ស៊ីរុស ឌឹ ហ្គ្រេត ស្តេចនៃចក្រភពបុរាណធំដំបូងនៃតំបន់ឈូងសមុទ្រពែរ្ស៍

មហារាជស៊ីរុស ទី២ ឬអធិរាជ ស៊ីរុស ឌឹ ហ្គ្រេត គឺជាស្តេចពែរ្ស៍ ដែលសោយរាជ្យនៅរវាងឆ្នាំ ៥៥៩ ដល់ ៥៣០ មុនគ្រិស្តសករាជ។ ព្រះអង្គគឺជាស្ថាបនិកនៃចក្រភព ពែរ្ស៍ អាជេម៉េនីដ ដែល​​ជាចក្រភពទី១ នៃតំបន់ឈូងសមុទ្រ។

រាជ្យរបស់អធិរាជស៊ីរុស ឌឹ ហ្គ្រេត ត្រូវបានកត់សម្គាល់ដោយការច្បាំង​ដណ្តើមទឹកដីក្នុងទ្រង់​ទ្រាយ​ធំដែលមិនដែលធ្លាប់មានពី​មុន។ បន្ទាប់ពីបានធ្វើឲ្យជនជាតិម៉ែដចុះចាញ់ ព្រះអង្គ​បាន​​ដណ្តើមយករាជាណាចក្រលីឌី និងបន្តទៅគ្រប់គ្រង បុរីក្រិក អ៊ីយ៉ូនី ព្រមទាំង​ចក្រភព​បាប៊ីឡូនថ្មី ដែលរួមមាន តំបន់ម៉េសូប៉ូតាមី ស៊ីរី បុរីហ្វ៉េនីស៊ី និងហ្ស៊ូឌេ ផងដែរ។ អធិរាជស៊ីរុស ឌឹ ហ្គ្រេត បានសោយទីវង្គត់នៅអំឡុងយុទ្ធនាការយោធាប្រឆាំងនឹងជនជាតិម៉ាសាហ្សេត នៅ​តំបន់អាស៊ី​កណ្តាល។

ការសោយរាជ្យរបស់អធិរាជ ស៊ីរុស ឌឹ ហ្គ្រេត កត់សម្គាល់នូវរបត់ប្រវត្តិសាស្រ្តនៃ​ពិភពលោក​បុរាណ ដោយសារនេះគឺជាកំណត់ចំណាំ​នៃការបញ្ចប់យុគសម័យនៃ​រាជាណាចក្រ​​ម៉េសូប៉ូណាមី​ធំៗ និងដំណាក់កាលថ្មីនៃការស្ថាបនា​ចក្រភពពហុជាតិធំៗ។

អធិរាជស៊ីរុស ឌឹ ហ្គ្រេត គឺជា​បុគ្គល​ដែលមានរូបភាពដ៏សំខាន់​នៅក្នុង​ពិភពលោក​បុរាណ។ ជនជាតិ​ក្រិក​បានស្គាល់ព្រះអង្គជាស្តេចចក្រពត្តិដ៏ល្បីល្បាញ និងជាគំរូ​នៃ​ស្តេច​ដែលមាន​គតិ​បណ្ឌិត ដែលមានទឹកចិត្តមេត្តាករុណាចំពោះអ្នកចាញ់។ នៅក្នុងព្រះ​គម្ពីរ​​ហេប្រ៊ឺ ក៏មានការ​លើក​តម្កើងព្រះអង្គជាគំរូ ដោយប្រសិទ្ធថា ព្រះអង្គបានសម្រេច​ឲ្យ​ជនជាតិ​ជ្វីហ្វ ត្រឡប់ទៅ​តំបន់​ហ្ស៊ូដេ ដើម្បីស្ថាបនាព្រះវិហារហ្សេរូសាឡឹមឡើងវិញ។   ​ចំណែកនៅប្រទេសអ៊ីរ៉ង់ អធិរាជ​ស៊ីរុស ឌឹ ហ្គ្រេត ត្រូវបានចាត់ទុកថាជាតួអង្គស្ថាបនិក​ដ៏​សំខាន់​មួយរូប នៅក្នុង​ប្រវត្តិសាស្ត្រ​ជាតិ។

