តើព្រះយេស៊ូបានចាត់សាវ័កដែលមានជំនឿលើទ្រង់ឲ្យទៅបំពេញកិច្ចអ្វីខ្លះ?
បកស្រាយដោយ ៖លោកបូជាចារ្យ ផាន បូរី ពីព្រះសហគមន៍កាតូលិកមណ្ឌលគិរីក្នុងភូមិភាគកំពង់ចាម សម្របសម្រួលដោយឆាក លាំង។
បូ. ផាន បូរី៖ បងប្អូនជាទីស្រលាញ់! ខ្ញុំសុំលើកពីព្រះគម្ពីរសម្ព័ន្ធមេត្រីថ្មី នៅសម័យក្រុមគ្រីស្តទូត ឬក៏សម័យព្រះយេស៊ូ ព្រះអង្គបានត្រាស់ហៅគ្រីស្តទូតទាំង១២នាក់ ដោយទ្រង់បានបង្រៀនអប់រំ និងបានចាត់គេពីរៗនាក់ឲ្យទៅប្រកាសដំណឹងល្អ។
តើព្រះអង្គចាត់គេពីរៗនាក់ឲ្យទៅធ្វើអ្វី? បើសិនបងប្អូនបានអានព្រះគម្ពីរម៉ាថាយ២៨,១៩។ បងប្អូននឹងឃើញថា ព្រះយេស៊ូបានចាត់គ្រីស្តទូតពីរៗនាក់ឲ្យទៅប្រកាសដំណឹងល្អ ហើយត្រូវធ្វើពិធីជ្រមុជទឹកឲ្យគេក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។
កិច្ចការទី១ដែលពួកគេត្រូវធ្វើគឺ ធ្វើពិធីជ្រមុជទឹកឲ្យគេ ត្រង់នេះប្រហែលយើងអាចស្វែងរកចម្លើយជាច្រើនទៀតដោយខ្លួនឯង។ តួនាទីរបស់គ្រីស្តបរិស័ទ តួនាទីយើងជាមនុស្ស គឺធ្វើពិធីជ្រមុជទឹកឲ្យគេ ផ្សព្វផ្សាយអំពីជំនឿរបស់យើងទៅដល់បងប្អូនឯទៀតៗជាពិសេស គឺឲ្យយើងបង្ហាញជំនឿ ឬសក្ខីភាពរបស់យើងទៅដល់បងប្អូនដែលមិនទាន់ជឿលើព្រះយេស៊ូ ព្រះជាម្ចាស់ ឬមិនទាន់ស្គាល់ព្រះសហគមន៍។
ហេតុនេះយើងត្រូវធ្វើពិធីជ្រមុជទឹកឲ្យគេ បង្រៀនគេ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឲ្យគេបានក្លាយទៅជាគ្រីស្តបរិស័ទពេញលក្ខណៈ តួនាទីរបស់គ្រីស្តបរិស័ទ។ បើគេរស់នៅក្នុងសង្គម ត្រូវចេះបង្ហាញភាពយុត្តិធម៌ក្នុងសង្គម ព្រមទាំងបញ្ជាក់ឲ្យបងប្អូនឃើញថា យើងទទួលបានមុខងារពិសេសក្នុងការបង្រៀន ឬក៏បានទទួលបេសកកម្មពិសេសដើម្បីថែរក្សាយុត្តិធម៌ សេរីភាព និងចូលរួមថែរក្សាសន្តិភាពដែលកំពុងតែមាននាពេលបច្ចុប្បន្ន។
ជាពិសេសគឺយើងបានព្យាយាមប្រព្រឹត្តកិច្ចការដែលបានគាប់ព្រះហឫទ័យ ឬតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺឲ្យមានសិទ្ធិស្មើៗគ្នា មិនឲ្យមានអ្នកមានជិះជាន់អ្នកក្រ រស់នៅស្មើភាពគ្នា យើងរួមគ្នានិយាយតែសេចក្តីពិតទៀងត្រង់ក្នុងជីវិត។ រស់នៅឲ្យមានគុណធម៌ មេត្តាករុណា និងចេះជួយអ្នកដទៃ។ បងប្អូនជាទីស្រលាញ់! គ្រីស្តបិរស័ទត្រូវតែរស់នៅឲ្យដូចទឹកដែលអាចពន្លត់ភ្លើងនៅក្នុងសង្គម ឬក៏រស់នៅដូចជាទឹកដែលអាចជ្រាបចូលទៅគ្រប់ច្រកល្ហកគ្រប់ទីកន្លែងនៅក្នុងពិភពលោក។
ហេតុនេះហើយជីវជាតិរបស់យើងជាគ្រីស្តបរិស័ទ គឺជាព្រះបន្ទូលរបស់ព្រះយេស៊ូ ព្រះបន្ទូលព្រះជាម្ចាស់ ដែលយើងបានស្តាប់ ហើយក៏បានព្យាយាមអនុវត្តតាមផងដែរ។ តាមការទូន្មានរបស់ព្រះជាម្ចាស់យើងចេះចែករំលែកធនធាន ចំណេះដឹង ជំនាញផ្សេងៗទៀត...ទៅដល់បងប្អូននៅជុំវិញខ្លូនរបស់យើង។ ជាងនេះទៅទៀត សូមបងប្អូនព្យាយាមអានព្រះគម្ពីរកាឡាទី៥,២២ ដោយសន្តប៉ូលបានណែនាំឲ្យជឿ បង្ហាញក្តីស្រលាញ់ទៅអ្នកដទៃ ចែកសេចក្តីសុខសាន្ត មានចិត្តអត់ធ្មត់ ទៀងត្រង់ និងមានជំនឿកាន់តែរឹងមាំទៅលើព្រះជាម្ចាស់ ដែលជាប្រភពនៃជីវិតរបស់មនុស្សលោកយើងនាពេលសព្វថ្ងៃនេះ។ ជាពិសេសគឺយើងត្រូវតែធ្វើតាមវិន័យរបស់ព្រះយេស៊ូ។ នេះហើយគឺជាកិច្ចការដែលព្រះអង្គចង់ឲ្យយើងធ្វើ និងអនុវត្តជាប្រចាំក្នុងជីវិត៕
ដោយ ឆាក លាំង