សាច់ក្រពើឡើងកូដលើទីផ្សារ ខណៈអ្នកចិញ្ចឹមសម្រក់ទឹកភ្នែកព្រោះតម្លៃធ្លាក់ចុះ
នាពេលបច្ចុប្បន្ននេះ មុខម្ហូបសាច់ក្រពើកំពុងតែទទួលបានការពេញនិយម និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។ គេសង្កេតឃើញមានការដាក់លក់សាច់សត្វប្រភេទនេះយ៉ាងទូលំទូលាយ ចាប់តាំងពីការបង្ហោះលក់នៅលើបណ្តាញសង្គម ការដឹកតាមម៉ូតូចល័ត រហូតដល់មានការដាក់តាំងលក់នៅតាមដងផ្លូវនានានៅជាយរាជធានីភ្នំពេញផងដែរ។ មូលហេតុចម្បងដែលរុញច្រានឱ្យសាច់ក្រពើមានវត្តមានព្រោងព្រាតនៅលើទីផ្សារបែបនេះ គឺដោយសារតែវិបត្តិធ្លាក់ចុះដុនដាបនៃទីផ្សារស្បែកក្រពើ និងការនាំចេញ។
ពាក់ព័ន្ធនឹងស្ថានភាពទីផ្សារនេះ អាជីវករលក់សាច់ក្រពើបានលើកឡើងថា មូលហេតុដែលសាច់ក្រពើមានការពេញនិយមខ្លាំង គឺដោយសារតែវាមានតម្លៃថោកជាងសាច់សត្វផ្សេងៗទៀតនៅលើទីផ្សារ ដោយសាច់ក្រពើស្រស់មួយគីឡូក្រាមមានតម្លៃត្រឹមតែ ៦ ដុល្លារ ឬប្រមាណ ២៤,០០០ រៀលប៉ុណ្ណោះ។ អ្នកនាង អាន ភីរ៉ាឌី ដែលជាអ្នកលក់សាច់ក្រពើស្រស់ និងសាច់ក្រពើងៀតតាមបណ្តាញសង្គមម្នាក់ បានប្រាប់ថា ដើមឡើយអ្នកនាងសម្រេចចិត្តចាប់យករបរនេះ ព្រោះមិនទាន់មានអ្នកលក់នៅលើទីផ្សារទូទៅឡើយ ស្របពេលដែលពលរដ្ឋហាក់មានការចាប់អារម្មណ៍ខ្លាំងព្រោះតម្លៃធូរថ្លៃ។
អ្នកនាងបានបន្តថា សាច់ក្រពើដែលអ្នកនាងលក់ គឺកាប់លក់ខ្លួនឯងផ្ទាល់ ដោយសារមានអាងចិញ្ចឹមផ្ទាល់ខ្លួនស្ថិតនៅក្នុងខេត្តសៀមរាប។ សម្រាប់ការបញ្ជាទិញ អ្នកនាងអាចវេចខ្ចប់និងដឹកជញ្ជូនបានគ្រប់ខេត្ត រាជធានី ឱ្យតែមានការកុម្ម៉ង់ ហើយសម្រាប់សាច់ក្រពើងៀតវិញ គឺមានតម្លៃ ៦០,០០០ រៀលក្នុងមួយគីឡូក្រាម។
ចំណែកឯ លោក ឯម វណ្ណៈ អាជីវករលក់សាច់ក្រពើម្នាក់ទៀត ក៏បានឱ្យដឹងដែរថា ក្រពើដែលលោកយកមកកាប់សាច់លក់សព្វថ្ងៃ គឺនាំមកពីខេត្តសៀមរាប។ លោកបានបន្តថា ប្រសិនបើអតិថិជនចង់ទិញក្រពើរស់ទាំងមូល គឺគិតតម្លៃ ២៥,០០០ រៀលក្នុងមួយគីឡូក្រាម ដោយថ្លឹងគិតលុយតាមទម្ងន់ជាក់ស្តែង ដែលក្រពើមួយក្បាលៗមានទម្ងន់ចន្លោះពី ២ ទៅ ៥ គីឡូក្រាម។ នៅក្នុងមួយថ្ងៃៗ លោកអាចលក់ក្រពើសាច់ស្រស់ដាច់បានចន្លោះពី ៤០ ទៅ ៥០ គីឡូក្រាម។
ទោះបីជាមើលទៅឃើញមានចលនាទិញដូរយ៉ាងរស់រវើក ប៉ុន្តែនៅពីក្រោយតម្លៃដ៏ធូរថ្លៃនេះ គឺជារឿងរ៉ាវដ៏ជូរចត់របស់អ្នកចិញ្ចឹមក្រពើ។ លោក ឯម វណ្ណៈ ដែលជាអ្នកធ្លាប់មានបទពិសោធន៍ចិញ្ចឹមក្រពើអស់រយៈពេល ៣០ ឆ្នាំនៅក្រុងភ្នំពេញ បានទម្លាយឱ្យដឹងថា ការលក់សាច់ក្រពើក្នុងតម្លៃប្រមាណ ២ ម៉ឺនរៀលក្នុងមួយគីឡូក្រាមនេះ គឺខាតបង់ច្រើនណាស់។ ប៉ុន្តែបើទោះជាដឹងថាខាត ក៏អ្នកចិញ្ចឹមនៅតែបង្ខំចិត្តកាប់លក់ដែរ ព្រោះបើទុកយូរឆ្នាំទៅមុខទៀត វារឹតតែខាតបង់ថ្លៃចំណីទ្វេដង។