យោងតាមហេរ៉ូដូត អ្នកប្រវត្តិសាស្រ្តក្រិកបុរាណ បានឲ្យដឹងថា ស៊ីរុស ឌឹ ហ្គ្រេត បានកើត​ក្នុង​គ្រួសារ​មួយនៃកុលសម្ព័ន្ធ អាជេម៉េនីដ និងជាផ្នែកមួយនៃជនជាតិពែរ្ស៍ ប៉ាសាហ្គាដ។ ព្រះអង្គ​ត្រូវ​បានចាត់ទុកថាជាសាច់ឈាមដ៏ឆ្នើមបំផុតនៃកុលសម្ព័ន្ធនោះ។

យោងតាមប្រភពពីបាប៊ីឡូន ព្រឹត្តិការណ៍យោធាទី១ ដ៏ល្បីល្បាញរបស់អធិរាជស៊ីរុស ឌឹ ហ្គ្រេត គឺជ័យជម្នះរបស់ព្រះអង្គទល់នឹងជនជាតិម៉ែដ ដែលដឹកនាំដោយស្តេច អាស្ទីយ៉ាហ្ស៍។ ការប្រទុស្តរាយជាមួយនគរបាប៊ីឡូនថ្មី បានចាប់ផ្តើមនៅក្នុងទសវត្សឆ្នាំ៥៤០ ប៉ុន្តែ​ប្រភពនានា​បាន​លើកឡើង​តែប៉ុន្មានថ្ងៃចុងក្រោយនៃសង្រ្គាម។ ទាហាន​របស់​អធិរាជ​​ស៊ីរុស ឌឹ ហ្គ្រេត បាន​ទទួលជ័យជម្នះដំបូង​នៅទីក្រុងអូពីស នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ៥៣៩ បន្ទាប់​មកនៅ​ទីក្រុង ស៊ីប៉ា ដែលធ្វើឲ្យស្តេចណាបូនីដភៀសខ្លួន ចុងក្រោយ ទីក្រុង​បាប៊ីឡូន​ត្រូវ​បាន​ឡោមព័ទ្ធ​​ និងត្រូវបានដួលរលំ។

បណ្តាឆ្នាំចុងក្រោយនៃជីវិតអធិរាជស៊ីរុស ឌឹ ហ្គ្រេត មិនត្រូវបានគេដឹងច្រើនទេ ប្រហែលជា​ព្រះ​អង្គ តែងរិះគិតដើម្បីបន្តការឈ្នះនៅភាគខាងលិច ដោយវាយប្រហារលើប្រទេសអេហ្ស៊ីប ដែល​​ជារាជាណាចក្រ​ធំចុងក្រោយ ដែលនៅតែប្រឈមមុខនឹងព្រះអង្គ។ ប៉ុន្តែព្រះអង្គត្រូវ​បាន​ទាញចូលទៅក្នុងស្ថានភាពអស្ថិរភាពនៅតំបន់អាស៊ីកណ្ដាល ដែល​ព្រះអង្គត្រូវដឹកនាំ​យុទ្ធនាការ​​យោធាដោយផ្ទាល់នៅក្នុងឆ្នាំ៥៣០ មុនគ្រិស្តរាជ។ អ្នកប្រវត្តិវិទូ ហេរ៉ូដូត បាន​រៀបរាប់ទៀត​ថា អធិរាជស៊ីរុស ត្រូវបានប្រហារនៅក្នុងសមរភូមិប្រឆាំងនឹងរាជនានីតូមីរីស នៃ​ជនជាតិម៉ាសាហ្សេត នៅលើទន្លេអូហ្ស៊ូស ដែល សព្វថ្ងៃគេហៅថាទន្លេ អាមូ ដារីយ៉ា។

អធិរាជស៊ីរុស ឌឹ ហ្គ្រេត គឺជាព្រះមហាក្សត្រម្នាក់ ដែលមានសេចក្តីថ្លែងវិជ្ជមាន​ច្រើន​ចំពោះ​ព្រះ​អង្គ ចាប់តាំងពីព្រះនៅមានព្រះជន្មរហូតដល់សោយទីវង្គត ហើយរូបភាពទាំង​នេះ ត្រូវ​បាន​បន្តរក្សាទុករហូតមកដល់សព្វថ្ងៃ។ នៅប្រទេសអ៊ីរ៉ង់ សម័យទំនើប អធិរាជស៊ីរុស ឌឹ ហ្គ្រេត ត្រូវបានមើលឃើញ​ជាបុគ្គល​ដ៏​មានកិត្តិសព្ទ​នៃ​ប្រវត្តិសាស្រ្ត​​ជាតិ មិនថា នយោបាយ​ប្រទេស​នេះ មានសភាពបែបណាក៏ដោយ៕

 

Daily Program

Livesteam thumbnail