ល្វីសទី៩ ស្តេចដែលស្រឡាញ់យុត្តិធម៌ និងសន្តិភាព
ល្វីសទី៩ គឺជាស្តេចបារាំងនៃរាជ្យវង្សកាពេត្យៀង។ ព្រះអង្គប្រសូតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១២១៤ នៅភូមិព័រស៊ី នៅតំបន់ប៉ារីសសព្វថ្ងៃ។ ព្រះអង្គគឺជាកូនទី២នៃស្តេចល្វីសទី៨ ដែលហៅថា ស្តេចតោ និងម្ចាស់ក្សត្រី ប្លង់ ដឺ កាស្ទីល។
ស្តេចល្វីសទី៩ ដឹកនាំរាជ្យដោយយកលំនាំតាមតម្លៃនៃគ្រិស្តសាសនា ដែលចូលរួមចំណែកស្ថាបនាគំនិតដែលថា អំណាចខាងដួងព្រលឹង និងនយោបាយ អាចត្រូវបានសណ្ឋិតនៅលើបុគ្គលម្នាក់។ ព្រះអង្គបានបន្ថយអំណាចហួសហេតុនៃរបបសក្តិភូមិដើម្បីជាគុណប្រយោជន៍ដល់ផលប្រយោជន៍រួម និងអភិវឌ្ឍយុត្តិធម៌រាជ្យវង្ស ឬដែលព្រះរាជាត្រូវលេចឡើងជាចៅក្រមកំពូល។ តាមរបៀបនេះ ព្រះអង្គបានធ្វើឲ្យបារាំងរីកចម្រើនពីរាជានិយមបែបសក្តិភូមិ ទៅជារាជានិយមបែបទំនើប ហើយមិនពឹងផ្អែកតែទៅការប្រើប្រាស់អំណាចផ្ទាល់របស់ស្តេចទៅលើស្តេចត្រាញ់ និងដែនដីចំណុះ តែក៏ប្រើអំណាចស្តេចក្នុងនាមជាប្រមុខរដ្ឋជាមួយនិងប្រជាជនរបស់ទ្រង់។
ស្តេចល្វីសទី៩ គឺជាព្រះមហាក្សត្រកំណែទម្រង់ដ៏មានប្រសិទ្ធភាព និងបានទុកជាមរតកនូវរាជាណាចក្រមួយ ដែលប្រជាជននឹងស្ថិតនៅក្រោមអំណាចយុត្តិធម៌។ ព្រះអង្គបញ្ជាឲ្យមានការបន្ថយការប្រើទារុណកម្ម ហាមឃាត់ការសងសឹកផ្ទាល់ខ្លួន ហើយបានអនុញ្ញាតឲ្យប្រជារាស្ត្រអាចដាក់ពាក្យបណ្តឹងទៅកាន់ព្រះមហាក្សត្រ ដើម្បីកែប្រែការផ្តន្ទាទោស។ កិត្តិសព្ទរបស់ទ្រង់បានឆ្លងហួសពីព្រំដែននៃរាជាណាចក្រ ហើយភាពយុត្តិធម៌ជាអ្នកកាត់ក្តីរបស់ទ្រង់ក៏ត្រូវបានស្នើសុំឲ្យធ្វើដោយរាជាណាចក្រផ្សេងៗនៅអឺរ៉ុបផងដែរ។ ព្រះអង្គក៏បានបង្កើតរូបិយបណ្ណតែមួយសម្រាប់រាជាណាចក្រ ហើយក្លាយជាអ្នកចាប់ផ្តើមបង្កើតស្ថាបននានា ដែលក្រោយមក បានក្លាយជាព្រឹទ្ធសភា ឬតុលាការត្រួតពិនិត្យគណនេយ្យ។
ដោយមានសេចក្តីស្រឡាញ់សាសនា និងជំនឿយ៉ាងខ្លាំង ទ្រង់បានសាងសង់ព្រះវិហារ និងមណ្ឌលសប្បុរសជាច្រើន ដែលបានជួយសង្រ្គោះដល់ប្រជារាស្រ្តទន់ខ្សោយ។
