តើប្រជាជនយល់យ៉ាងណាអំពីសេវាសុខភាពនៅក្នុងស្រុក?
សេវាកម្មសុខាភិបាលនៅកម្ពុជា ហាក់ត្រូវបានប្រជាជនមួយចំនួនមើលរំលង។ ជាទូទៅ ប្រជាពលរដ្ឋដែលមានជីវភាពមធ្យម តែងតែទៅស្វែងរកការព្យាបាលនៅប្រទេសវៀតណាម ឬប្រទេសថៃ រីឯអ្នកដែលមានជីវភាពធូរធារ ជ្រើសរើសទៅព្យាបាលនៅប្រទេសសិង្ហបុរី ឬបណ្តាប្រទេសផ្សេងៗទៀត ដោយសារភាគច្រើនយល់ថា សេវាកម្មសុខាភិបាលនៅក្នុងស្រុកនៅមានកម្រិត ទាំងផ្នែកសមត្ថភាពវេជ្ជបណ្ឌិត បច្ចេកវិទ្យា និងសេវាកម្ម។ ផ្អែកលើការរអ៊ូរទាំទាំងនេះ នាំឱ្យកើតជាសំណួរថា «តើស្ថានភាពសេវាកម្មសុខាភិបាលនៅកម្ពុជាដើរដល់កម្រិតណាហើយ? ហើយប្រជាជនយល់យ៉ាងណាពីសេវាសុខភាពក្នុងប្រទេស?»
ជាទូទៅ ពេលមានអាការៈមិនស្រួលខ្លួន ការសួរនាំមិត្តភក្តិ ឬបងប្អូន គឺជាជម្រើសទី១ ក្នុងការសម្រេចចិត្តថាគួរទៅពិគ្រោះ និងព្យាបាលនៅឯណា។ ជារឿយៗ ប្រជាជនដែលមានជីវភាពធូរធារ មិនសូវបានស្គាល់ពីសេវាព្យាបាលក្នុងស្រុកច្បាស់លាស់នោះទេ អមដោយព័ត៌មានអវិជ្ជមានទាក់ទងនឹងបញ្ហាគ្រូពេទ្យដែលត្រូវបានចែករំលែកលើបណ្តាញសង្គម ធ្វើឱ្យមានការណែនាំតៗគ្នាឱ្យទៅព្យាបាលនៅបរទេស។ បរិបទនេះបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងធ្វើឱ្យកម្ពុជាខាតបង់ថវិកាជាច្រើន ខណៈដែលជំងឺមួយចំនួនធំអាចទទួលការព្យាបាលប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសបាន។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋមួយចំនួននៅតែបង្ហាញទំនុកចិត្តលើប្រព័ន្ធសុខាភិបាលក្នុងស្រុក។ អ្នកស្រី ហួន សុភី ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានលើកឡើងថា៖ «ទោះបីជាមានមតិរិះគន់ច្រើន តែខ្ញុំនៅតែជឿលើមណ្ឌលសុខភាព។ ទោះជាយ៉ាងណាក៏ដោយ គ្រូពេទ្យគាត់បានខិតខំធ្វើការអស់ពីសមត្ថភាព ហើយពេលខ្លះគាត់ថែមទាំងមិនគិតពីរឿងថវិកាពីអ្នកជំងឺទៀតផង»។
ស្រដៀងគ្នានេះដែរ លោក សុខ សីហា ដែលជាមន្ត្រីរាជការម្នាក់ បានសម្តែងការយល់ឃើញថា៖ «ខ្ញុំទទួលស្គាល់សេវាសុខាភិបាលនៅក្នុងប្រទេស។ គ្រូពេទ្យបានជួយអ្នកជំងឺច្រើន ទាំងការអប់រំ ផ្សព្វផ្សាយពីសុខភាព និងពិសេសគឺការជួយសង្គ្រោះអ្នកជំងឺធ្ងន់ធ្ងរ។ ទោះជាមានបញ្ហាក្រៅផ្លូវខ្លះ ក៏មិនមែនទាំងអស់នោះដែរ បើយើងគិតអវិជ្ជមានទាំងអស់ ច្បាស់ជាអ្នកជំងឺរត់ទៅព្យាបាលនៅក្រៅប្រទេសអស់ហើយ»។
ក្នុងរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីឱ្យការផ្តល់សេវាសុខភាពកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ តាមរយៈការបង្កើតគោលការណ៍ វិធានការច្បាប់ និងការចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ការរឹតបន្តឹងផ្នែកច្បាប់ អាចទប់ស្កាត់គ្រោះថ្នាក់ ឬការបាត់បង់ជីវិតដោយសារសេវាកម្មគ្មានគុណភាព និងជួយពង្រឹងវិស័យសុខាភិបាលឡើងវិញ ដែលកន្លងមកធ្លាប់រងការរិះគន់យ៉ាងខ្លាំងពីមហាជន។ បន្ថែមពីនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ធ្លាប់បានជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាដែលមានជំងឺប្រចាំកាយ ហើយតែងតែទៅព្យាបាលនៅក្រៅប្រទេស ងាកមកទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យនានាក្នុងប្រទេសវិញ។
ទោះបីជាគ្មានទិន្នន័យផ្លូវការជាក់លាក់យ៉ាងណាក៏ដោយ ប៉ុន្តែគេអាចសង្កេតឃើញថា ប្រជាជនកម្ពុជាស្ពាយថវិកាទៅចំណាយនៅមន្ទីរពេទ្យបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅតាមធនធាន និងលទ្ធភាពរៀងៗខ្លួន។ ទោះបីជាក្រសួងសុខាភិបាលធ្លាប់បានឱ្យដឹងថា ចំនួនអ្នកចេញទៅព្យាបាលនៅក្រៅប្រទេសមិនសូវមានច្រើនប៉ុន្មានក៏ដោយ ប៉ុន្តែការពិតជាក់ស្តែង អ្នកខ្លះទទួលបានលទ្ធផលជាសះស្បើយត្រឡប់មកវិញ រីឯអ្នកខ្លះទៀតក៏ត្រូវដឹកសពត្រឡប់មកស្រុកកំណើតវិញជាដើម៕
