ថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២៥ អត្ថបទគម្ពីរម៉ាថាយ ៩,២៧-៣១អត្ថាធិប្បាយគម្ពីរដោយ៖ លោក បូជាចារ្យ ផាន បូរី
ក្នុងអត្ថបទថ្ងៃនេះមានអ្នកជំងឺម្នាក់ជាអ្នកពិការភ្នែកគាត់ស្រែកឡើងថា៖ «ព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតអាសូរយើងខ្ញុំផង!»។ ពាក្យថា "អាណិតអាសូរ" មានន័យថា គាត់ចង់ឲ្យភ្នែកភ្លឺ គាត់ចង់មើលឃើញបរិយាកាសនៅជុំវិញខ្លួនគាត់ និងបងប្អូនរបស់គាត់ ហើយគាត់ចង់កែប្រែរបៀបរស់នៅក្នុងជីវិតរបស់គាត់។ គាត់មិនចង់ដើរសុំទានគេទេ ផ្ទុយទៅវិញ គាត់ចង់រស់នៅដូចមនុស្សដទៃទៀត។
ហេតុនេះពេលគាត់ឮព្រះនាមរបស់ព្រះយេស៊ូភ្លាមគាត់ក៏ពោលថា «ព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតអាសូរខ្ញុំផង!»។ រួចព្រះយេស៊ូសួរគាត់ថា «តើអ្នកជឿថាខ្ញុំអាចធ្វើឱ្យភ្នែករបស់អ្នកបានភ្លឺដែរឬទេ?» គាត់ឆ្លើយទៅព្រះយេស៊ូវិញថា «ខ្ញុំជឿ!»។
បងប្អូនអើយ! ដោយសារជំនឿ ការប្រកាសជំនឿរបស់គាត់ នាំឱ្យគាត់បានទទួលការសង្គ្រោះ។ ការសង្គ្រោះមិនមែនគ្រាន់តែទទួលខាងរូបកាយ គឺទទួលទាំងផ្លូវវិញ្ញាណរបស់គាត់ផងដែរ។ មនុស្សខ្វាក់ម្នាក់នេះប្រៀបដូចជាមនុស្សម្នាក់ដែលជាប់ជំពាក់បាបកម្ម គ្មានសេរីភាព មើលអ្វីក៏មិនឃើញ ប៉ុន្តែ! ព្រះយេស៊ូបានប្រោសគាត់ឱ្យមានសេរីភាពឡើងវិញ គាត់មានសេរីភាពមើលឃើញទឹកមុខរបស់ឪពុកម្តាយគាត់ គាត់មានសេរីភាពមើលឃើញស្នាព្រះហស្តរបស់ព្រះជាម្ចាស់ដែលនៅជុំវិញខ្លួនគាត់។ គាត់មានសេរីភាពចេញពីអំពើបាបដែលគាត់មាន ហើយធ្វើដំណើររួមជាមួយព្រះយេស៊ូ។
តើយើងម្នាក់ៗប្រៀបដូចជាមនុស្សខ្វាក់ត្រង់ណាខ្លះ? ពេលខ្លះយើងមានភ្នែកល្អ ក៏ប៉ុន្តែបេះដូងរបស់យើងមិនសូវល្អ យើងក៏ដូចជាមនុស្សខ្វាក់ដែរ។ ជួនកាលយើងគ្មានបញ្ញា អត់បានទទួលការអប់រំ យើងចេះតែប្រើអំពើហិង្សានៅក្នុងសង្គម និងក្នុងក្រុមគ្រួសារ។
ប្រសិនបើបងប្អូនចង់ទទួលបានការសង្គ្រោះ ចូរឱ្យយើងម្នាក់ៗស្វែងរកព្រះគ្រីស្តជាព្រះមេស៊ី ដែលនឹងយាងមកជួយបីបាច់ថែរក្សាយើង និងជួយឱ្យជីវិតរបស់យើងមានការផ្លាស់ប្តូរ។ ក្នុងជីវិតរបស់យើង យើងត្រូវការព្រះយេស៊ូ ដើម្បីទទួលការសង្គ្រោះទាំងរូបកាយ និងព្រលឹងវិញ្ញាណ។ ដើម្បីទទួលការសង្គ្រោះបាន លុះត្រាតែយើងមានជំនឿ ជឿលើព្រះយេស៊ូដូចមនុស្សខ្វាក់។
ពិភពលោកយើងពេលខ្លះប្រៀបដូចជាមនុស្សខ្វាក់ដែលរស់នៅក្នុងសេចក្ដីងងឹត មានអំពើហិង្សាច្រើន និងមានភាពលោភលន់ ផ្ទុយទៅវិញសូមឱ្យយើងចេះអត់ទោសឱ្យគ្នាទៅវិញទៅមក ហើយសូមអង្វរព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណរបស់ព្រះអង្គ ដើម្បីឱ្យយើងចេះផ្សះផ្សាគ្នា និងព្យាបាលជំងឺដែលមានក្នុងសង្គម និងក្នុងបុគ្គលម្នាក់ៗ។ សូមឱ្យយើងបានភ្លឺស្វាង និងទទួលការសង្គ្រោះផងដែរ។ អាម៉ែន៕