លោកហ្ស៉ង់ ពិច អាហ្គីឡឺរ៉ា អ្នកនយោបាយវ័យក្មេង ពីតំណែងក្រុមប្រឹក្សាទីក្រុង ទៅជានិស្សិត​ទេវវិទ្យាល័យ

លោកហ្ស៉ង់ ពិច អាហ្គីឡឺរ៉ា គឺជាសមាជិកគ្រួសារប៉ូស្ទីហ្គូ ពិច។ ម្តាយរបស់លោក គឺលោកស្រី រ៉ូហ្ស៉ា ពិច និងមានកូនច្រើនជាង១៥នាក់។ គ្រួសារនេះមានឫសគល់នៅតំបន់ កាតាឡូនៀ ប្រទេសអេស្ប៉ាញ។ បងប្រុសរបស់លោក គឺបូជាចារ្យ ប៉ាប្ល៉ូ ពិច អាហ្គីឡឺរ៉ា នៅ​ទីក្រុង​បាសេឡូណា។

លោកហ្ស៉ង់ ពិច អាហ្គីឡឺរ៉ា គឺជាតំណាងដឹកនាំគណបក្ស វ៉ូក នៅអង្គភាពរដ្ឋបាលក្រុង វ៉ាល់ដូរ៉េអ៊ិក នៅប្រទេសអេស្ប៉ាញ។ លោកបានលាលែងពីតំណែងរបស់លោក ដើម្បី​ចូល​រៀន​​នៅ​ទេវវិទ្យាល័យ​ ភូមិភាគព្រះសហគមន៍កាតូលិក ទែរ៉ាសា សម្រាប់ឆ្នាំសិក្សាថ្មី ខណៈ​ដែល​លោក​នឹងចាប់ផ្តើមទទួលការបណ្តុះបណ្តាលឆ្ពោះទៅកាន់ជីវិតជាបូជាចារ្យ។

លោកហ្ស៉ង់ ពិច អាហ្គីឡឺរ៉ា បានរៀបរាប់ថា លោកប្រឈមមុខនឹងផ្លូវថ្មី​នេះដោយ​​​​សេចក្តី​រីករាយ និងមានការជឿជាក់ថា លោកបានរកឃើញទីតាំងនៃជីវិតរបស់ខ្លួនហើយ។

យោងតាមការផ្សាយនៃសារព័ត៌មានក្នុងតំបន់ តូត សាន គូហ្គា (Tot Sant Cugat)  លោកហ្ស៉ង់ ពិច អាហ្គីឡឺរ៉ា និយាយថា ៖ “នយោបាយគឺជាការផ្សងព្រេងខ្លី ប៉ុន្តែ​ពោរពេញ​ដោយ​ភាព​រីករាយ ហើយលោកសុខចិត្តក្នុងការបញ្ចប់វា ដោយវិធីល្អបំផុតតាមដែលអាច​ធ្វើ​ទៅ​​បា​ន។”

អតីតក្រុមប្រឹក្សា គណបក្ស វ៉ូក បានបញ្ជាក់ថា លោកនឹងចាប់ផ្តើមដំណាក់កាលថ្មីនៃជីវិត ដោយ​​​មាន​សេចក្តី​រីករាយ និងការរំភើបយ៉ាងខ្លាំង ហើយបានសង្ខេបការផ្លាស់ប្តូរ​​ដែលជីវិត​ដែល​លោក​នឹង​ប្រឈមមុខក្នុងឆ្នាំខាងមុខ ដោយប្រើប្រយោគមួយថា ៖ “រហូតមកដល់​ពេល​នេះ ផ្លូវ​របស់​លោក គឺការបម្រើប្រជាជន។ ចាប់ពីពេលនេះតទៅ វានឹងជាការបម្រើផែនដី ដែល​​មាន​ទិស​ដៅ​​ឆ្ពោះទៅរកការបម្រើអស់កល្បជានិច្ច”។

ព័ត៌មាននៃការចាកចេញរបស់លោក ក៏ត្រូវបានទទួលដោយការគោរពពីតំណាងនយោបាយ​ផ្សេងៗ​នៅតំបន់វ៉ាល់ដូរ៉េអ៊ិក Valldoreix និងបានប្រើឱកាសក្នុងសម័យប្រជុំ ដើម្បីលាគ្នា និង​ជូនពរ​ឲ្យលោកហ្ស៉ង់ ពិច អាហ្គីឡឺរ៉ា ទទួលបានជោគជ័យក្នុងដំណាក់កាលជីវិត​ថ្មីដែល​លោក​កំពុង​ចាប់ផ្តើម។

សូម្បីតែតំណាងគណបក្សនយោបាយ ដែលមានគោលគំនិតផ្សេងពីគណបក្សវ៉ូក ក៏បាន​បង្ហាញជាសាធារណៈនូវការអបអរសាទរដ៏ល្អបំផុតសម្រាប់ផ្លូវអនាគតរបស់លោកឆ្ពោះទៅរកជីវិតនៃភាពជាបូជាចារ្យ។

សម្រាប់ឆ្នាំសិក្សាថ្មី ខាងមុខនេះ លោកហ្ស៉ង់ ពិច អាហ្គីឡឺរ៉ា នឹងចាប់ផ្តើម​ទទួលការ​បណ្តុះបណ្តា​ល​នៅទេវវិទ្យាល័យភូមិភាគ ទែរ៉ាសសា ដែលលោកនឹងចាប់ផ្តើមដំណើរ​ការ​សម្រាប់​ពិចារណាខាងផ្លូវវិញ្ញាណ ការបណ្តុះបណ្តាលចំណេះដឹង និងការរៀបចំសម្រាប់​បេសកកម្ម​ព្រះសហគមន៍ ដែលជាជំហានមុនពេលទទួលបា​នការតាំងជាបូជាចារ្យ។

សេចក្តីសម្រេចចិត្តរបស់លោកហ្ស៉ង់ ពិច អាហ្គីឡឺរ៉ា តំណាងឲ្យព័ត៌មាននៃ​ក្តី​សង្ឃឹម​សម្រាប់​ព្រះ​សហគមន៍កាតូលិក នៅតំបន់ កាតាឡូនៀ និងនៅភូមិភាគ​ទែរ៉ាសា ដែលនឹង​ទទួល​សិស្ស​ថ្មី​មួយរូបសម្រាប់ជីវិតជាបូជាចារ្យ នៅពេល​ដែល​បូជាចារ្យ​ភាព ស្ថិតនៅតែជាបញ្ហា​ប្រឈមដ៏​ធំ​​មួយសម្រាប់ព្រះសហគមន៍កាតូលិក នៅ​ប្រទេស​អេស្ប៉ាញ។

ខណៈពេលមិត្តរួមការងារពីគ្រប់បក្សនយោបាយបានជូនពរឲ្យលោកហ្ស៉ង់ ពិច អាហ្គីឡឺរ៉ា មាន​ដំណើរជីវិតដ៏មានអត្ថន័យ។ ដំណើរជីវិតរបស់លោកហ្ស៉ង់ ពិច អាហ្គីឡឺរ៉ា បានរំឭក​យ៉ាង​ខ្លាំង​ថា ការត្រាស់ហៅខ្លះ ខ្ពស់លើសពីអាជីព ឥទ្ធិពល និងមហិច្ចតា ដែលនឹង​ដឹកនាំ​ជីវិត​ជំនួស​មកវិញ ដោយសេចក្តីជំនឿ និងការការលះបង់។

 

Daily Program

Livesteam thumbnail