លោកអេបេណេហ្ស៉ឺ ខូប ម័រលៃ បិតានៃបាល់ទាត់សម័យទំនើប

លោកអេបេណេហ្ស៉ឺ ខូប ម័រលៃ កើតនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៨៣១ នៅទីក្រុងហ៊ូល ភាគ ខាងកើតនៃប្រទេសអង់គ្លេស។ លោកទទួលមរណភាពនៅសង្កាត់ បាន រាជធានីឡុងដ្រ៍។ លោក​​ត្រូវបានចាត់ទុកជាបិតាមួយរូបនៃសហព័ន្ធបាល់ទាត់អង់គ្លេស និងជាបិតា​បាល់ទាត់​សម័យ​​ទំនើប។

ជាកូនប្រុសរបស់លោកអេបេណេហ្ស៉ឺ ម័រលៃ និងលោកស្រី ហានណា ខូប លោក​កើត​​នៅ​ទីក្រុង​ហ៊ូល និងរស់នៅទីនោះរហូតដល់​អាយុ ២២ឆ្នាំ។ លោក​បានមកតាំងទីលំនៅថ្មី នៅ​តំបន់​បាន ក្បែររាជធានីឡុងដ្រ៍ ប្រទេសអង់គ្លេស នៅឆ្នាំ១៨៥៨។ លោក​​បានបង្កើតក្លិបកីឡា​បាល់ទាត់​ហៅថា បានក្លិប និងក្លាយជាសមាជិកម្នាក់នៃសហព័ន្ធ​បាល់ទាត់​អង់គ្លេស ដែលនេះ​គឺ​ជាសហព័ន្ធបាល់ទាត់ដំបូងគេលើពិភពលោក នៅឆ្នាំ១៨៦២។

នៅឆ្នាំ១៨៦៣ ក្នុងនាមជាមេដឹកនាំក្លិបកីឡាបាល់ទាត់ ក្លិប ម័រឡែក លោកបានផ្តល់យោបល់​នៅក្នុងកាសែត ប៊ែលស៍ឡាយ ដើម្បីអំពាវនាវឲ្យមានក្រុមគ្រប់គ្រង និងច្បាប់សាមញ្ញ សម្រាប់​កីឡាបាល់ទាត់ ឲ្យដូចកីឡាគ្រីខេត ជាឧទាហរណ៍ ដែលគេមានក្បួនលេង។ នេះ​នាំ​ទៅដល់ការជួបប្រជុំ​ជាលើកទី១រវាងអ្នកចូលចិត្តកីឡានេះ នៅថ្ងៃទី២៦​ ខែតុលា ឆ្នាំ១៨៦៣ ដែល​បានឃើញនូវការបង្កើតសហព័ន្ធបាល់ទាត់​អង់គ្លេសលេចឡើងផងដែរ។

លោកអេបេណេហ្ស៉ឺ ខូប ម័រលៃ គឺជាអគ្គលេខានៃសហព័ន្ធបាល់ទាត់អង់គ្លេសពីឆ្នាំ១៨៦៣ ដល់​​ឆ្នាំ១៨៦៦ និងជាប្រធានទី២ នៃសហព័ន្ធនេះពីឆ្នាំ១៨៦៧ ដល់ឆ្នាំ១៨៧៤។ លោក​គាត់​បាន​សរសេរច្បាប់ល្បែងបាល់ទាត់ ជាឯកសារច្បាប់ដំបូងនៅផ្ទះរបស់លោកនៅតំបន់បាន។

ក្នុងនាមជាអ្នកលេងបាល់ទាត់ផង លោកបានចូលរួមក្នុងការប្រកួតគូដំបូង​ដែលបានអនុវត្ត​តាម​ក្បួនច្បាប់របស់សហព័ន្ធបាល់ទាត់អង់គ្លេស ទល់នឹងក្រុម រីចម៉ុង នៅឆ្នាំ១៨៦៣។ លោក​ក៏បាន​ស៊ុតចូល ១គ្រាប់ក្នុងការប្រកួតតំណាងបង្ហាញដំបូង រវាងក្លឹបឡុងដុន និងស្ហ៊ែហ្វហ្វ៊ៀដ៍ នៅ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ១៨៦៦។