ស្របតាមសេចក្តីសន្យារបស់ទ្រង់ ដែលបានប្រកាស បន្ទាប់ពីជំងឺធ្ងន់ធ្ងរ និងត្រូវបានព្យាបាលជាឡើងវិញ ឬត្រូវបានហៅថា ជាការអស្ចារ្យ ស្តេចល្វីសទី៩ បានចេញដំណើរទៅប្រយុទ្ធជាមួយបងប្អូនរបស់ទ្រង់ មានព្រះអម្ចាស់ រ៉ូប៊ែរ ដាកស្ត័រ ព្រះអង្គម្ចាស់ អាល់ហ្វូន ដឺ ព័រត្យេ និងព្រះអង្គម្ចាស់ ស្ហ៉ាល៍ ដង់ហ្ស៊ូ នៅឯប្រទេសអេហ្ស៊ីប ក្នុងសង្គ្រាមសាសនាលើកទី៧។ នៅពេលត្រឡប់មកវិញ ព្រះអង្គមានការជឿជាក់ថា ការបរាជ័យរបស់ទ្រង់មានមូលហេតុមកពីស្ថានភាពអសីលធម៌ក្នុងរាជាណាចក្រ ដូច្នេះព្រះអង្គបានខិតខំកែលម្អអំណាចរបស់ខ្លួន និងស្តារឡើងវិញនូវសីលធម៌របស់គ្រិស្តសាសនានិក។
សព្វថ្ងៃនេះ ស្តេចល្វីសទី៩ ត្រូវបានចាត់ទុកជាស្តេចដែលបានផ្តល់ឲ្យប្រទេសបារាំងនូវសេដ្ឋកិច្ចថ្មី បញ្ញាជន និងសិល្បៈ ជាច្រើន។
ក្នុងនាមជាស្តេចគ្រិស្តសាសនិក ស្តេចល្វីសទី៩ ធ្វើឲ្យប្រជារាស្រ្តមានការគោរពតាមគោលគំនិតសំខាន់ពីរ ដែលគេជឿថា នឹងនាំមកនូវសេចក្តីសង្គ្រោះអស់កល្បជានិច្ច ទាំងសម្រាប់ទ្រង់ និងសម្រាប់ប្រជាជនរបស់ទ្រង់ នោះគឺ យុត្តិធម៌មកជាលើកដំបូង បន្ទាប់មកគឺសន្តិភាព។ ស្តេចល្វីសទី៩ ចង់បង្ហាញខ្លួនឲ្យមានរូបភាព ដូចជា ព្រះមហាក្សត្រសាឡូម៉ុង។ ដូច្នេះព្រះអង្គបានខិតខំធ្វើឲ្យសន្តិភាពកើតមានក្នុងកិច្ចការដែលទ្រង់ពាក់ព័ន្ធ និងព្យាយាមលុបបំបាត់ជម្លោះ។ កេរ្តិ៍ឈ្មោះរបស់ទ្រង់ បានធ្វើឲ្យទ្រង់ក្លាយជាជម្រើសសំខាន់សម្រាប់គូប្រជែងនានាដែលកំពុងស្វែងរកអាជ្ញាកណ្តាលសម្រុះសម្រួល ហើយសកម្មភាពរបស់ទ្រង់បានពង្រីកនៅទូទាំងពិភពគ្រិស្តសាសនា ដែលដូច្នេះព្រះអង្គនឹងក្លាយជាអ្នកបង្កើតសន្តិភាព។
នៅឆ្នាំ១២៧០ ស្តេចល្វីសទី៩ បានចេញដំណើរទៅទុយនេស៊ី សម្រាប់សង្រ្គាមសាសនាលើកទី៨ ដែលជាពេលព្រះអង្គបានចូលទីវង្គត់ដោយជំងឺ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ១២៧០ នៅទីក្រុងកាកថាហ្ស៍ ជិតទីក្រុងទូនីស ប្រទេសទុយនេស៊ីសព្វថ្ងៃ។