លោកមូកេស្ហ អំបានី កំពូលអ្នកមានបំផុតនៅប្រទេសឥណ្ឌា

លោកមូកេស្ហ អំបានី កើតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៥៧ នៅទីក្រុងអេដេន ប្រទេស យេម៉េន។ លោកគឺជាធុរជន និងជាមហាសេដ្ឋីពាន់លានរបស់ឥណ្ឌា។

ជាបងប្អូនរបស់លោកអានីល អំបានី លោកមូកេស្ហ អំបានី ជាអ្នកដឹកនាំក្រុមហ៊ុន រីលៀន អ៊ីនដាសស្រ្ទីស៍ (Relience Industies) ដែលជាសហគ្រាសឯកជនឥណ្ឌា។ នេះគឺជា​សហគ្រាស​ដ៏​ធំ​មួយ​​ក្នុងចំណោមសហគ្រាសធំៗបំផុតបី នៅឥណ្ឌា។

លោកមូកេស្ហ អំបានី គឺជាកូនប្រុសរបស់ធុរជន លោក ឌៀរូបហៃ អំបានី និងភរិយា លោកស្រី​កូកីឡាបេន ឌៀរូបហៃ អំបានី។

លោកមូកេស្ហ អំបានី មានបងប្អូនម្នាក់ គឺលោក អានីល អំបានី និងបងប្អូនស្រីពីរនាក់ គឺ លោក​ស្រីនីណា បាដ្រាស្ហ៊ីយ៉ាម និងលោកស្រី ឌីបទី ដាតតារា សាល់ហ្គ៉ាអុនកា។

បន្ទាប់ពីមរណភាពឪពុករបស់ពួកគេ ដោយគ្មានបណ្តាំមរតក នៅឆ្នាំ២០០២ បងប្អូន​លោក​មូកេស្ហ និងលោកអានីល បានបែកបាក់គ្នាយ៉ាងខ្លាំងក្លា​នៅជុំវិញរឿងការស្នងមរតក។

នៅឆ្នាំ២០០៥ ចក្រភពជំនួញគ្រួសារ​បានបែងចែកជាពីរ។ លោកមូកេស្ហ អំបានី ស្នងមរតក​សកម្មភាពឧស្សាហកម្ម នៅខណៈដែលលោកអានីល អំបានី ទទួលមរតកលើសកម្មភាព​ខាង​ថាមពល និងប្រព័ន្ធផ្សពផ្សាយ។

លោកមូកេស្ហ អំបានី បានឲ្យសាងសងនៅទីក្រុងបំបៃ សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់​លោក​នូវអគារ​ដែលមានកម្ពស់ ២៧ ជាន់ អគារ អេនទីលៀ (Antilia) ដែលត្រូវបានចាត់ទុក​ជា​និវេសនដ្ឋាន​ស្នាក់នៅឯកជនដ៏ថ្លៃបំផុត​នៅលើពិភពលោក ដែលត្រូវបានវាយតម្លៃថា មាន​តម្លៃ ១ពាន់លានដុល្លារ។

អគារនេះ មានកន្លែងចុះចតឧទ្ធម្ភាចក្រជាច្រើន កន្លែងចតរថយន្តដែលដាក់រថយន្តបាន ១៦០ គ្រឿង សាលមើលកុន អាងហែទឹក កន្លែងហាត់ប្រាណ និងយ៉ូហ្គ៉ា សួនអណ្តែត ប្រាសាទ ព្រម​ទាំងសាល​ដែលនៅក្នុង មានព្រិលធ្លាក់សិប្បនិមិត្ត។ មនុស្សប្រមាណ ៦០០នាក់ ជាអ្នក​ធ្វើ​​ការ​នៅក្នុងនោះ។

លោកមូកេស្ហ អំបានី ចំណាយប្រាក់ ១០០លាន ដុល្លារ សម្រាប់អាពាហ៍ពិពាហ៍កូន​ស្រីរបស់​លោក​ជាមួយកូនប្រុស អ្នកមានម្នាក់ទៀត នៅខែធ្នូ ឆ្នាំ២០១៨។ នៅក្នុងចំណោមភ្ញៀវចូលរួម ក៏មាន​បុគ្គល​ល្បីៗ ដូចជា អ្នកចម្រៀងបេយ៉ងសេ និងអតីតរដ្ឋមន្រ្តីអាម៉េរិក ដូចជា លោកស្រី ហ៊ីលឡារី គ្លីនតុន និងលោក ចន ឃែរីជាដើម។  លោកមូកេស្ហ អំបានី ចំណាយ ១៥០លាន​ដុល្លារ សម្រាប់ការរៀបការកូនប្រុសពៅរបស់លោក ជាមួយកូនស្រីមហាសេដ្ឋីពាន់លាន​ឥណ្ឌា​ម្នាក់ទៀតនៅខែមីនា ឆ្នាំ២០២៤។ មេដឹកនាំនយោបាយជាច្រើន ទាំងឥណ្ឌា ក៏ដូច​ជា​អន្តរ​ជាតិ និងមហាសេដ្ឋីដែលមានវត្តមាន​នៅក្នុងពិធី មានដូចជា លោកថូនី ប្ល៊ែរ លោកបូរី ចនសុន លោកចាស្ទីន ប៊ីប៊ើ រីហាណា មហាសេដ្ឋី ប៊ីល ហ្គេត លោកស្រី អ៊ីវ៉ាន់កា ត្រាំ លោក​ម៉ាក ជូឃើប៊ឺក និងបងប្អូន កាដាស្ហ៊ាន។

ដោយត្រូវពិព៌នាថាជាមិត្តភក្តិជិតស្និទ្ធ​ជាមួយនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី ដែលលោក​មូកេស្ហ អំបានី ជួយចូលរួមឲ្យឡើងកាន់អំណាចនៅឆ្នាំ២០១៤ លោកមូកេស្ហ អំបានី ក៏ទទួល​បាន​គុណប្រយោជន៍ពីភាពស្និទ្ធស្នាលជាមួយរដ្ឋាភិបាល​ដើម្បីសម្រួលដល់អាជីវកម្ម​របស់​លោក។ លោកមូកេស្ហ អំបានី ក៏ត្រូវបានពិព៌នាថា ជា​អ្នក​ទទួលបាន​ប្រយោជន៍​ម្នាក់​ដ៏​សំខាន់​ពី​កំណែទម្រង់លើ​វិស័យកសិកម្មនៅ​ឆ្នាំ​២០២០ នៅប្រទេសឥណ្ឌា។

ទ្រព្យសម្បត្តិរបស់លោកមូកេស្ហ អំបានី វាយតម្លៃថា មាន ១១៣,២ ពាន់លានដុល្លារ ស្ថិត​នៅ​ក្នុង​លំដាប់ទី១១ នៃទស្សនាវដ្តី Forbes។ លោកក៏ជាអ្នកបំផុតនៅអាស៊ី។ នៅឆ្នាំ២០២៣ ទស្សនាវដ្តី Forbes បានចាត់ថ្នាក់លោកទី១ នៅក្នុងបញ្ជីអ្នកមានបំផុតនៅប្រទេសឥណ្ឌា។

 

 

 

 

Daily Program

Livesteam thumbnail