ក្នុងឆ្នាំ២០២៣«ត្រីរាជ»ជិតផុតពូជចំនួន១៣ក្បាលត្រូវបានលែងចូលក្នុងទន្លេមេគង្គវិញ

នៅក្នុងឆ្នាំ២០២៣ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានធ្វើការលែងត្រីរាជចំនួន ១៣ក្បាល ដែលជាប្រភេទត្រីជិតផុតពូជ ចូលទន្លេមេគង្គវិញ នៅក្នុងប្រទេសកម្ពុជា។ នេះជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ក្នុងការថែរក្សាប្រភេទត្រីដែលជិតផុតពូជ នៅកម្ពុជ ក្នុងឆ្នាំ២០២៣ ដែលបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ប្រជាជនកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល នៃរដ្ឋបាលជលផល ក្នុងការអភិរក្សប្រភេទមច្ឆជាតិ។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានបញ្ជាក់ថា ត្រីទាំងនេះ ស្ថិតក្នុងចំណោមត្រីធំជាងគេលើពិភពលោកទីពីរ បន្ទាប់ពីត្រីបបែលយក្សទឹកសាបទន្លេមេគង្គ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា។ ចំពោះការផ្តល់ព័ត៌មានអំពីការចាប់បាន និងការលែងត្រីរាជ ជាជំហានដ៏មានអត្ថន័យ ឆ្ពោះទៅរកការអភិរក្សជីវៈចម្រុះ និងការពារអនាគតជលផលរបស់កម្ពុជា។ តាមរយៈសកម្មភាពទាំងនេះ អ្នកនេសាទបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានា ការបន្តការរស់រានមានជីវិតរបស់ត្រីរាជ និងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីការពារជីវចម្រុះនៅកម្ពុជា។

អ្នកនេសាទទាំងអស់ នៅតាមដងទន្លេមេគង្គ ត្រូវចូលរួមសហការក្នុងដំណើរអភិរក្សដែលកំពុងបន្តនេះ។ នៅឆ្នាំ២០២៤ ត្រូវនាំគ្នាបន្តបំផុសគំនិត នៃការផ្តល់ព័ត៌មានអំពីការចាប់បាននូវប្រភេទត្រីកម្រ និងជិតផុតពូជ ដល់ក្រុមការងារអភិរក្ស ដើម្បលែងវាចូលក្នុងទន្លេវិញ ដូចដែលបានអនុវត្តនៅក្នុងឆ្នាំ២០២៣កន្លងមក។ តួនាទីរបស់នេសាទក្នុងការផ្តល់ព័ត៌មានអំពីប្រភេទត្រីកម្រ និងផុតពូជទាំងនេះ មានសារៈសំខាន់ណាស់ ហើយវានឹងក្លាយជាសញ្ញានៃក្តីសង្ឃឹមមួយ សម្រាប់ការអភិរក្សធនធានធម្មជាតិ របស់ប្រទេសកម្ពុជា៕

Daily Program

Livesteam thumbnail