លោកអេបេណេហ្ស៉ឺ ខូប ម័រលៃ ក៏ជាមេធាវី អាជីប លោកមានចំណង់ចំណូលចិត្តក្នុង​ការ​ធ្វើ​កីឡាចែវ​ទូកផងដែរ។ ដូច្នេះលោកក៏ធ្វើជាលេខាធិការនៃក្លិបចែវទូក ឡុងដុង រ៉ូវីង ក្លិប​។ លោក​អេបេណេហ្ស៉ឺ ខូប ម័រលៃ ក៏បម្រើការងារឲ្យក្រុមប្រឹក្សាខេត្តសឺរ៉េ សម្រាប់​តំបន់​បាន​ដែរ។

លោកអេបេណេហ្ស៉ឺ ខូប ម័រលៃ បានទទួលមរណភាពដោយជំងឺ​រលាក​សួត​នៅ​ថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ១៩២៤។​

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ គេហទំព័រ ហ្គ៉ូហ្គរ  បានបង្ហាញ ហ្គ៊ូហ្គ័រ ឌូដល់ ដែល​ជា​រូបភាព ដែលហ្គ៊ូហ្គ័រផ្លាស់ប្តូរលើទំព័រដើមដើម្បីអបអរសាទរខួបកំណើតលើកទី១៨៧ របស់​លោក​អេបេណេហ្ស៉ឺ ខូប ម័រលៃ

មុនពេល លោកអេបេណេហ្ស៉ឺ ខូប ម័រលៃ មានគំនិត និងចូលរួមបង្កើតច្បាប់កីឡាបាល់ទាត់

ក្លិប​​នីមួយៗ មានច្បាប់ខ្លួនឯង។ ក្លិបខ្លះអនុញ្ញាតឲ្យកាន់បាល់ និងរត់ ដូចជាកីឡា រូហ្គប៊ី ចំណែក​ក្លិប​ខ្លះ​ហាម។ មុនឆ្នាំ១៨៦៣ មិនមានច្បាប់សាមញ្ញសម្រាប់បាល់ទាត់ទេ។ គេលេង​តាម​ច្បាប់តាម​សាលា ឬតាមសហគមន៍។ ការលេងបាល់ទាត់គ្មានស្តង់ដារមួយទេ ជា​ញឹកញាប់​មានការលេងឃោរឃៅដូចជា ទាត់ជើងគូប្រកួត។  ក្បួនច្បាប់ដែល​លោក​អេបេណេហ្ស៉ឺ ខូប ម័រលៃ សរសេរ បានកំណត់ថា គេមិន​អាច​កាន់បាល់ដោយដៃទេ។ នេះជា​ចំណុច​សំខាន់ដែលបំបែ​កបាល់ទាត់ចេញពីកីឡា រូហ្គប៊ី។

ទោះបីជាយ៉ាងណា លោកអេបេណេហ្ស៉ឺ ខូប ម័រលៃ មិនមែនជាអ្នកបង្កើត បាល់ទាត់ តែម្នាក់​ឯង​​ទេ ព្រោះល្បែងបាល់ទាត់មានប្រភពពីសាលា និងសហគមន៍ជាច្រើន។ ប៉ុន្តែលោក​គឺជា​អ្នក​​ផ្តួចផ្តើម ដាក់ច្បាប់ និងស្ថាបនាការគ្រប់គ្រង ដែលធ្វើឲ្យបាល់ទាត់ក្លាយជាកីឡាអន្តរជាតិ​ដូច​សព្វថ្ងៃ។

 

Daily Program

Livesteam thumbnail