ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ១៥,១៨-២១អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន
ពិតមែនបងប្អូន នៅក្នុងរដូវបុណ្យចម្លងនេះ ព្រះសហគមន៍មានអំណរសប្បាយរីករាយ ដោយព្រះយេស៊ូបានយាងឡើងទៅស្ថានបរមសុខ ទៅគង់ខាងស្ដាំព្រះបិតា នេះជាដំណឹងល្អមួយដែលធ្វើឱ្យពិភពលោកបានទទួលជីវិតថ្មី។
ខ្ញុំពិតជាមានអំណរសប្បាយមែនទែនដោយសារតែនៅក្នុងបុណ្យចម្លង យើងទទួលព្រះបន្ទូលដំណឹងល្អ។ ថ្ងៃនេះព្រះយេស៊ូបានមានព្រះបន្ទូលទៅសាវ័កដើម្បីឱ្យក្រុមសាវ័កដែលតាមព្រះអង្គជ្រាបថា ទោះបីពិភពលោកគេបដិសេធ គេស្អប់ព្រះអង្គ គេមិនទទួលស្គាល់ព្រះអង្គក៏ដោយ ក៏ព្រះអង្គបានប្រាប់សាវ័កថា អ្នកមិននៅខាងលោកីយ៍ទេ។
សេចក្ដីនេះហើយដែលធ្វើឱ្យយើងទាំងអស់គ្នាដឹងថា ក្នុងចិត្តគំនិតរបស់មនុស្សលោកីយ៍មានគំនិតយ៉ាងម៉េច។ គេបដិសេធ មិនទទួលស្គាល់ព្រះអង្គ មិនទទួលស្គាល់ព្រះបិតា តែព្រះយេស៊ូបានញែកយើងចេញ ពីលោកីយ៍ ដោយព្រះបន្ទូលរបស់ព្រះអង្គធ្វើឱ្យយើងភ្ជាប់ជាមួយព្រះអង្គដោយជំនឿ។ គឺព្រះវិញ្ញាណដ៏វិសុទ្ធដែលបានមកណែនាំយើង បំភ្លឺយើង ធ្វើឱ្យយើងភ្ជាប់នឹងព្រះអង្គ។
សេចក្ដីនេះជាដំណឹងល្អសម្រាប់មនុស្សលោកដើម្បីឱ្យឃើញថា សាវ័ករបស់ព្រះអង្គ គឺបានទទួលការណែនាំ ការអប់រំពីព្រះយេស៊ូ។ ធ្វើឱ្យសាវ័កជួបជុំគ្នា បន្តសកម្មភាពរបស់ព្រះយេស៊ូក្នុងលោកនេះ ទោះបីមានការបៀតបៀន ធ្វើទុក្ខបុកម្នេញក៏ដោយ ក៏សាវ័កនៅតែជួបជុំគ្នា ធ្វើពិធីអធិដ្ឋាន ពិធីកាត់នំបុ័ង ហើយ ប្រកាសព្រះបន្ទូលដំណឹងល្អដល់មនុស្សគ្រប់ជាតិសាសន៍នៃពិភពលោក។
ក្រុមគ្រីស្តបរិស័ទនិងក្រុមសាវ័កទាំងអស់នោះហើយ ជាមនុស្សសាមញ្ញធម្មតា ជាអ្នកនេសាទ ប៉ុន្តែព្រះយេស៊ូបានធ្វើឱ្យក្រុមគ្រីស្តបរិស័ទនិងក្រុមសាវ័កនោះ ក្លាយទៅជាអ្នកប្រកាសព្រះបន្ទូលដំណឹងល្អដល់ពិភពលោកទាំងមូល។
នៅក្នុងរដូវបុណ្យចម្លងនេះ ជួយយើងមានអំណរសប្បាយ ជួយយើងរីករាយដើម្បីទទួលដំណឹងល្អ ហើយនាំដំណឹងល្អដល់បងប្អូនដទៃៗទៀត។ ព្រះសហគមន៍ដែលមានអាយុជីវិត២០២៦ឆ្នាំ សព្វថ្ងៃនេះ នៅតែបន្តជួបជុំគ្នា ធ្វើពិធីអធិដ្ឋាន ធ្វើពិធីអរព្រះគុណព្រះជាម្ចាស់ ជួបជុំគ្នាដើម្បីបង្ហាញថាពិតមែន វត្តមានរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង។
