តូគូហ្គាវ៉ា យ៉ូស្ហ៊ីមូណេ ស្ហ៉ូហ្គុន ដែលធ្វើកំណែទម្រង់ជប៉ុននៅសតវត្សទី១៨

តូគូហ្គាវ៉ា យ៉ូស្ហ៊ីមូណេ កើតនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៦៨៤ និងទទួលមរណភាពនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៧៥១។ តូគូហ្គាវ៉ា យ៉ូស្ហ៊ីមូណេ គឺជាស្ហ៉ូហ្គុនទី៨ នៃរដ្ឋាភិបាលស្ហ៉ូហ្គុន គ្រួសារ​តូគូហ្គាវ៉ា នៃប្រទេសជប៉ុន ស្ហ៉ូហ្គុន ដែលមានន័យថា ជាមេដឹកនាំរដ្ឋាភិបាលយោធា។

រដ្ឋាភិបាលស្ហ៉ូហ្គុន តូគូហ្គាវ៉ា គឺជាខ្សែស្នងបន្តតំណែងគ្រួសារស្ហ៉ូហ្គុនជប៉ុនចាប់ពីឆ្នាំ១៦០៣ ដល់ឆ្នាំ​១៨៦៨។ ស្ហ៉ូហ្គុន ឬមេដឹកនាំយោធាទី១ នៃខ្សែគ្រួសារ តូគូហ្គាវ៉ា គឺស្ហ៉ូហ្គុន តូគូហ្គ៉ាវ៉ា លីយ៉ាស៊ូ។ រាជរដ្ឋាភិបាលស្ហ៉ូហ្គុនដែលល្បីបំផុត គឺស្ថិតនៅក្នុងសម័យ​អេដូជប៉ុន។ នេះគឺជា​នាម​​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់ទីក្រុងអេដូផងដែរ។ ការជ្រើសរើសទីក្រុងអេដូ គឺដើម្បី​ឲ្យ​ស្ថិតនៅឆ្ងាយពីរាជធានី​របស់​ព្រះ​ចៅអធិរាជ។ សព្វថ្ងៃអេដូ គឺរាជធានីតូក្យូ។

ស្ហ៉ូហ្គុនតូគូហ្គាវ៉ា យ៉ូស្ហ៊ីមូណេ ត្រូវបានស្គាល់ដោយការបញ្ឈប់ទីប្រឹក្សាជាអ្នកទស្សនវិជ្ជាខុងជឺ និង​ការដាក់ឲ្យដំណើរការកំណែទម្រង់ ក្យូហូ នៅជប៉ុន។ ស្ហ៉ូហ្គុនតូគូហ្គាវ៉ា យ៉ូស្ហ៊ីមូណេ ក៏ត្រូវ​បាន​ចាត់​ទុកជាស្ហ៉ូហ្គុនដែលមានភាពថ្នឹកជំនាញ​ក្នុងនយោបាយ ចាប់តាំងពី​ស្ថាបនិកគ្រួសារ​ស្ហ៉ូហ្គុន លីយ៉ាស៊ូ តូគូហ្គ៉ាវ៉ា។

ស្ហ៉ូហ្គុនតូគូហ្គាវ៉ា យ៉ូស្ហ៊ីមូណេ កើតនៅក្នុងមែកធាងគីស្ហ៊ូគីនៃកុលសម្ព័ន្ធគ្រួសារតូគូហ្គាវ៉ា។ ជីតា​របស់​លោក គឺលីយ៉ាស៊ូ ដែលបានបង្កើត​រដ្ឋាភិបាលស្ហ៉ូហ្គុនបានព្យាករណ៍ថា វាអាចទៅ​រួច​​ដែល​មែក​ធាងសំខាន់នៃគ្រួសារនឹងមិនមានអ្នកស្នង។ ដូច្នេះលោកបានបញ្ជាថា ក្នុងពេល​អវត្តមាន​​មិនមានអ្នកស្នងមរតកគ្រួសារនៅក្នុងមែកធាងសំខាន់ អ្នកស្នងត្រកូលនឹង​អាចត្រូវ​បាន​​ជ្រើស​រើស​​ចេញពីមែកធាង​មួយក្នុងចំណោមមែកធាងដទៃទៀតទាំងបី គឺ អូវ៉ារី គីស្ហ៊ូគី ឬ​មីតូ។ មែកធាង​ទាំងបីនេះត្រូវបានស្គាល់ក្រោមឈ្មោះ ហ្គូសាន់កេ។ តូគូហ្គាវ៉ា យ៉ូស្ហ៊ីមូណេ បាន​ស្នង​បន្តពីបងប្រុសធំទាំងពីររបស់ខ្លួនក្នុងតំណែង​ជាស្តេចត្រាញ់ បន្ទាប់ពីពួកគេ​បាន​ស្លាប់ មុននឹងឡើងទៅជាកាន់តំណែង។

