យ៉ាស៊ូណារី កាវ៉ាបាតា អ្នកនិពន្ធជប៉ុនដំបូងដែលទទួលបានរង្វាន់ណូបែល អក្សរសាស្ត្រ

លោកយ៉ាស៊ូណារី កាវ៉ាបាតា កើតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៨៩៩ នៅទីក្រុងអូសាកា និង ទទួលមរណាភាពនៅថ្ងៃទី១៦ ខែមេសា ទៅទីក្រុងហ្ស៊ូស្ហ៊ី។ លោកគឺជាអ្នកនិពន្ធជប៉ុន ដែល​ទទួលពានរង្វាន់ណូប៊ែលអក្សរសាស្រ្ត​នៅឆ្នាំ១៩៦៨។

កើតនៅក្នុងយុគសម័យម៉ីជី លោកយ៉ាស៊ូណារី កាវ៉ាបាតា គឺជាកូនទីពីរនៃគ្រួសារអ្នកមាន និងមានការអប់រំ។ លោកគឺជាកូនកើតមិនគ្រប់ខែ និងមានសុខភាពមិនរឹងម៉ាំពេញមួយជីវិត​រស់នៅ​របស់លោក។

នៅខែមេសា ឆ្នាំ១៩១២ លោកយ៉ាស៊ូណារី កាវ៉ាបាតា បានចូលរៀននៅអនុវិទ្យាល័យ អ៊ីបារ៉ាគី ខេត្តអូសាកា។ លោកបានសម្រេចចិត្តនៅឆ្នាំនោះថា នឹងក្លាយជាអ្នកនិពន្ធ និងបូជាពេលវេលា​ទំនេរ​សម្រាប់អក្សរសាស្រ្ត និងការប៉ុនប៉ងដំបូងៗ ក្នុងការបង្កើតស្នាដៃអក្សាសាស្រ្ត។

លោកយ៉ាស៊ូណារី កាវ៉ាបាតា បានទៅកាន់រាជធានី នៅខែកញ្ញា ឆ្នាំ១៩១៧ និងប្រឡង់ជាប់​ចូល​រៀន​នៅវិទ្យាល័យទី១ ក្រុងតូក្យូ ផ្នែកអក្សរសាស្រ្តអង់គ្លេស និងជាច្រកទ្វារចូលរៀន​ទៅ​សកល​វិទ្យាល័យអធិរាជ។ លោកយ៉ាស៊ូណារី កាវ៉ាបាតា បានទទួលសញ្ញាបត្រពី​វិទ្យាល័យ​ទី១ ក្រុងតូក្យូ នៅខែកក្កដា ឆ្នាំ១៩២០ ដែលអាចធ្វើឲ្យ​លោកចុះឈ្មោះចូលរៀន​នៅសកល​វិទ្យាល័យ​អធិរាជ ក្រុង តូក្យូ មហាវិទ្យាល័យអក្សរសាស្រ្ត ផ្នែក​អក្សរសាស្រ្តអង់គ្លេស។ បន្ទាប់​មក លោក​បានជ្រើសរើសយកផ្នែកអក្សរសាស្រ្តជប៉ុន នៅឆ្នាំបន្ទាប់។

