មណ្ឌលសិក្សាសហគមន៍ - ស្ពានចម្លងបណ្តុះចំណេះដឹង និងកាត់បន្ថយភាពអនក្ខរភាពសម្រាប់កុមារបាត់បង់ឱកាស

កុមារតូចៗមួយចំនួនដែលធ្លាប់បានចូលរៀននៅសាលាបឋមសិក្សា ប៉ុន្តែត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សាទាំងវ័យក្មេង ដោយសារបញ្ហាជីវភាពគ្រួសារ ចម្ងាយផ្លូវឆ្ងាយ កង្វះខាតមធ្យោបាយធ្វើដំណើរ ឬត្រូវតាមឪពុកម្តាយចំណាកស្រុក ឥឡូវនេះកំពុងទទួលបាន «ឱកាសទីពីរ» ក្នុងការក្រេបជញ្ជក់ចំណេះដឹងឡើងវិញ តាមរយៈ «សាលាសមមូល» ដែលរៀបចំឡើងដោយអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន។

លោក នង វុត្ថា នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន បានមានប្រសាសន៍រៀបរាប់ថា សាលាសមមូលនេះត្រូវបានបង្កើតឡើងក្រោមរូបភាពកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា។

លោក នង វុត្ថា បានបញ្ជាក់ថា៖ «សាលាសមមូលនេះរៀបចំឡើងដើម្បីផ្តល់ឱកាសដល់កុមារក្នុងវ័យបឋមសិក្សាដែលបានបោះបង់ចោលសាលា និងមានអាយុធំហួសកម្រិត ធ្វើឱ្យពួកគេពិបាកក្នុងការត្រឡប់ទៅចូលរៀនក្នុងប្រព័ន្ធបឋមសិក្សាវិញ។ យើងបានរៀបចំកម្មវិធីសិក្សាបង្រួមដែលមានរយៈពេល ២ ឆ្នាំ (ក្នុង ១ ឆ្នាំ សិក្សា ៨ ខែ សរុបទាំងអស់ ១៦ ខែ)»។

លោក នង វុត្ថា បានឱ្យដឹងបន្ថែមថា ថ្នាក់សិក្សាសមមូលនេះគឺជាផ្នែកមួយនៃ «គម្រោងសិក្សាសហគមន៍» ដែលបានចាប់ផ្តើមដំបូងក្នុងឆ្នាំ ២០១៦ ក្រោមជំនួយឧបត្ថម្ភពីប្រទេសជប៉ុន។ គម្រោងនេះមានគោលដៅបង្កើតគំរូមណ្ឌលសិក្សាសហគមន៍នៅតាមមូលដ្ឋានក្នុងស្រុកទាំង ១២ នៃខេត្តសៀមរាប ដើម្បីផ្តល់ការអប់រំក្រៅប្រព័ន្ធដល់ប្រជាសហគមន៍ដែលខ្វះលទ្ធភាពចូលសិក្សាក្នុងប្រព័ន្ធអប់រំរបស់រដ្ឋ។

លោកបានបន្តថា មណ្ឌលសិក្សាសហគមន៍មានចរិតលក្ខណៈ និងមុខងារជាពហុវិស័យ៖ «មណ្ឌលនេះទទួលខុសត្រូវលើការងារចម្បងៗ រួមមាន ការងារអប់រំ បណ្ណាល័យសហគមន៍ មត្តេយ្យសហគមន៍ កម្មវិធីសម្រាប់សិស្សបោះបង់ចោលសាលា កម្មវិធីអក្ខរកម្ម និងកម្មវិធីបំប៉នបំណិនជីវិតមួយចំនួន»។

បច្ចុប្បន្ន មណ្ឌលសិក្សាសហគមន៍មានសរុបចំនួន ១២ ទីតាំង គ្របដណ្តប់ក្នុងខេត្តសៀមរាប។ មូលហេតុដែលអង្គការយូណេស្កូជប៉ុន សម្រេចជ្រើសរើសយកខេត្តសៀមរាបជាទីតាំងអនុវត្តគម្រោងនេះ គឺដោយសារតែខេត្តនេះជាតំបន់ដែលបានបញ្ចប់សង្គ្រាមក្រោយគេ បង្កឱ្យមានគម្លាត និងបញ្ហាប្រឈមច្រើនលើផ្នែកអប់រំ។

ក្រៅពីការផ្តោតលើការអប់រំ និងការលុបបំបាត់ភាពអនក្ខរភាព គម្រោងសិក្សាសហគមន៍ក៏បានបន្ថែមនូវ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ប្រជាជនដែលបានបញ្ចប់ថ្នាក់អក្ខរកម្មផងដែរ។ ការបណ្តុះបណ្តាលជំនាញនេះ គឺដើម្បីជួយឱ្យពួកគេមានសមត្ថភាពបង្កើតប្រភពចំណូលអចិន្ត្រៃយ៍ សម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងរួមចំណែកអភិវឌ្ឍន៍សហគមន៍ទាំងមូលឱ្យមាននិរន្តរភាព៕

Daily Program

Livesteam thumbnail
khmer popup image