យុវជនខ្មែរច្នៃប្រឌិតផលិតម៉ូដរ៉ូបដ៏ប្រណីតចេញពីដើមកំប្លោក
រុក្ខជាតិទឹកដែលអណ្តែតរាយប៉ាយតាមដងទន្លេ ស្ទឹង ឬបឹងបួរ ដែលមនុស្សភាគច្រើនតែងមើលរំលង ឬចាត់ទុកថាជាឧបសគ្គរារាំងផ្លូវទឹកនោះ ត្រូវបានយុវជនខ្មែរមួយរូបដែលមានឈាមជ័រជាអ្នកច្នៃប្រឌិត និងស្រឡាញ់បរិស្ថាន យកមកធ្វើនវានុវត្តផលិតជាម៉ូដរ៉ូបដ៏ស្រស់ស្អាត ប្លែក គួរឱ្យទាក់ទាញ និងបង្កប់នូវសិល្បៈកម្រិតខ្ពស់។
លោក ថត កឺ ដែលមានឈ្មោះហៅក្រៅថា កញ្ញាស្លឹកឈើ ជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ និងជាគ្រូបង្វឹកដើរម៉ូតម្នាក់នៅក្នុងខេត្តសៀមរាប បានឱ្យដឹងថា ការកែច្នៃម៉ូតពីកំប្លោកនេះមិនមែនជាគំនិតថ្មីស្រឡាងនោះទេ ព្រោះលោកធ្លាប់បានច្នៃម៉ូតសម្លៀកបំពាក់ចេញពីរុក្ខជាតិនេះជាច្រើនលើកមកហើយ។
លោកបានរៀបរាប់ថា លោកបានច្នៃម៉ូតបែបនេះមានយូរមកហើយ មានតាំងពីយកល្ពាក់ ស្លឹកឈើ និងសម្ភារៈប្រើប្រាស់ផ្សេងៗមកច្នៃ។ លោកមើលឃើញថា កន្លងមកមានការលក់ផលិតផលពីកំប្លោកដូចជាកាបូបច្រើនដែរ តែមិនសូវមានការគាំទ្រ ដោយសារមនុស្សភាគច្រើនគិតថារបស់នេះមិនសូវមានតម្លៃ។ ដូច្នេះហើយ ទើបលោកចង់លើកកម្កើងប្រេនខ្មែរឱ្យមានការចាប់អារម្មណ៍កាន់តែច្រើន ដោយសុខចិត្តយកកំប្លោកដែលសហគមន៍កែច្នៃស្រាប់នោះ មកច្នៃបន្តជាឈុតសម្លៀកបំពាក់ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមហាជន។
ការសម្រេចចិត្តយកកំប្លោកមកច្នៃជារ៉ូបម៉ូដទាន់សម័យនេះ មិនត្រឹមតែបង្កើតភាពធ្លោក្នុងវិស័យម៉ូដប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់កសិករ និងសហគមន៍មូលដ្ឋានដែលប្រកបរបរធ្វើវត្ថុអនុស្សាវរីយ៍ពីកំប្លោកឱ្យមានការងារធ្វើកាន់តែច្រើន ជាពិសេសចាស់ជរា និងស្ត្រីមេម៉ាយដែលមិនអាចធ្វើដំណើរទៅធ្វើការឆ្ងាយពីផ្ទះ ឱ្យមានចំណូលសម្រាប់ចិញ្ចឹមជីវិត។ គំនិតនេះបានលេចឡើង បន្ទាប់ពីលោកបានឃើញសហគមន៍យកកំប្លោកមកត្បាញជាកន្ត្រក ឬកន្ទេលកន្លងមក។
ទម្រាំតែចេញជារូបរាងរ៉ូបដ៏ប្រណីតមួយឈុតៗ យុវជនរូបនេះបានរំលេចពីផលលំបាកថា មុនពេលបានសម្លៀកបំពាក់ពីដើមកំប្លោកហ្នឹងមក គឺត្រូវចាប់ផ្តើមពីការប្រមូលផលកំប្លោក រួចយកទៅលាងសម្អាតឱ្យបានស្អាតល្អ បន្ទាប់មកត្រូវឆ្លងកាត់ការហាលថ្ងៃឱ្យស្ងួតជាច្រើនថ្ងៃ ដើម្បីការពារកុំឱ្យមានដុះផ្សិតទៅថ្ងៃក្រោយ។ ឧបសគ្គធំមួយទៀតនោះគឺ ដើមកំប្លោកដែលស្ងួតហើយតែងមានលក្ខណៈស្រួយ និងងាយបាក់ ដែលធ្វើឱ្យការយកមកច្នៃជួបការលំបាកខ្លាំង។
