មូស្តាហ្វ៉ា ខេម៉ាល់ អាតាទួក បិតា និងជាស្ថាបនិកនៃប្រទេសទួរគី
លោកមូស្តាហ្វ៉ា ខេម៉ាល់ ប៉ាចា ដែលប្រជាជនទួរគីស្គាល់លោកថា អាតាទួក ចាប់តាំងពីឆ្នាំ ១៩៣៤ មក គឺជាទាហាន និងជារដ្ឋបុរសទួរគី។ លោកអាតាទួក កើតនៅទីក្រុងថេសសាឡូណីក នៅឆ្នាំ១៨៨១។ លោកគឺជាស្ថាបនិក និងជាប្រធានាធិបតីដំបូងនៃសាធារណៈរដ្ឋទួរគី ពីឆ្នាំ១៩២៣ ដល់ថ្ងៃទទួលមរណភាព។
លោកអាតាទួកបង្ហាញមុខនៅឆ្នាំ១៩១១-ឆ្នាំ១៩១២ នៅអំឡុងសង្រ្គាមលីប៊ី ដែលនៅពេលនោះលោកបានទទួលរងរបួស ភ្នែកខាងឆ្វេង បន្ទាប់មកនៅសង្រ្គាមលោកលើកទី១ លោកបានក្លាយជាវរបុរសជាតិ ដែលចូលរួមចំណែកយកជ័យជម្នះ លើកងទ័ពក្រុមសម្ព័ន្ធមិត្តបារាំង អង់គ្លេស និងរុស្ស៊ី នៅអំឡុងសមរភូមិ ដាកដាណេល នៅឆ្នាំ១៩១៥។
នៅអំឡុងការគ្រប់គ្រងចក្រភពអូតូម៉ង់ដោយកងទ័ពសម្ព័ន្ធមិត្ត លោកអាតាទួក បានបដិសេធ មិនចង់ឃើញចក្រភពត្រូវបានបែកតាមរយៈសន្ធិសញ្ញា សេវវ្រ៍ នោះឡើយ។ ដោយមានការគាំទ្រពីអ្នកចូលរួម លោកអាតាទួក បានធ្វើការបះបោរប្រឆាំងនឹងរដ្ឋាភិបាលចក្រពត្តិនៃស្តេចស៊ុលតង់ និងបង្កើតជាអំណាចនយោបាយទី២ នៅទីក្រុងអង់ការ៉ា។ គឺនៅទីក្រុងនេះហើយដែលលោកបានដឹកនាំការតស៊ូ បន្ទាប់មកធ្វើសង្រ្គាមប្រឆាំងនឹងអ្នកត្រួតត្រានៅអំឡុងសង្រ្គាមឯករាជ្យភាពរបស់ទួរគី។
ក្រោមការបញ្ជារបស់លោក កងកម្លាំងទួរគី បានយកឈ្នះកងទ័ពសម្ព័ន្ធ អាម៉េនី និងបារាំង។ បន្ទាប់មក លោកបានវាយឲ្យបរាជ័យនូវបញ្ជាការរបស់ទាហានក្រិក ដែលគ្រប់គ្រងទីក្រុង និងតំបន់អ៊ីស្មៀ តំបន់ត្រាសខាងកើត និងកោះមួយចំនួន ដូចជា ហ្គោសេដា បូកាអាដា គុនដា នៅក្នុងសមុទ្រ អេហ្ស៉េ។
បន្ទាប់ពីសមរភូមិ សាកាកយ៉ា ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ១៩២១ សមាជជាតិដ៏ធំរបស់ទួរគី បានផ្តល់នាមលោកថា ហ្គ៉ាហ្ស៊ី ដែលមានន័យថា បុគ្គលអ្នកឈ្នះ។ លោកបានឈានទៅរុញច្រានបានទាំងស្រុងនូវទាហានក្រិកចេញពីប្រទេសទួរគី។ ដោយបានទទួលឥទ្ធិពលពីបដិវត្តន៍បារាំង លោកអាតាទួក បានកេងយកចំណេញពីអ្វីដែលលោកចាត់ទុកថាជាការមិនស្មោះត្រង់របស់ស្តេចស៊ុលតង់ ម៉េម៉េដទី២ ក្នុងអំឡុងពេលចុះសន្ធិសញ្ញាបញ្ចប់សង្គ្រាមមូដ្រូស នៅឆ្នាំ១៩១៨ ដើម្បីបញ្ចប់រាជ្យរបស់ស្តេចស៊ុលតង់នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩២២។
មួយឆ្នាំបន្ទាប់ពីសង្រ្គាមឯករាជ្យទួរគី នៅខែតុលា ឆ្នាំ១៩២៣ លោកអាតាទួក បានផ្លាស់ប្តូររដ្ឋធានីទួរគីទៅអង់ការ៉ា។ សមាជសភាជាតិទួរគី បានប្រកាសថាទួរគីជាសាធារណៈរដ្ឋ ហើយលោកអាតាទួក ក៏បានក្លាយជាប្រធានាធិបតីទី១ នៃសាធារណៈរដ្ឋទួរគី។
លោកអាតាទួក បានធ្វើឲ្យប្រទេសទួរគីមានលក្ខណៈបែបអឺរ៉ុបតាមរយៈកំណែទម្រង់ដាច់ខាតជាច្រើនក្នុងឆន្ទៈម៉ឺងម៉ាត់ក្នុងការផ្តាច់ទួរគីចេញពីអតីតកាលជារាជាធិបតេយ្យអូតូម៉ង់ និងឥស្លាម។ ដូច្នេះ លោកអាតាទួកបានចែងបញ្ចូលគោលការណ៍សាសនាឯករាជ្យពីរដ្ឋទៅក្នុងរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានអនុម័តនៅឆ្នាំ១៩២៤ ដកសាសនាឥស្លាមជាសាសនាផ្លូវការ ខណៈដែលរដ្ឋនៅតែគ្រប់គ្រងសាសនា តាមអំណាចរដ្ឋ បោះបង់អង្គភាពច្បាប់ឥស្លាមឆារីយ៉ា ផ្តល់សិទ្ធិឲ្យស្ត្រីមានសិទ្ធិឆ្នោត និងជំនួសអក្សរអារ៉ាប់ដោយអក្សរឡាតាំងវិញដែរ។ លោកអាតាទួកបានដឹកនាំការធ្វើបដិវត្តសង្គម និងវប្បធម៌ទួរគីដែលមិនធ្លាប់មានពីមុនដែលជាទូទៅត្រូវបានហៅថា ជាបដិវត្តន៍ខេម៉ាល់។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៣៤ សភាជាតិបានផ្តល់នាមលោកលោកមូស្តាហ្វ៉ា ខេម៉ាល់ ប៉ាចា ថា អាតាទួក ដែលអាចប្រែតាមភាសាទួរគីថា ជាបិតានៃទួរគី។
លោកអាតាទួក បានទទួលមរណភាពដោយជំងឺក្រពះ នៅអាយុ៥៧ឆ្នាំ នៅទីក្រុងអ៊ីស្តង់ប៊ូល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៣៨។