ឈាន សានឈាង បិតានៃអាវុធនុយក្លេអ៊ែរនៃប្រទេសចិន

លោកឈាន សានឈាង (Qian Sanqiang) គឺជាអ្នកប្រាជ្ញរូបវិទ្យានុយក្លេអ៊ែរ និងមានតួនាទី សំខាន់ក្នុងការបង្កើតអាវុធនុយក្លេអ៊ែរ និងការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរដំបូងរបស់ចិន នៅ​ឆ្នាំ១៩៦៤។

លោកឈានមានកំណើតនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩១៣ នៅទីក្រុងស្ហ៉ាវស៊ីង ខេត្តជេជៀន ប្រទេស​ចិន។ លោកបានបញ្ចប់ការសិក្សាផ្នែករូបវិទ្យា នៅសាកលវិទ្យាល័យត្ស៊ីងហ័រ នៅឆ្នាំ​១៩៣៦។ បន្ទាប់មក លោកបានទៅបន្តការសិក្សានៅសាលា កូឡែស៍ ដឺ ហ្វ្រ៉ង់ (Collège de France) ដែលជាស្ថាប័នអប់រំ និងស្រាវជ្រាវកម្រិតឧត្តមនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែល​មាន​ឈ្មោះ​ល្បីថា “ជាសាលាដែលបង្រៀននូវការស្រាវជ្រាវដែលកំពុងផុសឡើង”។

លោកឈាន សានឈាង មានតួនាទីសំខាន់ខ្លាំង និងជាអ្នកដឹកនាំគម្រោង “Two Bombs, One Satellite” គ្រាប់បែក២ ផ្កាយរណប១ របស់ចិន ដែលគម្រោងនេះគឺជាគោលនយោបាយ វិទ្យាសាស្ត្រយុទ្ធសាស្រ្តរបស់ប្រទេសចិន។

នៅឆ្នាំ១៩៥៥ លោកឈាន បានផ្តល់យោបល់ដល់លោកម៉ៅ ហ្ស៉េទុង ដែលជាមេដឹកនាំ​បក្ស​កុំម្មុយនិស្តចិនឲ្យបង្កើតគ្រាប់បែកនុយក្លេអ៊ែរ ហើយនៅឆ្នាំ១៩៥៩ លោកឈាន​ត្រូវ​បាន​តែងតាំង​​ជាអ្នកដឹកនាំគម្រោងអាវុធនុយក្លេអ៊ែរ។ នៅឆ្នាំ១៩៦៤ លោកឈាន បានគ្រប់គ្រង​ការ​​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ ដំបូងរបស់ចិន។

នៅក្នុងហេតុផលនៃតួនាទីស្នូលនៃការអភិវឌ្ឍឧស្សាហកម្មនុយក្លេអ៊ែររបស់ចិន និង​កម្មវិធី​សព្វាវុធនុយក្លេអ៊ែរ លោកឈាន សានឈាង ត្រូវបានចាត់​ទុកជាបិតា​គ្រាប់បែក​អាតូមិក​​នៃ​ប្រទេស​ចិន។

លោកឈាន សានឈាង​ បានទទួលការសិក្សានៅសកល​វិទ្យាល័យប៉េកាំង បន្ទាប់មកនៅ​សកល​វិទ្យាល័យ​ត្ស៊ីនហ័រ ដែលលោកបានបញ្ចប់ដោយទទួល​សញ្ញាបត្រនៅឆ្នាំ១៩៣៦។ លោក​​​ឈាន បានធ្វើដំណើរទៅបារាំងនៅឆ្នាំ១៩៣៧។ លោកបានចូលសិក្សានៅស្ថាបន​កូឡែហ្ស៍ ដឺ ស័របោន ព្រមទាំងកូឡែហ្ស៍ ដឺ ហ្វ្រ៉ង់។ លោកឈាន បានវិលត្រឡប់​មក​ប្រទេស​ចិន​​វិញនៅ​ឆ្នាំ​១៩៤៨ ជាមួយភរិយាលោក ដែលជាអ្នករូបវិទ្យា​នុយក្លេអ៊ែរ​ដែរ គឺលោកស្រីហេ ហ្ស៉េហួយ។ លោកឈាន បានធ្វើការងារ​ជាសាស្រ្តាចារ្យ​នៅ​សកលវិទ្យាល័យ ត្ស៊ីនហ័រ និង​នៅ​ឆ្នាំ១៩៥០ លោកបានស្ថាបនាវិទ្យាស្ថាន​រូបវិទ្យា​ទំនើប​នៃ​រដ្ឋ​បណ្ឌិត​សភាវិទ្យាសាស្រ្តចិន (CAS) ហើយ​សព្វថ្ងៃ មានឈ្មោះថា វិទ្យាស្ថានចិននៃ​ឋាមពល​អាតូមិក។

នៅឆ្នាំ១៩៥៤ លោកឈាន បានចូលរួមបក្សកុំមុយនីស្តចិន។ លោកបានធ្វើការជាបន្តបន្ទាប់​ជានាយកនៃវិទ្យាស្ថានរូបវិទ្យាទំនើបនៃរដ្ឋបណ្ឌិតសភាវិទ្យាសាស្រ្តចិន អនុរដ្ឋមន្រ្តី​នៃក្រសួង​ទី២​​ នៃការស្ថាបនាម៉ាស៊ីន អនុប្រធានរដ្ឋបណ្ឌិតសភាវិទ្យាសាស្រ្តចិន និង​ធ្វើជាអធិបតី​កិត្តិយស​​នៃសមាគមចិន សម្រាប់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។

លោកឈាន បានដើរតួនាទីដ៏សំខាន់នៅក្នុងការអភិវឌ្ឍរូបវិទ្យានុយក្លេអ៊ែរនៅសាធារណរដ្ឋ​ប្រជាមានិតចិន ព្រមទាំងការអភិវឌ្ឍន៍ និងការបង្កើតគ្រាប់បែកអេ A និងអេច H របស់ចិន។

នៅអំឡុងពេលសម័យបដិវត្តវប្បធម៌ លោកឈាន ត្រូវបានបញ្ជូនទៅជនបទ​សម្រាប់​ការរៀន​សូត្រ​ស​ង្គមនិយមឡើងវិញ ដោយហេតុផលនៃការសង្ស័យ ដែលបង្កឡើងដោយការចូលរួម​របស់លោកជាមួយប្រតិភូមួយនៃរដ្ឋាភិបាលជាតិនិយម គួមីនតាង នៅអំឡុងសន្និសិទអង្គការ យូនេសស្កូ (UNESCO) នៅឆ្នាំ១៩៤៦។

បន្ទាប់ពីការបញ្ចប់នៃបដិវត្តវប្បធម៌ លោកឈាន ត្រូវបានតែងតាំងជាសមាជិកនៃរដ្ឋបណ្ឌិត​សភា​វិទ្យាសាស្រ្តចិន។ ​លោកឈានក៏ត្រូវបានអនុញ្ញាតឲ្យចាប់ផ្តើមការងាររបស់លោកឡើង​វិញ​​នៅក្នុងវិទ្យាស្ថានថាមពលអាតូមិករបស់ចិន។

នៅក្នុងការងារនៃការអភិវឌ្ឍវិទ្យាសាស្រ្ត លោកឈាន ក៏បានទទួលពានរង្វាន់ ហង់រី ដឺ ប៉ាកវីល ពីរដ្ឋបណ្ឌិតសភាបារាំងផងដែរ។

លោកឈាន សានឈាង បានទទួលមរណភាព​នៅ​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៩២។

 

 

 

Daily Program

Livesteam thumbnail