លោកដូណាល់ ត្រាំ វិលត្រឡប់មកធ្វើជាប្រធានាធិបតីអាម៉េរិកសាជាថ្មី
លោកដូណាល់ ត្រាំ កើតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦ នៅទីក្រុងញូយ៉ក។ លោក គឺជា ធុរជន មហាសេដ្ឋីពាន់លាន អ្នកសម្តែង ផលិតករទូរទស្សន៍ និងជារដ្ឋបុរសអាម៉េរិក។ ជា សមាជិកនៃគណបក្សសាធារណរដ្ឋ លោកគឺជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាម៉េរិក ពី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ និងត្រូវជាប់ឆ្នោតសាជាថ្មីជា ប្រធានាធិបតីលើកទី៤៧ កាលថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។
ជាកូនប្រុសរបស់អ្នកលក់អចលនទ្រព្យ លោកហ្វ្រ៉ឺត ត្រាំ និងលោកស្រី ម៉ារី អាន ម៉ាកលីអូដ ត្រាំ លោកដូណាល់ ត្រាំ សិក្សានៅសាលា វាកតុន នៅរដ្ឋពេនស៊ីលវ៉ានី សហរដ្ឋអាម៉េរិក។ នៅឆ្នាំ១៩៧១ លោកឡើងដឹកនាំសហគ្រាសគ្រួសារ ដែលលោកដាក់ឈ្មោះថា អង្គការត្រាំ។ លោកបង្កើតបានចក្រភពសេដ្ឋកិច្ចមួយដោយសារតែការសាងសង់ និងការទិញអគារល្បីៗជាឧទាហណ៍ អគារ ត្រាំថៅវវើ និងអចលនទ្រព្យនានានៅបរទេស។ ជាម្ចាស់កាស៊ីណូ និវេសដ្ឋានប្រណិត និងទីលានវាយកូនហ្គោល លោកសម្រេចបានការវិនិយោគជាច្រើននៅក្នុងវិស័យដទៃៗ ទៀត ដូចជា កីឡា ប្រព័ន្ធផ្សព្វផ្សាយ និងការប្រឡងប្រជែងសម្រស់។ល។
ក្នុងនយោបាយ លោកចូលប្រឡូកចាប់តាំងពីឆ្នាំ១៩៨៧ នៅគណបក្សសាធារណរដ្ឋ បន្ទាប់មក ២ឆ្នាំ លោកចូលរួមជាមួយគណបក្សកំណែទម្រង់។
កាលពីឆ្នាំ២០១៦ នៅពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីលើកទី១ លោកដូណាល់ ត្រាំ មិនត្រូវបានយកចិត្តទុកដាក់ខ្លាំងដោយអ្នកសង្កេតនៅពេលចាប់ផ្តើមដំបូងទេ។ ប៉ុន្តែ ជ័យជម្នះរបស់លោកទល់នឹងបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ លោកស្រីហ៊ីលឡារី គ្លីនតុន ដែលកំពុងមានប្រជាប្រិយភាព បានធ្វើឲ្យមានការផ្លាស់ប្តូររបៀបនៃការវាយតម្លៃលើបេក្ខភាពដែលអាចជាប់ឆ្នោតស្ទើតែទាំងស្រុង។
នៅក្នុងអណត្តិទី១ របស់លោក លោកចុះហត្ថលេខាលើក្រឹត្យនៃការកម្រិតជនអន្តោប្រវេសន៍ មានជាអាទិ៍មកពីប្រទេសឥស្លាម ធ្វើការពង្រីកជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិក ដកអាម៉េរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសអំពីអាកាសធាតុ និងកិច្ចព្រមព្រៀងទីក្រុងវីយ៉េនអំពីនុយក្លេអ៊ែរអ៊ីរ៉ង ទទួលស្គាល់ទីក្រុងហ្ស៉េរូសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល ស្ថាបនាទំនាក់ទំនងជាមួយកូរ៉េខាងជើង ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាម៉េរិកខាងជើង និងកិច្ចព្រមព្រៀងកាណាដា សហរដ្ឋអាម៉េរិក ម៉ិកស៊ិក ព្រមទាំងត្រួតពិនិត្យកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែល និងអារ៉ាបរួម អេមីរ៉េត។ នៅក្នុងវិស័យសេដ្ឋកិច្ច លោកដូណាល់ ត្រាំ កាត់បន្ថយការដកពន្ធតម្រូវ និងគ្រប់ប្រភេទនៃពន្ធដារ និងពន្ធគយ តាមរបៀបកាន់តែទូទៅ និងបង្កើតសង្រ្គាមពាណិជ្ជកម្ម ដែលសំដៅជាអាទិ៍ប្រទេសចិន។ ទាំងនេះផ្តល់គុណប្រយោជន៍ជាលទ្ធផលវិជ្ជមានពាក់ព័ន្ធនឹងកំណើនការងារ និងសេដ្ឋកិច្ចអាម៉េរិក រហូតដល់វិបត្តិសុខភាពជំងឺកូវីដ ឆ្នាំ២០២០។
ដោយរក្សាបានឥទ្ធិពលដ៏មានសារសំខាន់នៅក្នុងគណបក្សសាធារណរដ្ឋ លោកបានប្រកាសចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ជាបេក្ខភាពសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ និងក្លាយជាបេក្ខភាពគណបក្សនៅខែមីនា ឆ្នាំដដែល។
នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកដូណាល់ ត្រាំ ទទួលជ័យជម្នះប្រធានាធិបតីអណត្តិទី២ នៅខណៈដែលធ្វើឲ្យមានខុសឆ្គងទាំងស្រុងសម្រាប់ការវាយតម្លៃ និងការស្ទង់មតិមុនពេលបោះឆ្នោត។ ការបោះឆ្នោតឆ្នាំ២០២៤ បាននាំមកនៅជោគជ័យដ៏ទូលំទូលាយសម្រាប់លោកត្រាំ ដែលទទួលជ័យជម្នះលើរដ្ឋគន្លឹះៗ នានា (Swing state) ហើយគណបក្សរបស់លោកក៏ទទួលបានកៅអីភាគច្រើននៅព្រឹទ្ធសភាផងដែរ។
ការបោះឆ្នោតឆ្នាំ២០២៤នេះ ក៏ជាលើកទីពីរដែល ដែលប្រធានាធិបតីម្នាក់ត្រូវបានបោះឆ្នោតឲ្យជាប់ម្តងទៀតនៅអណត្តិទីពីរ មិនជាប់គ្នា ចាប់តាំងពីលោក ហ្គ្ល៉ូវើ ក្លេវើឡេន នៅឆ្នាំ១៨៩២ នៅក្នុងប្រវត្តិសាស្រ្តអាម៉េរិក។