តូគូហ្គាវ៉ា យ៉ូស្ហ៊ីមូណេ បានស្នងឡើងកាន់តំណែងជាស្ហ៉ូហ្គុន នៅឆ្នាំ១៧១៦ បន្ទាប់ពី​ការ​ខក​ខាន​អវត្តមានអ្នកស្នងរដ្ឋាភិបាលស្ហ៉ូហ្គុន​នៃមែកធាងសំខាន់នៃគ្រួសារ។ នៅឆ្នាំ១៧៤៥ ស្ហ៉ូហ្គុន​តូគូហ្គាវ៉ា យ៉ូស្ហ៊ីមូណេ ក៏បាន​ដក​ខ្លួន​ថយពីតំណែង និងទុកតំណែងឲ្យកូនប្រុសច្បង​របស់​ខ្លួន។

ស្ហ៉ូហ្គុនតូគូហ្គាវ៉ា យ៉ូស្ហ៊ីមូណេ គឺជាមេដឹកនាំ​ដែលមានបញ្ញា និងប្រុងប្រយ័ត្ន ជាមួយនិង​ទម្លាប់​ដឹក​នាំតែឯងដោយមិនមានការចែករំលែកអំណាច តាំងពីពេលដឹកនាំដែនដីក្នុងនាម​ជាស្តេច​ត្រាញ់។ ប៉ុន្តែលោកក៏បានដាក់ចេញនូវកំណែទម្រង់ដែលចង់បានដោយអ្នកទស្សនវិជ្ជាខុងជឺ អារ៉ៃ ហាគូសេគី។ ក្នុងគោលដៅស្តារសុខភាពហិរញ្ញវត្ថុសាធារណៈ លោកប្រកាស​ឲ្យ​ប្រើ​ប្រាស់​​ច្បាប់ដែលកម្រិតចំណាយរបស់វណ្ណៈជាន់ខ្ពស់។ ច្បាប់មួយបានលើកសីលធម៌​ខាង​ទស្សនវិជ្ជា​ខុងជឺ ដែលមិនផ្តល់តម្លៃដល់សកម្មភាពពាណិជ្ជកម្មទ្រង់ទ្រាយធំ​ដើម្បីលើក​តម្លៃ​នៃ​គុណធម៌​សង្គម និងផលិតកម្មកសិកម្ម។

តូគូហ្គាវ៉ា យ៉ូស្ហ៊ីមូណេ គឺជាអ្នក​កំណែ​ទម្រង់ដ៏ល្បីល្បាញរបស់ជប៉ុននៅសតវត្សទី១៨ លោក​បាន​ធ្វើទំនើបកម្មរដ្ឋបាលដឹកនាំ និងលើកទឹកចិត្តនូវចំណេះដឹងវិជ្ជាសាស្រ្ត។   

តូគូហ្គាវ៉ា យ៉ូស្ហ៊ីមូណេ មានប្រភពខ្សែគ្រួសារស្ហ៉ូហ្គុន ហ្គូសាន់កេ។ ប៉ុន្តែកូនប្រុសពីរនាក់​របស់​លោកជាមួយ និងកូនប្រុសទី២​ លីស្ហ៊ីហ្គេ ដែលជាអ្នកស្នងបន្ត បានស្ថាបនាខ្សែគ្រួសារស្ហ៉ូហ្គុន តាយ៉ាស៊ូ ហ៊ីតូត្ស៊ូបាស្ហ៊ី និងស្ហ៊ីមីហ្ស៊ូ។  ខុសពីខ្សែគ្រួសារស្ហ៉ូហ្គុន ហ្គូសាន់កេ ពួកគេមិន​មាន​ដី​ធ្លីសក្តិភូមិទេ ប៉ុន្តែពួកគេនៅតែមានឥទ្ធិពលរហូតដល់ចុងបញ្ចប់នៃរដ្ឋាភិបាលស្ហ៉ូហ្គុន តូគូហ្គាវ៉ា ហើយស្ហ៉ូហ្គុនក្រោយមកភាគច្រើន​ជាច្រើនត្រូវបានជ្រើសរើសចេញពីខ្សែគ្រួសារ​ស្ហ៉ូហ្គុន​ ហ៊ីតូត្ស៊ូបាស្ហ៊ីផងដែរ។

 

Daily Program

Livesteam thumbnail