ឆ្នាំ១៩៦៨ គឺជាឆ្នាំនៃការទទួលស្គាល់ និងការឈានដល់កិត្តិយសកម្រិតអន្តរជាតិ​របស់លោក​យ៉ាស៊ូណារី កាវ៉ាបាតា។ ពានរង្វាន់ណូបែលអក្សរសាស្រ្តត្រូវបានប្រគល់ឲ្យ​លោក​យ៉ាស៊ូណារី កាវ៉ាបាតា នៅថ្ងៃទី១៩ ខែតុលា។ លោកគឺជាអ្នកនិពន្ធជប៉ុនដំបូងដែលទទួលបាន​ពាន​រង្វាន់ដ៏​មាន​កិត្តិយសនេះតាមរយៈសិល្បៈនៃការបង្រៀនរឿងរបស់លោកដោយអារម្មណ៍ដ៏ស្រទន់ និង​បង្ហាញអត្ថន័យសំខាន់នៃចិត្តជប៉ុន។​ ស្នាដៃដ៏សំខាន់ៗដែលបានបង្ហាញសិល្បៈនៃការ​បង្រៀន​រឿង​របស់​លោក រួមមាន រឿង ប្រទេស​ព្រិល (Snow Country) ដែលបង្ហាញពីភាព​ស្រស់​ស្អាត និងភាពឯកោក្នុងជីវិត​​ជនបទនៅជប៉ុន រឿងសម្លេងនៃភ្នំ (The Sound of the Mountain) ដែលឆ្លុះបញ្ចាំងអំពីភាពចាស់ទុំ និង​ទំនាក់ទំនងគ្រួសារ និងរឿង ផ្ទះនៃស្រីស្អាត​ដេក​លក់ (The House of the Sleeping Beauties) ដែលបង្ហាញពីការចងចាំ ការចង់បាន និង​ភាព​ឯកោ។

តាមរយៈការឆ្លុះបញ្ចាំងអំពីកិត្តិយសរបស់លោក លោកយ៉ាស៊ូណារី កាវ៉ាបាតា ត្រូវបាន​តែងតាំង​ជាសាស្រ្តាចារ្យបណ្ឌិតកិត្តិយស (Docteur honoris causa) នៃសកលវិទ្យាល័យហាវ៉ៃ និង​ជាសមាជិកកិត្តិយសនៃរដ្ឋបណ្ឌិតសភាអាម៉េរិកនៃសិល្បៈ និង​អក្សរសាស្រ្ត។

លោកយ៉ាស៊ូណារី កាវ៉ាបាតា ត្រូវបានទាំងអស់គ្នាទទួលស្គាល់ថា ជាអ្នកនិពន្ធ​ដ៏​សំខាន់​ម្នាក់​​នៃសតវត្សទី ២០។ ស្នាដៃរបស់លោកគឺជាលទ្ធផលនៃការស្វែងរក​សិល្បៈជាមួយ​ភាសា​​ដែល​ស្រទន់ និងសាមញ្ញៗ ដែលមិនធ្លាប់មាន ដែលមានគោលបំណង​សំខាន់បំផុត​គឺ​ការ​បង្ហាញ​អារម្មណ៍។ ភាសារបស់លោកបានបដិសេធទម្រង់អក្សរសាស្រ្តតាមទម្លាប់ និង​បញ្ញាញ្ញាណ​ជា​ប្រពៃណី ហើយក៏មានបំណងជៀសឲ្យឆ្ងាយពីការពន្យល់ ឬការពិភាក្សាដែល​មាន​លក្ខណៈ​ជា​ការ​អះអាង។

ជាមនុស្សដែលមានភាពស្មុគស្មាញ និងអាថ៌កំបាំងម្នាក់ លោកយ៉ាស៊ូណារី កាវ៉ាបាតា ជា​មនុស្ស​សម័យទំនើប ដែលបន្តជាប់នឹងប្រពៃណីវប្បធម៌របស់ខ្លួន និង​ជាអ្នកមានចំណេះដឹង​ជ្រាលជ្រៅ​​អំពីអក្សរសាស្រ្តលោកខាងលិច។ លោកបានបន្សល់ទុកស្នាដៃមួយចំនួនដែល​មាន​​​ភាពសម្បូរបែប​មិនអាចប្រៀបបាន និង​មាន​សោភ័ណភាពជានិរន្តរ៍ ដែលភ្ជាប់អាស៊ីខាងកើត និងលោកខាងលិច តាមរយៈសំណេរផ្ទាល់ខ្លួន។ ការសរសេរនោះពេលខ្លះឈាន​ដល់​ទម្រង់​នៃ​ភាពអស្ចារ្យ និងសេចក្ដីស្រឡាញ់ដ៏ខ្ពង់ខ្ពស់ នៅក្នុងរចនាបថសាមញ្ញៗ។

 

Daily Program

Livesteam thumbnail