លោកបានរំលឹកថា កាលពីមុនពេលមានវិបត្តិ មេក្រពើមួយក្បាលទម្ងន់ ៤០ គីឡូក្រាម អាចលក់បានថ្លៃពី ២០០ ទៅ ៣០០ ដុល្លារ ហើយសាច់ក្រពើមានតម្លៃរហូតដល់ ១៥ ទៅ ២០ ដុល្លារក្នុងមួយគីឡូក្រាម ព្រមទាំងស្បែកក្រពើដែលជាប្រភពចំណូលចម្ងង គឺអាចលក់បានរហូតដល់ ៣០ ដុល្លារក្នុងមួយតឹក។ ប៉ុន្តែមកដល់សព្វថ្ងៃនេះ មេក្រពើមួយក្បាលលក់បានថ្លៃត្រឹមតែ ២០ ដុល្លារប៉ុណ្ណោះ។
លោកបានពន្យល់បន្ថែមថា ទីផ្សារក្រពើនៅកម្ពុជាបានចាប់ផ្តើមធ្លាក់ចុះសន្សឹមៗតាំងពីមុនពេលមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ម៉្លេះ។ លុះពេលវិបត្តិកូវីដ-១៩ រីករាលដាលខ្លាំង ទីផ្សារនាំចេញកូនក្រពើ និងស្បែកក្រពើទៅកាន់ប្រទេសចិន និងវៀតណាម ត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុង។ ជាធម្មតា ក្រពើត្រូវចំណាយពេលចិញ្ចឹមរហូតដល់ ៣ ឆ្នាំ ទើបបានសាច់ទម្ងន់ ១៦ គីឡូក្រាម។ កាលពីមុន អ្នកចិញ្ចឹមមិនសូវរវីរវល់នឹងការលក់សាច់នោះទេ ព្រោះផ្ដោតលើការលក់កូន និងលក់ស្បែក ប៉ុន្តែនៅពេលច្រកនាំចេញត្រូវជួបឧបសគ្គ ជម្រើសចុងក្រោយគឺមានតែការកាប់សាច់លក់ក្នុងស្រុកដើម្បីទប់ទល់ថ្លៃដើម។
ទោះបីជាសាច់ក្រពើមានតម្លៃធូរថ្លៃ និងមានការគាំទ្រច្រើនពីពលរដ្ឋមួយចំនួនក៏ដោយ ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋខ្លះទៀតនៅមិនទាន់ហ៊ានបរិភោគនៅឡើយ ដោយសារពួកគាត់ហាក់មានការញញើត និងយល់ឃើញថា ក្រពើជាសត្វសាហាវ និងស៊ីសាច់សត្វដទៃជាអាហារ។ ជុំវិញការបារម្ភនេះ ក្រុមអាជីវករលក់សាច់ក្រពើបានពន្យល់ណែនាំថា ក្រពើទាំងនេះសុទ្ធសឹងតែជាក្រពើដែលចិញ្ចឹមនៅក្នុងកសិដ្ឋានក្នុងស្រុក មានការថែទាំ និងផ្តល់ចំណីអាហារត្រឹមត្រូវតាមបច្ចេកទេស មិនមែនជាក្រពើព្រៃឡើយ ដូច្នេះវាគ្មានអ្វីដែលត្រូវគួរឱ្យខ្លាចរអាក្នុងការបរិភោគនោះទេ។
ជាមួយគ្នានេះ អាជីវករក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរងាកមកសាកល្បងបរិភោគសាច់ក្រពើ ដើម្បីដឹងពីរសជាតិដ៏ឆ្ងាញ់ប្លែកផង និងដើម្បីចូលរួមចំណែកជួយគាំទ្រ ក៏ដូចជាលើកស្ទួយដល់វិស័យចិញ្ចឹមក្រពើនៅក្នុងស្រុក ដែលកំពុងជួបវិបត្តិទីផ្សារឱ្យមានដង្ហើមរស់ឡើងវិញផងដែរ៕