លោកធីអូឌ័រ រូសឺវែលត៍ ប្រធានាធិបតីអាម៉េរិកដែលស្រឡាញ់បរិស្ថាន
លោកធីអូឌ័រ រូសឺវែលត៍ ឬគេហៅលោកថា ថេតឌី កើតនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ១៨៥៨ នៅទីក្រុងញូយ៉ក។ លោកទទួលមរណភាពនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩១៩ នៅទីក្រុងអ័រស្ទើ បេ រដ្ឋញូយ៉ក។ លោកធីអូឌ័រ រូសឺវែលត៍ គឺជារដ្ឋបុរសអាម៉េរិក។ លោកក៏ជាសមាជិកនៃគណបក្សសាធារណរដ្ឋ បន្ទាប់មកជាសហស្ថាបនិកនៃគណបក្សចម្រើនជឿនលឿន ជាគណបក្សជំទាស់។ លោកធីអូឌ័រ រូសឺវែលត៍ គឺជាប្រធានាធិបតីអាម៉េរិកពីឆ្នាំ១៩០១ ដល់ឆ្នាំ១៩០៩។ លោកក៏ជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ១៩០៦ ដោយសារតែតួនាទីរបស់លោកគឺជាអ្នកសម្របសម្រួលនៅក្នុងសង្រ្គាមរុស្ស៊ីជប៉ុន។
សុខភាពរបស់លោកធីអូឌ័រ រូសឺវែលត៍ មានភាពទន់ខ្សោយ លោកបានប្រកបមុខអាជីបជាច្រើន មុននឹងការតាំងចិត្តរបស់លោកចូលប្រឡូកក្នុងឆាកនយោបាយ។ លោកធីអូឌ័រ បានបាត់បង់ឪពុកតាំងពីនៅតូច នៅពេលលោកធ្វើការសិក្សានៅសកលវិទ្យាល័យហាវើដ។ បន្ទាប់មក នៅក្នុងដែនដី ដាកូតា ផ្នែកខាងត្បូងសហរដ្ឋអាម៉េរិក លោកធីអូឌ័រ រូសឺវែលត៍ ក៏រស់នៅជារបៀបជនខោបយ។ នៅចន្លោះពេលនោះ លោកបានឈឈ្មោះបោះឆ្នោតជាប់ជាតំណាងរាស្រ្ត នៅសភារដ្ឋញូយ៉ក។
នៅឆ្នាំ១៨៩៧ លោកធីអូឌ័រ រូសឺវែលត៍ ក្លាយជាអគ្គលេខារងនៃកងកម្លាំងម៉ារីន។ លោកដើរតួដាច់ខាតនៅឆ្នាំបន្ទាប់នៅក្នុងសង្រ្គាមអេស្ប៉ាញ និងអាម៉េរិក។ លោកក្លាយជាមេបញ្ជាការនៃកងកម្លាំង រ៉ាហ្វ រាយឌើ។ កិត្តសព្ទដែលបានមកនៅអំឡុងពេលសង្រ្គាម អាចធ្វើឲ្យលោករូសឺវែលត៍ ឈឈ្មោះបោះឆ្នោតជាប់ជាអភិបាលនៃរដ្ឋញូយ៉ក។
លោកធីអូឌ័រ រូសឺវែលត៍ ចូលរួមបោះឆ្នោតជាអនុប្រធានាធិបតីជាមួយលោក វីលៀម ម៉ាកគីនលៃ នៅការបោះឆ្នោតនៅឆ្នាំ១៩០០។ ប៉ុន្តែការលបធ្វើឃាតប្រធានាធិបតីនៅខែកញ្ញា ឆ្នាំ១៩០១ បានធ្វើឲ្យលោកធីអូឌ័រ រូសឺវែលត៍ ត្រូវបានតែងតាំងជាប្រធានាធិបតីអាម៉េរិក ដែលមានវ័យក្មេងបំផុត។
អណត្តិប្រធានាធិបតីរបស់លោកធីអូឌ័រ រូសឺវែលត៍ ត្រូវបានចាត់ទុកជារយៈពេលដ៏មានសារសំខាន់បំផុតមួយនៃប្រវត្តិសាស្រ្តសហរដ្ឋអាម៉េរិក។ លោកធីអូឌ័រ រូសឺវែលត៍ ជាមួយលោកវូដ្រូ វីលស៊ុន និងលោករ៉ូប៊ឺត ឡា ហ្វ៉ូលយ៉េត៍ គឺជាបុគ្គលសំខាន់ៗ ដែលតំណាងឲ្យយុគសម័យជឿនលឿនសម្រាប់អាម៉េរិក។ សម្រាប់នយោបាយក្នុងប្រទេស នយោបាយរបស់លោកធីអូឌ័រ រូសឺវែលត៍ គឺសំខាន់កត់សម្គាល់ដោយការប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ុនធំៗ ដែលរកស៊ីគ្របដណ្តប់ និងផ្តាច់មុខតាមរយៈការពង្រឹងច្បាប់ប្រកួតប្រជែង ប៉ុន្តែក៏មានការពង្រឹងនយោបាយអន្តោប្រវេសន៍ និងការដាក់ឲ្យដំណើរការនូវនយោបាយបរិស្ថានផងដែរ។
សម្រាប់នយោបាយក្រៅប្រទេស សហរដ្ឋអាម៉េរិក ចូលអន្តរាគមន៍នៅក្នុងវិបត្តិវេណេហ៊្សុយអេឡា នៅឆ្នាំ១៩០២-១៩០៣ និងនៅក្នុងសង្រ្គាម ១០០០ថ្ងៃ ដែលនាំទៅដល់ឯករាជ្យរបស់ប្រទេសប៉ាណាម៉ា និងការផ្តល់សម្បទានព្រែកជីប៉ាណាម៉ា។ លោកធីអូឌ័រ រូសឺវែលត៍ ក៏កំណត់និយមន័យលទ្ធិប្រើដំបងដើម្បីរក្សាស្ថិរភាពទ្វីបអាម៉េរិកផងដែរ។
នៅក្នុងការចាត់ថ្នាក់ ដែលធ្វើឡើងដោយអ្នកប្រវត្តិសាស្រ្ត និងអ្នកកាសែត លោកធីអូឌ័រ រូសឺវែលត៍ ត្រូវបានចាត់ទុកជាប្រធានាធិបតីអាម៉េរិកម្នាក់ដ៏ល្បីល្បាញបំផុតក្នុងចំណោមប្រធានាធិបតីមួយចំនួន និងត្រូវចាត់ថ្នាក់ក្នុងចំណោមប្រធានាធិបតី ៨នាក់ ដំបូង ដែលល្បីល្បាញបំផុតជានិច្ច។ រូបសំណាក់របស់លោកត្រូវបានគេឆ្លាក់នៅភ្នំ រ៉ាសម៉ោន នៅក្បែរប្រធានាធិបតី ហ្ស៉កវ៉ាស៊ីនតុន ថូម៉ាស ចេហ្វហ្វ៉ឺសុន និងលោកអាប្រាហាម លីនខូល។
នៅក្នុងការចាត់ថ្នាក់ដទៃទៀត ដែលធ្វើឡើងដោយសារព័ត៌មាន ញូយ៉ក ថែមស៍ លោកធីអូឌ័រ រូសឺវែលត៍ ត្រូវបានចាត់ទុកជាប្រធានាធិបតីដែលធ្វើការងារច្រើនបំផុតសម្រាប់ការអភិរក្សបរិស្ថាន។