ខ្វាម៉េ អេនក្រូម៉ា មេដឹកនាំឯករាជ្យប្រទេសហ្គាណា
លោកខ្វាម៉េ អេនក្រូម៉ា កើតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩០៩ នៅទីក្រុងអេនក្រូហ្វ៊ូល អតីតទឹកដីកូត ដឺ ឡ័រ អាណានិគមអង់គ្លេស សព្វថ្ងៃនេះ គឺជាប្រទេសហ្គាណា។ លោកខ្វាម៉េ អេនក្រូម៉ា គឺជាបុរសរដ្ឋទាមទារឯករាជ្យរបស់ហ្គាណា និងជាអ្នកគាំទ្រសហភាពអាហ្វ្រ៊ិករួបរួម។
លោកខ្វាម៉េ អេនក្រូម៉ា ដឹកនាំទឹកដីកូត ដឺ ឡ័រ អង់គ្លេស ពីឆ្នាំ១៩៥៤ ដល់ឆ្នាំ ១៩៥៧ បន្ទាប់មកជាប្រទេសហ្គាណាឯករាជ្យ ធ្វើជានាយករដ្ឋមន្រ្តីពីឆ្នាំ១៩៥៧ ដល់ឆ្នាំ១៩៦០ និងជាប្រធានាធិបតីនៃសាធារណរដ្ឋហ្គាណាពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៦។
លោកខ្វាម៉េ អេនក្រូម៉ា កើតនៅឆ្នាំ១៩០៩ នៅទឹកដីកូត ដឺ ឡ័រ ជាឈ្មោះដែលអាណានិគមអង់គ្លេសដាក់ឲ្យ។ ទោះបីជាលោកមានប្រភពពីសង្គមសាមញ្ញ មិនសូវមានទ្រព្យ លោកខ្វាម៉េ អេនក្រូម៉ា បានទទួលឲ្យចូលរៀនបង់ថ្លៃ ដែលជាដំណើរការសិក្សាដែលគេបង្កើតឡើងសម្រាប់កុមារជាកូនៗរបស់អ្នកមានឥទ្ធិពលក្នុងប្រពៃណីជាចម្បង។ របៀបនេះត្រូវបានរំពឹងថា នឹងអនុញ្ញាតឲ្យរដ្ឋបាលអាណានិគមអង់គ្លេសពឹងផ្អែកលើថ្នាក់ឯកសិទ្ធិរបស់ជនជាតិដើម ដែលអាចត្រូវជ្រើសរើសជាអ្នកតំណាងនៅមូលដ្ឋាន។ នៅឆ្នាំ១៩៣៥ លោកខ្វាម៉េ អេនក្រូម៉ា បានធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិកដើម្បីបន្តការសិក្សារបស់លោកនៅសកលវិទ្យាល័យ លីនខូល។ ទន្ទឹមនឹងការធ្វើការងារតូចតាចជាច្រើននៅពេលសិក្សាផង ដែលលោកតែងពិព៌នាថា ជាជីវិតដ៏ទុរគតរបស់លោកនាប៉ុន្មានឆ្នាំនៅសហរដ្ឋអាម៉េរិក លោកខ្វាម៉េ អេនក្រូម៉ា បានទទួលសញ្ញាបត្រខាងសេដ្ឋកិច្ច និងសង្គមវិទ្យា នៅឆ្នាំ១៩៣៩។
លោកខ្វាម៉េ អេនក្រូម៉ា បានវិលត្រឡប់មកកាន់ទឹកដីកូត ដឺ ឡ័រ វិញ នៅឆ្នាំ១៩៤៧។ លោកធ្វើនយោបាយ។ លោកបានក្លាយជាអគ្គលេខានៃគណបក្សកិច្ចព្រមព្រៀងកូត ដឺ ឡ័រ រួបរួម។ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៤៩ ដោយមានការគាំទ្រពីអង្គការយុវជននៃគណបក្សកិច្ចព្រមព្រៀងកូត ដឺ ឡ័រ រួបរួម លោកខ្វាម៉េ អេនក្រូម៉ា បានប្រកាសបង្កើតគណបក្សថ្មី គឺគណបក្សកិច្ចព្រមព្រៀងប្រជាជន ហើយដែលគណបក្សនេះបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតនីតិបញ្ញត្តិនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ១៩៥១។ លោកខ្វាម៉េ អេនគ្រូម៉ា ក៏រៀបចំបង្កើតរដ្ឋាភិបាល។
ដោយឈលើមូលដ្ឋាននៃនយោបាយ ការធ្វើឲ្យរដ្ឋបាលមានលក្ខណៈអាហ្វ្រ៊ិក និងយន្តការសហភាពអាហ្វ្រ៊ិករួបរួម លោកខ្វាម៉េ អេនក្រូម៉ា បានសម្រេចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានរបស់ប្រទេស ដោយប្រើប្រាស់ប្រាក់ចំណេញពីការិយាល័យពាណិជ្ជកម្មដំណាំកាកាវ។ ចំណែកវិស័យអប់រំ និងសុខាភិបាលក៏ឃើញមានការរីកចម្រើនពិតប្រាកដ។
ក្រោយពីការបោះឆ្នោតនីតិបញ្ញត្តិនៅឆ្នាំ១៩៥៦ គណបក្សកិច្ចព្រមព្រៀងប្រជាជន ទទួលបាន ៣/៤ នៃអាសនៈសភា លោកខ្វាម៉េ អេនក្រូម៉ា ជាមួយនិងជោគជ័យខ្លាំង បានតម្រូវឲ្យចក្រភពអង់គ្លេស ផ្តល់ឯករាជ្យ ហើយដែលឯករាជ្យហ្គាណា ត្រូវបានប្រកាសឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៥៧។
រដ្ឋាភិបាលព្យាយាមធ្វើឲ្យមានភាពចម្រុះនៃសេដ្ឋកិច្ចហ្គាណា និងកាត់បន្ថយការពឹងផ្អែកពីខាងក្រៅផង។ ចំណែកហេដ្ឋារចនាសម្ព័ន្ធបានជួបនូវការអភិវឌ្ឍដ៏គួរឲ្យកត់សម្គាល់ ជាមួយនឹងមានការសាងសង់ទំនប់វារីអគ្គិសនី អាកូសូមបូ ដែលអាចផ្តល់ ភ្លើង ៩១២ ម៉េហ្គាវ៉ាត។ ការអប់រំរបស់ប្រទេសបានក្លាយជាមិនយកកម្រៃ និងជាកាតព្វកិច្ចនៅឆ្នាំ១៩៦២ ហើយការអប់រំជាន់ខ្ពស់ក៏អត់គិតថ្លៃដែរនៅឆ្នាំ១៩៦៥។ លោកខ្វាម៉េ អេនក្រូម៉ា ក៏បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់វប្បធម៌នៃសហភាពអាហ្វ្រ៊ិកដែលរួបរួម។
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៦ នៅខណៈដែលលោកធ្វើដំណើរទៅកាន់ប្រទេសចិន លោកខ្វាម៉េ អេនក្រូម៉ា ត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារយោធាដោយគ្មានការតស៊ូណាមួយទេ។ លោកត្រូវរស់នៅនិរទេស ហើយមិនដែលវិលត្រឡប់មកប្រទេសវិញទេ។ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៧២ លោកខ្វាម៉េ អេនក្រូម៉ាបានទទួលមរណភាពនៅមន្ទីរពេទ្យ ប៊ុយហ្គារ៉េស នៅប្រទេសរ៉ូម៉ានី បន្ទាប់ពីមានជំងឺមហារីកក្រពះ។