ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥អត្ថបទគម្ពីរ យ៉ូហាន(១៥,៩-១៧) អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរពសូមជម្រាបសួរទាំងអស់គ្នា! អត្ថបទព្រះគម្ពីរថ្ងៃនេះតាមយ៉ូហាន(១៥,៩-១៧) ព្រះ​យេ​​ស៊ូ​មានព្រះបន្ទូលថា៖ “ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចព្រះបិតាស្រឡាញ់ខ្ញុំដែរ។ ចូលទុក​សេចក្តី​ស្រឡាញ់របស់ខ្ញុំឱ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ”។ អត្ថបទនេះបញ្ជាក់ថា ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ សេចក្តីស្រឡាញ់របស់ព្រះបិតាជាប្រភពនៃអ្វីៗទាំងអស់ដែលកើតមក។ អត្ថបទព្រះគម្ពី​រ​លិខិត​ទីមួយរបស់លោកយ៉ូហាន (៤,៧-៨) ចែងថា៖ “យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ព្រោះសេចក្តី​ស្រឡាញ់​កើតមកពីព្រះជាអម្ចាស់ ហើយព្រះជាអម្ចាស់ជាសេចក្តីស្រឡាញ់”។

ដូច្នេះព្រះយេស៊ូ​អញ្ចើញ​សាវ័ក និងគ្រីស្តបរិស័ទឱ្យជឿលើព្រះអង្គនិងស្រឡាញ់រហូតដល់ទីបំផុត។ ព្រះ​យេ​ស៊ូមានព្រះបន្ទូល​ទៀតថា៖ “បើអ្នករាល់គ្នាប្រតិបត្តិតាមវិន័យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្តីស្រ​ឡាញ់​របស់ខ្ញុំឱ្យស្ថិ​ត​នៅ​ជាប់នឹងអ្នករាល់គ្នាមែន”​។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ “គឺអ្នករាល់គ្នាស្រ​ឡាញ់​គ្នាទៅវិញទៅមកដូចខ្ញុំបាន​ស្រឡាញ់អ្នករាល់គ្នា”។ ដូច្នេះស្រឡាញ់គ្នាទៅវិញទៅមកជាវិន័យ​របស់​ព្រះ​យេស៊ូ​។ ព្រះយេស៊ូឆ្លើយ​តបនឹង​សេចក្តីស្រឡាញ់របស់ព្រះបិតាដោយស្រឡាញ់ក្រុម​សាវ័ករបស់​ព្រះ​អង្គ។ រីឯសាវ័ករបស់​ព្រះ​យេស៊ូ​ឆ្លើយ​តបនឹងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូ​ ដោយស្រឡាញ់​បងប្អូនគ្រី​ស្តប​រិ​ស័ទ និងបង​ប្អូន​ឯ​ទៀត​ៗ។

ព្រះយេស៊ូអញ្ចើញយើងឆ្លើយតបសេចក្តីស្រឡាញ់របស់សាវ័កដែលស្រឡាញ់គ្រីស្តបរិស័ទ និង​សា​ស​ន៍​ដទៃ​ដូចព្រះអង្គបានស្រឡាញ់យើង ជាគ្រីស្តបរិស័ទក៏ស្រឡាញ់គ្នាទៅ​វិញទៅមក​ដែរ​។ នៅក្នុ​ងអត្ថ​បទ​នេះពាក្យដូចបង្ហាញអំពីលក្ខណៈដូច​ជ្រៅនៃសេចក្តីស្រឡាញ់នោះ ​ដែលហូតចេញ​ពី​ព្រះ​បិតា​ស្រឡាញ់​ព្រះ​បុត្រា។ ពេលព្រះបុត្រាកើតជាមនុស្ស និងសោយទិវង្គត់នៅលើឈើឆ្កាង សេចក្តី​ស្រឡាញ់​ដែល​ជា​ទំនាក់ទំ​នងរវាងព្រះបិតា និងព្រះបុត្រាព្រះអង្គសម្តែងនៅលើ​ឈើឆ្កាងជា​សេចក្តី​ស្រឡាញ់​គំរូ​សម្រាប់​គ្រីស្ត​បរិស័ទយើង។

ព្រះយេស៊ូស្រឡាញ់មនុស្សយើងខ្លាំងណាស់ ហេតុនេះ​បានជាព្រះអង្គបូជាព្រះជន្មនៅលើឈើឆ្កាង ព្រះ​អង្គ​​ព្រះសន្តាប់បង្គាប់ព្រះបិតារហូតដល់បូជា​ព្រះជន្ម​ផ្ទាល់​អត់មានអ្នកណាបង្ខំ។ ព្រះអង្គស្រឡាញ់មនុស្ស​យើង​រហូតដល់មានពាក្យបន្ទូលជាមិត្តសម្លាញ់ ព្រម​ទាំងព្រមប្តូរព្រះជន្មផ្ទាល់នៅលើឈើឆ្កាង ​នេះជា​សេចក្តី​ស្រឡាញ់ដ៏ពិតប្រាកដ និងជាសញ្ញា​សំគាល់​នៃ​ការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីជាប្រយោជន៍​រួម។ បងប្អូនជាទីស្រឡាញ់! ព្រះជាអម្ចាស់បាន​បង្កើត​មនុស្ស​យើងជារូបតំណាងរបស់ព្រះអង្គ យើងអាច​ក្លាយ​ជារូបតំណាងរបស់ព្រះអង្គពិត​ប្រាកដដោយ​ស្រឡាញ់​ព្រះជាអម្ចាស់ ស្រឡាញ់ព្រះយេស៊ូនិង​ស្រ​ឡាញ់​​បងប្អូឯទៀតៗដូចព្រះអង្គបាន​ស្រឡាញ់យើង។ ថ្ងៃនេះព្រះសហគមន៍កាតូលិកនឹករលឹកបុណ្យសន្ត ម៉ាថាយជាគ្រីស្តទូតតាមរយៈ​ទូលអង្វររបស់លោកសូ​មព្រះអង្គ​ប្រោយឱ្យយើង​ខ្ញុំមា​នអំណរ​សប្បាយ​ដោយ​ដឹងថា ព្រះអង្គស្រឡាញ់​យើង​ខ្ញុំយ៉ាងខ្លាំង និងរាប់បញ្ចូលយើងខ្ញុំនៅក្នុង​ចំណោមអ្នក​ដែលព្រះអង្គ​បាន​ជ្រើស​រើស។ សូមព្រះ​ជា​អម្ចាស់​ប្រទានពរយើង៕

Daily Program

Livesteam thumbnail