តើអ្នកបរិភោគគួរធ្វើបែបណាដើម្បីទទួលបានបន្លែសុវត្ថិភាព?
នៅក្នុងសិក្ខាសិលាស្តីពីសុវត្ថិភាពចំណីអាហារ កាលពីពេលថ្មីៗនេះ អ្នកជំនាញបានបង្ហាញថា ដើម្បីសុវត្ថិភាព ទោះបីជាបន្លែគីមី ឬបន្លែសរីរាង្គក៏ដោយ អ្នកបរិភោគ និងអ្នកប្រើប្រាស់គួរតែលាងសម្អាតជាមុនសិន។ អ្នកជំនាញខាងផ្នែកសុវត្ថិភាពម្ហូបអាហារបានឱ្យដឹងថា បន្លែសរីរាង្គអាចមានមេរោគច្រើនជាងបន្លែដែលដាំដុះដោយប្រើជីគីមីទៅទៀត ព្រោះតែបន្លែទាំងនោះប្រើប្រាស់ជីធម្មជាតិដូចជា លាមកសត្វ ឬកំទេចកំទីស្អុយរលួយជាដើម ដើម្បីឱ្យដំណាំទទួលបានផលល្អ។
លោក អួយ ដាវិន អ្នកឯកទេសខាងសុវត្ថិភាពម្ហូបអាហារ បានបញ្ជាក់ថា បន្លែសរីរាង្គសម្បូរទៅដោយមេរោគច្រើន ដោយសារជីសរីរាង្គធ្វើឱ្យមេរោគលូតលាស់ខ្លាំង ហើយការដាំដុះនោះ លុះត្រាតែមានបច្ចេកទេសពិសេស ទើបបន្លែមិនសូវមានមេរោគ។ ប្រជាកសិករក្រៅពីជីគីមី គាត់បានប្រើប្រាស់លាមកសត្វដោយមិនបានសម្លាប់មេរោគជាមុន ដូច្នេះវាអាចមានមេរោគច្រើន។ ចំណែកឯបន្លែដែលដាំដោយប្រើជីគីមីវិញ គាត់អាចបាញ់ថ្នាំសម្លាប់សត្វល្អិត ដែលអាចធ្វើឱ្យបន្លែនោះមានទាំងថ្នាំសម្លាប់សត្វល្អិត និងមានទាំងមេរោគ។
ដោយមើលឃើញបញ្ហាសុវត្ថិភាពចំណីអាហារនៅកម្ពុជាកំពុងប្រឈមការព្រួយបារម្ភ បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកសុវត្ថិភាពចំណីអាហារពីប្រទេសបារាំង លោក អួយ ដាវិន បានសិក្សាស្រាវជ្រាវផលិតទឹកលាងបន្លែមួយប្រភេទ មានឈ្មោះថា «អាកតាជីវ (ACTA BIO)» ដែលមានសមត្ថភាពលាង និងកម្ចាត់បាក់តេរីដែលតោងជាប់ផ្នែកខាងក្រៅនៃបន្លែ ជួយឱ្យអ្នកទទួលទានអស់កង្វល់ចំពោះសុខភាព។ លោកបានបន្តថា ភោជនីយដ្ឋានផ្សេងៗធ្លាប់ប្រឈមមុខនឹងបញ្ហាមេរោគ និងជាតិគីមី ពេលពួកគាត់ចង់បានស្តង់ដារ។ ដូច្នេះ ការត្រាំបន្លែក្នុងទឹក៥លីត្រ ជាមួយទឹកលាងបន្លែ៤គម្រប រយៈពេលពី ១៥ ទៅ ៣០នាទី អាចជួយដោះស្រាយបញ្ហានេះបាន។
ក្រៅពីវិធីលាងបន្លែដោយប្រើប្រាស់ផលិតផលខាងលើ នៅមានវិធីមួយចំនួនទៀតដែលប្រជាពលរដ្ឋនិយមប្រើប្រាស់ គឺការត្រាំបន្លែជាមួយអំបិលប្រមាណ ១៥នាទី ទើបលាងសម្អាតចេញជាមួយទឹកស្អាតមុនពេលទទួលទាន។ បន្ថែមពីនេះ អ្នកជំនាញបានណែនាំថា នៅតាមជនបទដែលមានបញ្ហាទាំងរឿងបន្លែ និងទឹក ប្រជាពលរដ្ឋគប្បីយល់ដឹងពីសុវត្ថិភាពម្ហូបអាហារ ដោយដាំបន្លែមិនប្រើជាតិគីមីប៉ះពាល់ដល់សុខភាព និងប្រើប្រាស់ទឹកស្អាតលាងឱ្យបានច្រើនដង ដើម្បីកាត់បន្ថយកម្រិតមេរោគ។
ទន្ទឹមនឹងនេះ ម្ហូបអាហារក៏ជាកត្តាសំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងថា បច្ចុប្បន្នលោកស្រីបានជំរុញឱ្យម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និងហាងអាហារទាំងអស់ ត្រូវគិតគូរពីសុវត្ថិភាពម្ហូបអាហារឱ្យបានខ្ពស់ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ខណៈដែលវិស័យនេះដើរទន្ទឹមគ្នាយ៉ាងសំខាន់ជាមួយវិស័យទេសចរណ៍។
បច្ចុប្បន្ន កម្ពុជានាំចូលបន្លែពីក្រៅប្រទេសចន្លោះពី ២០០តោន ទៅជាង ៤០០តោន ក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយភាគច្រើននាំចូលពីប្រទេសវៀតណាម និងថៃ។ ផ្អែកតាមរបាយការណ៍របស់ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS) កម្ពុជានាំចូលបន្លែជាង ២០០តោនក្នុងមួយថ្ងៃនៅរដូវត្រជាក់ (ធ្នូ ដល់ កុម្ភៈ) និងរហូតដល់ ៤០០តោនក្នុងមួយថ្ងៃនៅរដូវប្រាំង និងរដូវវស្សា។
ទាក់ទងនឹងការនាំចូលបន្លែនេះ ប្រមុខរាជរដ្ឋាភិបាល ក៏ធ្លាប់បានអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើពហិការមិនទិញបន្លែដែលមានសារជាតិគីមីយកទៅបរិភោគឡើយ ដោយសារការដែលមានបន្លែជាតិគីមីនាំចូលមកទីផ្សារកាន់តែច្រើន ក៏ព្រោះតែប្រជាពលរដ្ឋនៅតែបន្តគាំទ្រទិញពីឈ្មួញ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានណែនាំឱ្យប្រជាពលរដ្ឋដែលបរិភោគបន្លែគ្រប់ប្រភេទ គប្បីចេះពិនិត្យ និងជ្រើសរើសបន្លែណាដែលគ្មានសារជាតិគីមីប៉ះពាល់ដល់សុខភាពផងដែរ៕
