ជូ កឺលៀង អ្នកយុទ្ធសាស្រ្តនៃនគរស៊ូ ក្នុងអំឡុងសម័យសាមកុក
លោកជូ កឺលៀង គឺជាអ្នកយុទ្ធសាស្រ្តដ៏ឈ្លាសវៃបំផុតនៃយុគសម័យសាមកុក ចិនបុរាណ។ ជូ កឺលៀង បម្រើការឲ្យស្តេចលីវ ប៉ី និងធ្វើជាឧបរាជនៃនគរស៊ូ។ លោកដឹកនាំការឈ្លានពាន ៥ដង លើនគរវ៉េភាគខាងជើង ក្នុងគោលដៅស្តាររាជ្យវង្សហានឡើងវិញ។
លោកជូ កឺលៀង មានភរិយា ឈ្មោះ ហ័ង ស្ហ៊ី។ លោកគឹជាប្អូនពៅរបស់ជូ កឺជីន និងជាបងប្រុសរបស់ជូ កឺជន។ លោកជូ កឺលៀង រៀនសូត្រជាមួយស៊ូ ស្ហ៊ី និងផាង ថុង គ្រូរបស់ពួកគេគឺស៊ីម៉ា ហួយ។ ឈ្មោះជូ កឺលៀង គឺមានន័យក្នុងប្រទេសចិនថា ជាបញ្ញាញៀន និងដួងព្រលឹង។
លោកជូ កឺលៀង កើតក្នុងអំឡុងឆ្នាំ១៨១ នៅអំឡុងបណ្តាលឆ្នាំចុងក្រោយនៃរាជ្យវង្សហាន នៅខេត្តយ៉ាងទូ ឬខេត្តស្ហ៉ានទុង ប្រទេសចិនសព្វថ្ងៃ។ ដោយបានក្លាយជាក្មេងកំព្រាតាំងពីវ័យ ក្មេង ជូ កឺលៀង ត្រូវតម្រូវឲ្យចាកចេញពីស្ហ៉ានទុង ក្នុងអំឡុងការសម្លាប់រង្គាលជនស៊ីវិល ៤០០០០០នាក់ ដោយឆាវឆាវ ដែលជាស្តេចត្រាញ់ ដ៏មានអំណាចនៅទំនាបកណ្តាល។
រយៈពេលប៉ុន្មានឆ្នាំ លោករស់នៅក្នុងកសិដ្ឋានតូចមួយនៅភូមិឡុងចុង ធ្វើស្រែចំការ និង បង្កើតមិត្តភាពជាមួយនឹងអ្នកល្បីល្បាញខាងអក្សរសាស្រ្ត យោធា និងទស្សនវិទូ នៅជំនាន់នោះ។ កេរ្តិ៍ឈ្មោះរបស់លោកចាប់ផ្តើមល្បាញល្បី។ យោងតាមកំណត់ហេតុនៃសម័យសាមកុក លីវ ប៉ី បានមករកលោកចំនួន ៣ដង និងអង្វរលោកធ្វើឲ្យធ្វើជាអ្នកយុទ្ធសាស្រ្តឲ្យគាត់។ បន្ទាប់ពី ការពិភាក្សារយៈពេលដ៏យូរ និងត្រូវធ្វើឲ្យរំភើបដោយភាពស្មោះត្រង់របស់លីវ ប៉ី ជូ កឺលៀង ក៏យល់ព្រម និងចាកចេញពីកសិដ្ឋានរបស់លោកដើម្បីចូលរួមធ្វើការជាមួយលី ប៉ី។ នៅពេល នោះ លោកមានអាយុ ២៦ឆ្នាំ។
ជាមួយនិងលី ប៉ី ជូ កឺលៀង បានស្ថាបនានគរស៊ូ។ ដោយចងសម្ព័ន្ធជាមួយស៊ុន ឈៀន ស្តេចនៃនគរអ៊ូ ពួកគេបានយកឈ្នះកងទ័ពឆាវឆាវនៅសមរភូមិជ្រោះក្រហម។ បន្ទាប់មក ជូ កឺលៀង ក៏ត្រូវបានតែងតាំងជាមហាឧបរាជ នៅពេលលី ប៉ីឡើងសោយរាជ្យជា អធិរាជ។ ប៉ុន្តែលីវ ប៉ី បានសោយទីវង្គតនៅឆ្នាំ២២៣ បន្ទាប់យុទ្ធនាការយោធាដ៏អន្តរាយរបស់ នគរស៊ូប្រឆាំងនឹងនគរអ៊ូ។ រាជ្យសម្បត្តិត្រូវប្រគល់ឲ្យលីវ ស្ហ៉ាន ជាបុត្រ ហើយជូ គឺលៀង បានបម្រើការរាជការនគរស៊ូ ក្នុងនាមជាឧបរាជរហូតដល់ទទួលមរណភាព នៅឆ្នាំ២៣៤។
នៅឆ្នាំ២២៥ ជូ កឺលៀង បានដឹកនាំយុទ្ធនាការយោធាទៅភាគខាងត្បូង និងបញ្ចប់ដោយសន្តិភាពនូវការបះបោររបស់ជនជាតិដើម។ ដោយសារតែមានធនធាននៃទឹកដីដែលដណ្តើមបានថ្មី នគរស៊ូបានចាប់ផ្តើមរុងរឿង ហើយជូ កឺលៀង ក៏ត្រៀមសម្រាប់ការវាយប្រហារដ៏ធំទៅភាគខាងជើង។
នៅអំឡុងការគ្រប់គ្រងរដ្ឋបាល ដ៏ល្អឥតខ្ចោះ របស់ជូ កឺលៀង នគរស៊ូ បានស្គាល់នូវភាព រុងរឿងយ៉ាងឆាប់រហ័ស និងអាចទប់ទល់ និងទាំងវាយប្រហារនគរវ៉េដ៏មាន អំណាច នៅភាគខាងជើងផង។ ក្នុងអំឡុងបណ្តាលឆ្នាំ ចុងក្រោយនៃជីវិត ជូ កឺលៀង បានធ្វើយុទ្ធនាការយោធាចំនួន ៥ដង ដើម្បីដណ្តើមយកនគរវ៉េ នៅភាគខាងជើង ប៉ុន្តែត្រូវបរាជ័យ។ អ្នកវិភាគថា វា បណ្តាលមកពីអសមត្ថភាពរបស់អធិរាជលីវ ស្ហ៉ាន នៃនគរស៊ូ ហើយនគរវ៉េមានទាហាន និង មេទ័ពច្រើនជាងនគរស៊ូផង។
ក្នុងអំឡុងយុទ្ធនាការយោធាចុងក្រោយ ជូ កឺលៀង មានការនឿយហត់លើសកម្រិត និងធ្លាក់ខ្លួនឈឺ។ លោកទទួលមរណភាព។ ជៀង វ៉េ ដែលពីមុនជាឧត្តមសេនីយ៍ម្នាក់របស់នគរវ៉េ ដែលជូ កឺលៀង បានបញ្ចុះបញ្ចូលមកចូលរួមនឹងនគរស៊ូ បានស្នងបន្តពីលោក។