Little Library បន្តយុទ្ធនាការ «Building Bridges Through Book» ដើម្បីគាំទ្រការអានកុមារកម្ពុជា
Little Library បង្កើតយុទ្ធនាការ“Building Bridges Through Book” ដើម្បីគាំទ្រការអានកុមារកម្ពុជា ដោយធ្វើការរៃអង្គាសថវិកាពីសប្បុរសជន ដើម្បីទិញសម្ភារៈសិក្សា និងសៀវភៅមួយចំនួនសម្រាប់កុមារកម្ពុជាដែលនៅខេត្តគោលដៅមួយចំនួន។
បើតាម កញ្ញា លុយ វាសនា ដែលជាប្រធានគម្រោងនៃ Little Library បានឱ្យដឹងថា Little Library បង្កើតយុទ្ធនាការនេះឡើងក្នុងគោលបំណងចូលរួមចំណែកការអភិវឌ្ឍសមត្ថភាពកុមារកម្ពុជា តាមរយៈការប្រើប្រាស់ថវិកាដែលទទួលបានទិញជាសម្ភារៈសិក្សា និងសៀវភៅ សម្រាប់សិស្សដែលនៅតំបន់មួយចំនួនក្នុងទីតាំងគោលដៅ។
កញ្ញា វាសនា បានបន្តទៀតថា យុទ្ធនាការ នេះ នឹងត្រូវបានធ្វើឡើងលើគេហទំព័រ KhmerCare ដែលសប្បុរសជនអាចបរិច្ចាគ និងមើលចំនួនទឹកប្រាក់ដែលទទួលបាន ធៀបនឹងទឹកប្រាក់គោលដៅដែលគម្រោងត្រូវការ។ យុទ្ធនាការនេះត្រូវបានរំពឹងថានឹងទទួលបានទឹកប្រាក់ចំនួន១០០០ ដុល្លារអាម៉េរិក ដែលបន្តបើកទទួកពីពេលនេះ រហូតដល់ខែធ្នូ ឆ្នាំ២០២៤។
បើគិតត្រឹមខែ ឧសភា ឆ្នាំ២០២៤ Little Library បានចុះទៅកាន់ខេត្តគោលដៅបានប្រមាណ ២១ ខេត្ត និងបានកសាងបណ្ណាល័យតូចចំនួន ៩១ ទីតាំងផ្សេងៗគ្នានៅក្នុងសាលារៀន និងអង្គការមួយចំនួនក្នុងប្រទេសកម្ពុជា។ តាមរយៈការចុះទៅកាន់ទីតាំងទាំងនោះ ក្រុមការងារ Little Library បានសង្កេតឃើញថាកុមារកម្ពុជាជាច្រើននៅតែមានកង្វះសៀវភៅសម្រាប់អាន និងសិក្សារៀនសូត្រ ដែលជាហេតុ Little Library នៅតែបន្តធ្វើសកម្មភាពផ្សេងៗដើម្បីអាចបន្តបេសកកម្មវែងឆ្ងាយសម្រាប់ការអាននៅកម្ពុជា ។