លោកបានបន្ថែមថា ក្នុងមួយរ៉ូបនេះត្រូវចំណាយកំប្លោកច្រើន ប្រហែលជាប្រាំទៅប្រាំមួយគីឡូក្រាម ហើយត្រូវប្រើប្រាស់ពេលវេលាជិតដប់ថ្ងៃ ព្រោះរាល់ការងារនីមួយៗត្រូវធ្វើឡើងដោយដៃទាំងស្រុង និងត្រូវត្បាញម្តងមួយៗយ៉ាងផ្ចិតផ្ចង់។ កំប្លោកទាំងនេះដុះតាមបឹង ហើយលោកប្រមូលទិញពីកសិករ ដោយសារមិនជំនាញក្នុងការកាប់ប្រមូលដោយខ្លួនឯង។ ការងារនេះគឺធ្វើឡើងរួមគ្នាជាមួយបងប្អូនដែលធ្វើកាបូបពីកំប្លោក ដើម្បីជួយគ្នាទៅវិញទៅមក ដោយលោកជាអ្នកផ្តល់គំនិតច្នៃប្រឌិត។
ក្រោយពីបានដាក់បង្ហាញស្នាដៃរ៉ូបកំប្លោកដំបូងនៅលើបណ្តាញសង្គម យុវជនរូបនេះទទួលបានការកោតសរសើរ និងការជម្រុញទឹកចិត្តយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសស្រទាប់យុវវ័យ និងអ្នកស្រឡាញ់សិល្បៈច្នៃប្រឌិតបែបបៃតង។ ម៉ូដរ៉ូបទាំងនោះ ត្រូវបានអ្នកជំនាញវាយតម្លៃថា មានភាពប្រណីត បែបស៊ីវិល័យ ឬហៅថា High Fashion និងបង្កប់នូវអត្តសញ្ញាណធម្មជាតិយ៉ាងពិតប្រាកដ។
ចំពោះទស្សនវិស័យទៅថ្ងៃអនាគត យុវជនរូបនេះមានបំណងចង់ពង្រីកការច្នៃប្រឌិតនេះឱ្យកាន់តែទូលំទូលាយ ដោយបង្កើតជាការប្រមូលផ្តុំម៉ូដសម្លៀកបំពាក់បរិស្ថាន ដើម្បីយកទៅដាក់បង្ហាញក្នុងកម្មវិធីដើរម៉ូដធំៗ ទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។
លោកបានសង្កត់ធ្ងន់ថា ដូចអ្វីដែលបងប្អូនស្គាល់លោកតាមរយៈឈ្មោះ កញ្ញាស្លឹកឈើ គឺលោកចេះតែច្នៃនេះនោះចេញពីស្លឹកឈើ ដើម្បីដាស់ស្មារតីរបស់អ្នកទស្សនាឱ្យត្រឡប់មកប្រើប្រាស់របស់ធម្មជាតិវិញ។ ឧទាហរណ៍ បើបងប្អូនខ្លះគាត់ទម្លាប់ប្រើកន្ត្រកជ័រ ហើយភ្លេចគិតពីល្ពាក់ នៅពេលគាត់ឃើញវីដេអូរបស់លោក គាត់ក៏នឹងនឹកឃើញត្រឡប់មកប្រើប្រាស់វាឡើងវិញ។ លោកបានបញ្ជាក់បន្ថែមដោយក្តីប្តេជ្ញាចិត្តថា នឹងបន្តរួមចំណែកជួយបង្កើតការងារ និងប្រភពចំណូលបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ដែលជាអ្នកប្រមូល និងផ្គត់ផ្គង់កំប្លោកក្រៀមទាំងនោះ។
ស្នាដៃនេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា យុវជនខ្មែរបច្ចុប្បន្នមានការគិតគូរទូលំទូលាយ និងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាភពផែនដី តាមរយៈវិស័យម៉ូដសម្លៀកបំពាក់ប្រកបដោយចិរភាព៕