លោកមូហាម៉េដ យូនូស ម្ចាស់ពានរង្វាន់ណូប៊ែល សេដ្ឋកិច្ច និងសន្តិភាព ក្លាយ​ជា​ប្រមុខ​​រដ្ឋាភិបាលបង់ក្លាដេស បណ្តោះអាសន្ន

លោកមូហាម៉េដ យូនូស គឺជាសេដ្ឋកិច្ចវិទូ សហគ្រិន និងជារដ្ឋបុរសបង់ក្លាដេស។

លោកត្រូវស្គាល់សម្រាប់ការស្ថាបនានូវគ្រឹះស្ថានមីក្រូក្រេឌីតដំបូង នៅឆ្នាំ១៩៧៦ ហៅថា ហ្គ្រ៉ាមីន ប៊ែង ឬគេហៅថា ធនាគារសម្រាប់ប្រជាជនក្រីក្រ។

មានប្រភពពីក្រុមគ្រួសារក្រីក្រ និងជាកូនទី៣នៃគ្រួសារដែលមានបងប្អូន ១៤នាក់ លោក មូហាម៉េដ យូនូស កើតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៤០ នៅក្នុងភូមិ បាធូអា ហាថាហ្សារី នៅ​ក្នុង​ទីក្រុងកំពង់ផែន ជីតាហ្គុង ប្រទេសបង់ក្លាដេស។

នៅឆ្នាំ១៩៥៧ លោកមូហាម៉េដ យូនូស បានចុះឈ្មោះចូលរៀនសេដ្ឋកិច្ចនៅសកលវិទ្យាល័យ ដាកកា និងទទួលបានសញ្ញាបត្រ​នៅឆ្នាំ១៩៦០ និងអនុបណ្ឌិតនៅឆ្នាំបន្ទាប់។ បន្ទាប់ពីបាន​ទទួល​សញ្ញាបត្រ លោកមូហាម៉េដ យូនូស ក្លាយជាគ្រូបង្រៀន​សេដ្ឋកិច្ច​នៅសកលវិទ្យាល័យ ជីតាហ្កុង។

នៅឆ្នាំ១៩៧១ សង្រ្គាមរំដោះជាតិបង់ក្លាដេស ផ្ទុះឡើង លោកយូនូស សម្រេចចិត្តគាំទ្រអ្នក​និយម​ឯករាជ្យ។ លោកចូលរួមជាមួយក្រុមក្នុងតំបន់ជាច្រើន​ដើម្បីជួយសម្រួលដល់ឯករាជ្យ​ភាព​​ដោយប្រមូលផ្តុំ​មូលនិធិ និងដឹកនាំយុទ្ធនាការតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។

ចុងក្រោយ នៅពេលឯករាជ្យភាពបង់ក្លាដេស ត្រូវបានប្រកាស នៅខែធ្នូ ឆ្នាំ១៩៧១ លោក​យូនូស សម្រេចត្រឡប់មកពីបរទេសដើម្បីប្រើប្រាស់សមត្ថភាពរបស់លោកបម្រើការ​សម្រាប់​បង់ក្លាដេសថ្មី។

បន្ទាប់ពីបានព្យាយាមធ្វើការនៅក្នុងធនាគារពាណិជ្ចកម្មមួយ​នៅក្នុងការបង្កើត​កម្មវិធី​មីក្រូក្រេឌីត លោកយូនូស ក៏សម្រេចចិត្តបង្កើតកម្មវិធីផ្ទាល់របស់ខ្លួន។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​របស់​លោកបានចាប់ដំណើរការនៅឆ្នាំ១៩៧៧ នៅក្រោមឈ្មោះថា ហ្គ្រ៉ាមីន  ដែលមាន​ន័យ​ថា ភូមិ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់លោកបានទទួលជោគជ័យយ៉ាងលឿន និងបានក្លាយ​ជា​ធនាគារ​នៅឆ្នាំ១៩៨៣ បន្ទាប់មកប្រទេសផ្សេងៗ ក៏យកតាមម៉ូដែលនេះ​ចាប់តាំងពីឆ្នាំ​១៩៨៩។ នៅឆ្នាំ២០០៩ មនុស្សជិត ១៣០លាននាក់ នៅក្នុងពិភពលោកទទួល​ប្រយោជន៍​ផ្ទាល់ ឬមិនផ្ទាល់ពីក្រុមមីក្រូក្រេឌីតនេះ។

ធនាគារហ្គ្រ៉ាមីន បានធ្វើខ្លួនឲ្យមានភាពចម្រុះលើសកម្មភាពជាច្រើន ចាប់​តាំង​​ពីឧស្សាហកម្ម​វាយនភណ្ឌ ទូរសព្ទ និងផលិតកម្មអគ្គីសនីតាមរយៈថាមពលពន្លឺព្រះអាទិត្យ -ល-។

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅក្នុងបរិបទបាតុកម្ម​នៅក្នុងប្រទេសបង់ក្លាដេស នាយករដ្ឋ​មន្រ្តី ស្ហ៉េខ ហាស៊ីណា បានគេចខ្លួនទៅនៅប្រទេសឥណ្ឌាតាមឧទ្ធម្ភាចក្រយោធា និង​បាន​លា​លែង​ពី​តំណែង។ ប្រមុខ​យោធា​បង់ក្លាដេស លោកឧត្តមសេនីយ៍ វ៉ាឃើ អ៊ុហ្ស ហ្សាម៉ាន បាន​ប្រកាស​អំពីការ​​បង្កើត​រដ្ឋាភិបាល។ ក្រុមអ្នកតំណាងបាតុករ អំពាវនាវឲ្យតែងតាំងម្ចាស់ពាន​រង្វាន់​​ណូបែល​​សន្តិភាព លោក​មូហាម៉េដ យូនូស ជានាយករដ្ឋមន្រ្តី។

នៅថ្ងៃទី៦ ខែសីហា ប្រធានាធិបតីសាធារណរដ្ឋ​បង់ក្លាដេស លោកម៉ូហាម៉េដ ស្ហ៉ាហាប៊ូឌីន រំលាយសភា និងតែង​តាំងលោកមូហាម៉េដ យូនូស ជាប្រមុខក្រុមប្រឹក្សាសំខាន់នៃបង់ក្លាដេស ដើម្បីដឹកនាំ​រដ្ឋាភិ​បាល បន្ទាប់ពីបានពិភាក្សា​ជាមួយ​យោធា និងចលនាបាតុកម្ម។ ហើយ​លោក​មូហាម៉េដ យូនូស ប្រកាសថា នឹងរៀបចំការ​បោះឆ្នោត​នៅ ៣ខែ ខាងមុខ។

លោកមូហាម៉េដ យូនូស ជាជាតិបង់ក្លាដេស ដែលបានទទួលពានរង្វាន់ពិភពលោកជាច្រើន។ លោកយូនូស គឺជាបុគ្គលមួយរូបដ៏កម្រ​ដែលបានទទួលពានរង្វាន់ណូប៊ែលសេដ្ឋកិច្ច និងពាន​រង្វាន់​ណូប៊ែល សន្តិភាព នៅឆ្នាំ២០០៥ និង២០០៦ សម្រាប់កិចខិតខំប្រឹងប្រែង​ដើម្បីលើក​កម្ពស់​ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម​ចេញពីស្រទាប់ប្រជាជនជាន់ក្រោម។

Daily Program

Livesteam thumbnail