ត្រសិរី៖ បងប្អូនជាទីស្រឡាញ់! ថ្ងៃនេះយើងអាចនឹកដល់ឆ្នាំនៃមេត្តាករុណាទិគុណ ជាឆ្នាំដ៏អស្ចារ្យ ដែលមនុស្សលោកទាំងអស់បានទទួលការលើកលែងទោសពីព្រះជាម្ចាស់!  នឹងជាឆ្នាំដែលជំរុញឲ្យយើងមានក្តីសង្ឃឹមដើម្បីបន្តដំណើរនាលោកនេះ។ បាទ! ពេលដែលវង្វេងផ្លូវ អស់កម្លាំង ហើយនឹកចង់មករកព្រះជាម្ចាស់វិញ នេះគឺជារឿងដែលត្រឹមត្រូវបំផុតព្រោះវាជាសញ្ញាសម្គាល់ និងបញ្ជាក់ថាយើងបានត្រឡប់មករកព្រះអង្គ! ត្បិតយើងបានទទួលបានការលើកលែងទោសពីព្រះអង្គ។ ពេលនោះជំនឿរបស់យើងនឹងកាន់តែរឹងមាំ ហើយខ្លួនយើងផ្ទាល់ក៏មិនប្រព្រឹត្តអំពើអាក្រក់ទៀតដែរ។

នេះជាចំណុចសំខាន់មួយដែលយើងមាននៅក្នុងព្រះសហគមន៍របស់យើង ជាពិសេសព្រះសហគមន៍កាតូលិក! ព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណា និងចាំស្វាគមន៍បងប្អូនត្រឡប់មកពឹងលើព្រះអង្គវិញ។ ពិតមែនយើងជាមនុស្សទន់ខ្សោយ យើងជាអ្នកមានបាបនៅជាប់ខ្លួន តែបងប្អូនត្រូវដឹងថាពេលយើងបានទទួលការលើកលែងទោសហើយ! វាជាឱកាសមួយដើម្បីឲ្យយើងទៅប្រព្រឹត្តអំពើបាបទៀតឬក៏យ៉ាងណា? យើងធ្លាប់លេងល្បែង ឬក៏ធ្លាប់ប្រព្រឹត្តនូវអំពើអាបាយមុខផ្សេងៗ ហើយពេលនេះនៅតែបន្តប្រព្រឹត្តទៀតឬ? សម្រាប់គ្រីស្តបរិស័ទគឺអត់ទេ! អគ្គសញ្ញាលោកលែងទោសពិតជាមានតម្លៃខ្លាំងណាស់សម្រាប់យើងជាសាវ័ករបស់ព្រះយេស៊ូគ្រីស្ត។

ត្រង់ចំណុចនេះពេលយើងទទួលបានការលើកលែងទោសហើយ វាជាឱកាសមួយពិសេសដើម្បីឲ្យយើងជៀសវាង ឬឈប់ប្រព្រឹត្តអំពើអាក្រក់ទៀត។ ចំណុចនេះបងប្អូនត្រូវតែមានគោលជំហ៊រច្បាស់លាស់ថាចង់ឈប់ ចង់កែប្រែពិតមែន ដើម្បីរស់នៅឲ្យបានត្រឹមត្រូវ និងគាប់តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលទ្រង់តែងតែផ្តល់ក្តីប្រោសប្រណីដល់មនុស្សទន់ខ្សោយ។

ប៉ុន្តែ! បើបងប្អូនគិតថាជាឱកាសមួយដើម្បីឲ្យយើងទៅប្រព្រឹត្តអំពើបាបផ្សេងៗទៀត ចំ​ណុច​នេះមិនត្រឹមត្រូវទេ ព្រោះអគ្គសញ្ញានេះមិនមែនសម្រាប់ជំរុញឲ្យយើងនៅតែប្រព្រឹត្តអំពើបាប តែផ្ទុយទៅវិញអគ្គសញ្ញាលើកលែងទោសគឺរំលឹកយើងឲ្យឈប់ធ្វើអំពើបាបតទៅទៀត។ ហេតុដូច្នេះហើយគ្រីស្តបរិស័ទម្នាក់ៗបានដឹងថាការទៅស្រាយបាប ឬទទួលអគ្គសញ្ញាលើកលែងទោសជាឱកាសមួយដើម្បីឲ្យយើងបានកែប្រែ ខិតខំធ្វើកិច្ចការដែលត្រឹមត្រូវ នឹងគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ជំរុញឲ្យជីវិតរបស់ខ្លួនកាន់តែប្រសើរ ជៀសឆ្ងាយពីអំពើអាក្រក់ទាំងឡាយ។ បងប្អូនរួមជំនឿជាទីស្រឡាញ់! សូមពិចារណាខាងផ្លូវជំនឿឲ្យបានល្អ ហើយសូមឲ្យអគ្គសញ្ញាលើកលែងទោសជាជំនួយដ៏សំខាន់ដែលមកពីព្រះជាម្ចាស់ តាមរយៈព្រះសហគមន៍ជួយបងប្អូនទាំងអស់ឲ្យកែប្រែចិត្តគំនិត ស្គាល់សេចក្តីល្អ អាក្រក់ ហើយត្រឡប់មករកព្រះអង្គយ៉ាងល្អត្រឹមត្រូវ នឹងចេះចែករំលែកសេចក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្រនេះទៅដល់អស់អ្នកដែលមិនទាន់ស្គាល់ព្រះជាម្ចាស់ផងដែរ។ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail