ស៊ុន ហឺងមីន កីឡាករបាល់ទាត់កូរ៉េខាងត្បូងដ៏ឆ្នើម

ស៊ុន ហឺងមីន កើតនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩២ នៅទីក្រុងជុនឈុន ប្រទេសកូរ៉េខាងត្បូង។ លោកគឺជាអ្នកបាល់ទាត់អន្តរជាតិរបស់កូរ៉េខាងត្បូង។ លោកលេងនៅទីតាំងស្លាបឆ្វេង ឲ្យក្លិប ឡូស អេនជឺឡេស អេហ្វស៊ី នៅសហរដ្ឋអាម៉េរិក។

លោកស៊ុន ហឺងមីន កើតនៅក្នុងគ្រួសារអ្នកលេងបាល់ទាត់។ បងប្រុសរបស់លោកកើត​នៅ​ឆ្នាំ១៩៨៨ លេងនៅអាឡឺម៉ង់ មុននឹងក្លាយជាគ្រូបង្វឹកបន្ទាប់ពីរងរបួស។ ឪពុក​របស់​លោក ស៊ុន វុង ជុង គឺជាអតីតអ្នកបាល់ទាត់និងក្លាយជាគ្រួបង្វឹក។

លោកស៊ុន ហឺងមីន ចាប់ផ្តើមលេងបាល់ទាត់នៅឆ្នាំ២០០២ ដូចជាយុវជនកូរ៉េខាងត្បូង​ជា​ច្រើន​ដែរ បន្ទាប់ពីការការចេញដំណើរដ៏អស្ចារ្យរបស់កូរ៉េខាងត្បូងចូលលេងបាល់ទាត់​ពាន​រង្វាន់ពិភពលោកឆ្នាំ២០០២។

លោកស៊ុន ហឺងមីនបានទទួលការបណ្តុះបណ្តាលលេងក្នុងក្លិបនៅកណ្តាលក្រុងសេអ៊ូល គឺ​ក្លឹប កីឡា សេអ៊ូល ឌុនឌី។

នៅអាយុ ១៦ឆ្នាំ លោកស៊ុន ហឺងមីន បានចាកចេញពីកូរ៉េខាងត្បូង និងចូលរួមមជ្ឈមណ្ឌល​បណ្តុះបណ្តាលបាល់ទាត់ ហាមបួហ្គ៍ អេសវី នៅប្រទេសអាឡឺម៉ង់។ នៅខែកក្កដា ឆ្នាំ២០១០ លោក​បាន​ធ្វើ​ការចាប់ផ្តើមលេងដំបូង​ជាមួយក្រុមអាជីប និងចុះហត្ថលេខាកុងត្រារយៈពេល ២ឆ្នាំ នៅអំឡុងខួបអាយុ ១៨ឆ្នាំ។

មិនដល់អាយុ ១៧ឆ្នាំ លោកបានចួលរួមលេងពានរង្វាន់អាស៊ីសម្រាប់យុវជនក្រោម​អាយុ ១៦ឆ្នាំ នៅឆ្នាំ២០០៨។ នៅអំឡុងពេលលេង លោកបានស៊ុតបញ្ចូលទី ៤គ្រាប់។ ប្រទេស​កូរ៉េខាងត្បូង ឡើងប្រកួតវគ្គផ្តាច់ព្រ័ត្យជាមួយអ៊ីរ៉ង់ ដោយឈ្នះអ៊ីរ៉ង់ ២-១។

នៅឆ្នាំបន្ទាប់ លោកស៊ុន ហឺងមីន បានចួលរួមលេងនៅពានរង្វាន់ពិភពលោកសម្រាប់យុវជន​ក្រោមអាយុ ១៧ឆ្នាំ នៅឆ្នាំ២០០៩ ដែលរៀបចំឡើងនៅប្រទេសនីហ្សេរីយ៉ា។

បន្ទាប់មក លោកបានចូលរួម នៅឆ្នាំ២០១៨ នៅកីឡា អាស៊ី ដែលបានប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។ លោកស៊ុន ហឺងមីនគឺជាអ្នកលេងគន្លឹះឲ្យក្រុម ជាមួយនឹងការស៊ុត​បញ្ចូល​ទី​យ៉ាង​ច្បាស់ និងការបោះបាល់ឲ្យកីឡាករផ្សេងៗបានយ៉ាងល្អ។ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ក្រុម​លោក​ស៊ុន ហឺងមីន បានឈ្នះពានរង្វាន់នេះ​ដោយឈ្នះជប៉ុននៅវគ្គផ្តាច់ព្រ័ត្យ។  

លោកស៊ុន ហឺងមីន មានឈ្មោះល្បីដោយសារតែជំនាញបច្ចេកទេសរបស់លោក ទាំងការ​ប្រើ​ជើង​​ស្ដាំ និងជើងឆ្វេង ដោយលោកលេងជាចម្បងក្នុងតួនាទីជាអ្នកលេងស្លាបឆ្វេង។ ភាព​ចម្រុះ​​នៃសមត្ថភាពរបស់លោក អនុញ្ញាតឲ្យលោកអាចលេងនៅស្លាបខាងស្ដាំបានដែរ។ លោក​​ក៏​អាច​ចូលទៅលេងនៅកណ្តាលទីលាន ជាអ្នកប្រយុទ្ធ ឬ​លេងជាអ្នកប្រយុទ្ធ​គាំទ្រ។ ទោះជាយ៉ាងណា លោក​ក៏​អាចលេងនៅតំណែងជាកីឡាករ​បម្រើការប្រយុទ្ធ​កណ្ដាល​ផង​ដែរ។

សមត្ថភាពរបស់លោកក្នុងការធ្វើចលនា អាចធ្វើឲ្យលោកដាក់ខ្លួនឯងនៅចន្លោះកីឡាករខ្សែ​ការពារ​គូប្រជែង ដែលអាចបើកចន្លោះឲ្យមិត្តរួមក្រុម ឬសម្រាប់បង្កើតឱកាសឲ្យខ្លួនឯង ហើយ ធ្វើឲ្យលោកក្លាយជាអ្នកប្រយុទ្ធដ៏គួរឲ្យកោតសរសើរ និងបង្ក​ភាពលំបាកក៏ធំសម្រាប់​កីឡាករ​ខ្សែការពារគូប្រកួត។

ក្រៅពីរត់បានលឿន មិនថា ជាមួយបាល់ ឬគ្មានបាល់ក៏ដោយ និងមានថាមពល​កម្លាំង​តស៊ូ​បានយូរ លោកស៊ុន ហឺងមីន អាចលេងមានប្រសិទ្ធភាពពេញមួយប្រកួត។ លោកក្លាយជា​កីឡាករ​ដ៏​មាន​ប្រសិទ្ធភាពក្នុងការប្រយុទ្ធវាយបក។

លោកស៊ុន ហឺងមីន ក៏ជាអ្នកចែកបាល់ដ៏ល្អ ហើយមិនស្ទាក់ស្ទើរក្នុងការលេងជាក្រុម ដោយ​ព្យាយាមផ្តល់ដំណោះស្រាយជាអតិបរិមាឲ្យមិត្តរួមក្រុម។ លោកស៊ុន ហឺងមីន ក៏​ជាអ្នក​វាយ​ប្រហារដ៏ឆ្នើមផងដែរ ដោយសារលោកមានជំនាញទាត់បាល់ពីចម្ងាយ ដែលធ្វើឲ្យអ្នកចាំ​ទីគូ​ប្រកួត​ពិបាកចាប់បាន។

 

 

Daily Program

Livesteam thumbnail