បងប្អូនជាទីស្រឡាញ់ ប្រសិនបើក្នុងលោកនេះ អត់មានព្រះជាម្ចាស់ទេ តើជីវិតយើងនឹងទៅជាយ៉ាងណា? សង្គ្រាម បញ្ហាក្នុងសង្គម ធ្វើឱ្យជីវិតអស់សង្ឃឹម ធ្វើឱ្យជីវិតវេទនា ប៉ុន្តែទោះជាមានបញ្ហាយ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់មិនបោះបង់យើងទេ។ ព្រះវិញ្ញាណដ៏វិសុទ្ធនៅតែបន្តបំភ្លឺដល់សាវ័ក ដល់ព្រះសហគមន៍ទាំងមូល ដែលត្រូវតែធ្វើដំណើរពីមួយថ្ងៃទៅមួយថ្ងៃសព្វថ្ងៃនេះ ដើម្បីបញ្ជាក់ថា ព្រះជាម្ចាស់ដែលបានបង្កើតយើង ដែលបានប្រទានព្រះជន្មថ្មីដ៏រុងរឿងបានគង់ជាមួយយើង បន្តកិច្ចការសកម្មភាពរបស់ព្រះអង្គនៅក្នុងលោកនេះ។
ពេលមនុស្សយើងគិតពីខាងផ្នែកលោកីយ៍ គឺយកទ្រព្យសម្បត្តិ មាសប្រាក់ បុណ្យស័ក្តិ កិត្តិយស ធ្វើជាធំ គឺគេភ្ជាប់ផ្នែកខាងក្រៅរបស់មនុស្ស។ មនុស្សចូលចិត្តធ្វើអ្វីៗដែលបង្ហាញថាខ្លួនជាម្ចាស់ពិភពលោក តែផ្ទុយទៅវិញ មិនមែនជាការពិត ព្រោះអ្វីដែលនាំឱ្យមនុស្សភ្ជាប់នឹងលោកីយ៍នោះ នឹងត្រូវបាត់បង់ នឹងត្រូវស្លាប់ វិនាសហន្តរាយទាំងអស់។ តែមានតែព្រះជាម្ចាស់ទេដែល មានព្រះជន្មគង់នៅ គង់វង្សអស់កាលជានិច្ច ដោយសារព្រះអង្គជាម្ចាស់លើពិភពលោក លើទ្រព្យសម្បត្តិ និងលើអ្វីៗទាំងអស់ដែលមនុស្សត្រូវការ។
ហេតុនេះយើងអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានជីវិត ប្រទានលោកីយ៍ឱ្យយើងធ្វើជាម្ចាស់ មិនមែនលោកីយ៍ធ្វើជាម្ចាស់យើង ប៉ុន្តែឱ្យយើងធ្វើជាម្ចាស់លោកីយ៍ ដែលព្រះជាម្ចាស់ណែនាំយើង បំភ្លឺយើងតាមព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យយើងធ្វើព្រះសហគមន៍មួយ ដែលណែនាំឱ្យមនុស្សលោករស់នៅសុខដុមរមនា ធ្វើឱ្យមនុស្សលោកចេះស្រឡាញ់ ចេះគោរពគ្នា និងចេះជួយគ្នា ថែរក្សាគ្នា ដូចជាអ្វីៗដែលព្រះជាម្ចាស់បានបង្កើត បរិស្ថានក្ដី ប្រជាជនទាំងមូលក្ដី។ ទាំងអស់នេះហើយដែលធ្វើឱ្យយើងឃើញថា ពិតមែនព្រះជាម្ចាស់ជាប្រភពនិងជាម្ចាស់នៃពិភពលោកយើង។ អាម៉ែន៕
