ម៉ានូអែលទី១ ស្តេចស្ថាបនានៃចក្រភពអាណានិគមព័រទុយហ្គាល់

ម៉ានូអែលទី១ អ្នកផ្សងព្រេង មហារាជា និងជាស្តេចមានទ្រព្យដ៏ស្តុកស្តម្ភ ប្រសូតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៤៦៩ នៅទីក្រុងអាល់កូចេត និងទទួលមរណភាពនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៥២១ នៅរាជធានីលីស្បូន។ ព្រះអង្គគឺជាស្តេចទី១៤ របស់រាជាណាចក្រព័រទុយហ្គាល់ ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ១៤៩៥ រហូតដល់ថ្ងៃសោយទីវង្គត។
ចំណូលពីពាណិជ្ជកម្មផ្តាច់មុខរបស់ព័រទុយហ្គាល់ ព្រមទាំងដែនដីអាណានិគមនានា បានធ្វើឲ្យព្រះរាជាម៉ានូអែលទី១ គឺជាស្តេចដែលមានបំផុតនៅអឺរ៉ុប។ នេះបានអនុញ្ញាតឲ្យព្រះអង្គក្លាយជាអ្នកគាំពារអ្នកប្រាជ្ញម្នាក់ដ៏ធំនៅយុគសម័យពន្លឺរបស់ព័រទុយហ្គាល់ ដែលអាចបង្កើតបានជាស្នាដៃសិល្បៈ និងអក្សរសាស្រ្តជាច្រើន។ រាជនាបថ ម៉ានូអេឡាំង ត្រូវបានចាត់ទុកជាស្ថាបត្យកម្មជាតិរបស់ព័រទុយហ្គាល់។
គ្រប់ក្រុមរុករករបស់ព័រទុយហ្គាល់គឺជាលទ្ធផលនៃផែនការរបស់ព្រះរាជាម៉ានូអែលទី១ ដើម្បីប្រឆាំងនឹងឥស្លាម និងនៅមហាសមុទ្រឥណ្ឌាបិទខ្ទប់ឈូងសមុទ្រពែរ្យ៍ និងដើម្បីគ្រប់គ្រងពាណិជ្ជកម្មជាមួយប្រទេសចិន។ នេះចូលរួមស្ថាបនានៃចក្រភពអាណានិគមព័រទុយហ្គាល់ ដែលធ្វើឲ្យប្រទេសព័រទុយហ្គាល់ក្លាយជាប្រទេសមួយមានទ្រព្យធន និងមានអំណាច។
ព្រះរាជាម៉ានូអែលទី១ ពង្រីកងារឋានន្តរសក្តិផ្លូវការដើម្បីឆ្លុះបញ្ចាំងអំពីការរីកធំនៃរាជាណាចក្ររបស់ព្រះអង្គ។ ព្រះអង្គប្រកាសខ្លួនថា ជាស្តេចនៃព័រទុយហ្គាល់ និងតំបន់អាល់ហ្គាកដែលនៅក្បែរសមុទ្រអាហ្វ្រិក។ ព្រះអង្គក៏ដាក់ងារខ្លួនថា ស្តេចត្រាញ់ហ្គីណេ ស្តេចត្រាញ់ចក្រពត្តិ ស្តេចនៃនាវាចរណ៍ និងពាណិជ្ជកម្មនៅអេត្យូពី អារ៉ាប៊ី ពែរ្យ៍ និងឥណ្ឌា ។
ព្រះរាជាម៉ានូអែលទី១ ប្រើប្រាស់ធនធានដែលទទួលបានតាមរយៈការធ្វើពាណិជ្ជកម្មដើម្បីស្ថាបនាសំណង់រាជាដោយយកតាមរចនាបថ ម៉ានូអេឡាំង ដូចជា ការសាងសង់វិហារ អីយ៉េរ៉ូនីមីតេស ដែលទាកទាញអ្នកសិល្បៈករ ព្រមទាំងអ្នកវិទ្យាសាស្រ្តនានាមកកាន់រាជនានីលីស្បូន។ ព្រះអង្គទំនុកបម្រុងបញ្ញាជនព័រទុយហ្គាល់ជាច្រើន។
នៅក្រោមអំណាចរបស់ព្រះអង្គ អំណាចផ្តាច់ការរាជាគឺជាវិធីសាស្រ្តនៃការគ្រប់គ្រង។ សភានៃរាជាណាចក្របានជួបប្រជុំគ្នាតែ ៤ដងនៅរាជធានីលីស្បូននៅអំឡុងការសោយរាជ្យរបស់ព្រះអង្គ។
ព្រះរាជាម៉ានូអែលទី១ ធ្វើកំណែទម្រង់តុលាការយុត្តិធម៌ រចនាសម្ពន្ធរាជធានីខេត្ត ដែលអនុញ្ញាតឲ្យមានទំនើបកម្មការបង់ពន្ធ ព្រមទាំងទស្សនទាននៃសួយសាអាករ និងសិទ្ធ។
ព្រះរាជាម៉ានូអែលទី១ គឺជាស្តេចដែលមានជំនឿខ្លាំង ដែលបញ្ជូនទៅក្នុងដែនដីអាណានិគមនូវសាសនៈទូត ដូចជា លោកបូជាចារ្យ ហ្វ្រ៉ងស៊ីស្កូ អាល់វ៉ារ៍ ដែលបានធ្វើការស្ថាបនាអគារសាសនា និងលើកកំពស់បូជនីយកិច្ចប្រឆាំងនឹងចក្រភពអូតូម៉ង់។ ព្រះរាជាម៉ានូអែលទី១ បានទទួលផ្កាកូឡាបមាសពីព្រះហត្ថរបស់សម្តេចប៉ាបហ្ស៉ូលទី២ នៅឆ្នាំ១៥០៦។
បន្ទាប់ពីការចាប់ផ្តើមនៃការសោយរាជ្យរបស់ព្រះរាជាម៉ានូអែលទី១ គឺមានការអនុគ្រោះជាខ្លាំងសម្រាប់ជនជាតិហ្ស៉ីហ្វ ដោយសារការលុបមិនយកពន្ធ និងការដោះលែងទាសករ។
នៅអំឡុងការសម្លាប់ទ្រង់ទ្រាយធំនៅរាជធានីលីស្បូននៅឆ្នាំ១៥០៦ ជនជាតិហ្ស៉ីហ្វប្រមាណ ២០០០នាក់ ត្រូវបានធ្វើឃាត។ មេដឹកនាំនៃការកាប់សម្លាប់ត្រូវបានព្រះរាជាម៉ានូអែលទី១ ចាប់ប្រហារជីវិត។
នៅខែធ្នូ ឆ្នាំ១៥២១ នៅខណៈដែលរាជធានីលីស្បូនរងនូវជំងឺរាតត្បាតជំងឺប៉េស្ត ព្រះរាជាម៉ានូអែលទី១ និងមន្រ្តីអមដំណើរបានស្ថិតនៅរាជវាំងរីបេអ៊ីរ៉ា។ នៅថ្ងៃទី៤ ខែធ្នូ ព្រះរាជាម៉ានូអែលទី១ ក៏ចាប់មានបង្ហាញរោគសញ្ញាគ្រុនខ្លាំង និងសោយទីវង្គតនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៥២១ នៅព្រះជន្មាយុ ៥២ព្រះវិស្សា។
Daily Program
