ការបាត់បង់លោក ងូយៀន ហ្វ៊ូ ទ្រុង គឺជាការបាត់បង់ដ៏ធំធេងរបស់ប្រជាជន​វៀតណាម

លោកងូយៀន ហ្វ៊ូ ទ្រុង កើតនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៤៤ នៅក្នុងស្រុកដុង អាន ឥណ្ឌូចិន បារាំង។ លោកទទួលមរណភាពនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ លោកគឺជារដ្ឋបុរសវៀតណាម។ លោកបានកាន់មុខនាទីជាប្រធានរដ្ឋ​វៀតណាម​ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

ពីមុន លោកគឺជាប្រធានសភាជាតិវៀតណាមពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦ ដល់ថ្ងៃទី២៧ ខែ​កក្កដា ឆ្នាំ២០១១។ បន្ទាប់មក លោកក្លាយជាអគ្គលេខានៃគណបក្សកុំមុយនីស្តវៀតណាម (PCV) ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១១ រហូតដល់ថ្ងៃដែលលោកទទួលមរណភាព។

លោកងូយៀន ហ្វ៊ូ ទ្រុង កើតនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៤៤ នៅក្នុងស្រុកដុងអាន ដែល​ជា​ជាយ​នៃទីក្រុងហាណូយ។​ លោកបានទទួលសញ្ញាបត្រពីសកលវិទ្យាល័យជាតិវៀតណាមនៃ​ទីក្រុងហាណូយ។ លោក​ចេះភាសារុស្ស៊ីយ៉ាងស្ទាត់ជំនាញ ដែលលោកបានសិក្សានៅដំណាច់​ទសវត្សឆ្នាំ១៩៥០។ លោកក៏អាចនិយាយដោយរអិលនូវ​ភាសាចិនកុកងឺផងដែរ។

នៅខែមេសា ឆ្នាំ២០០៦ នៅអំឡុងសមាជលើកទី១០ នៃគណបក្សកុំមុយនីស្តវៀតណាម (PCV) លោកត្រូវបានបោះឆ្នោតឲ្យធ្វើជាសមាជិកនៃគណៈកម្មាធិការមជ្ឈិម និងការិយាល័យ​នយោបាយនៃគណបក្សកុំមុយនីស្តវៀតណាម។ លោកក៏កាន់តួនាទីជាប្រធានសភាជាតិវៀតណាមពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦ ដល់ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ២០១១។

នៅឆ្នាំ២០១១ នៅអំឡុងសមាជលើកទី១១ នៃគណបក្ស ដែលប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃ ទី​១៩ ខែមករា លោកត្រូវបានបោះឆ្នោតជាអគ្គលេខានៃគណបក្សកុំមុយនីស្តវៀតណាម​ ស្នង​បន្ត​ពីលោកណុង ឌុក ម៉ាន។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ លោកងូយៀន ហ្វ៊ូ ទ្រុង ត្រូវបានបោះឆ្នោតជាប់ជាប្រធាន​រដ្ឋ ដោយ​សភាជាតិ ជាមួយនឹងសម្លេង ៤៧៦ លើ ៤៧៧ សម្លេង ស្នងបន្តពីលោក ត្រាន ដៃ កាង ដែលបានទទទួលមរណភាពក្នុងមុខនាទីមុនមួយខែ។

ជាបេក្ខភាព​សម្រាប់ការបោះឆ្នោតម្តងទៀតនៅសមាជលើកទី១៣ នៃគណបក្សកុំមុយនីស្ត​វៀតណាម​កាលពីខែមករា ឆ្នាំ២០២១ លោកងូយៀន ហ្វ៊ូ ទ្រុង ដែលគេជឿថាឈ្នះ ត្រូវ​បាន​ពង្រឹង​បន្ថែមដោយការគ្រប់គ្រងដ៏ល្អរបស់លោក​សម្រាប់ការរីករាលដាល​នៃជំងឺកូវីដ១៩ ដែល​​ធ្វើឲ្យមានចំនួនអ្នកស្លាប់ដ៏តិចតួចពាក់ព័ន្ធនឹងជំងឺនេះ និងធ្វើឲ្យមានកំណើនសេដ្ឋកិច្ច​វៀតណាម ២,៤% នៅឆ្នាំ២០២០ ដែលជាកំណើនសេដ្ឋកិច្ចមួយដ៏ខ្ពស់​បំផុតក្នុង​ចំណោម​ប្រទេស​កំណើនសេដ្ឋកិច្ចខ្ពស់នានានៅលើពិភពលោក។

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ លោកងូយៀន ហ្វ៊ូ ទ្រុង ត្រូវបានបោះឆ្នោតឲ្យជាប់ម្តងទៀត ជា​​អគ្គលេខាសម្រាប់អណត្តិទី៣ រយៈពេល ៥ឆ្នាំ ដោយសមាជជាតិទី១៣ របស់គណបក្ស​កុំមុយនីស្តវៀតណាម។

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ លោកងូយៀន ហ្វ៊ូ ទ្រុង ធ្វើសន្និសីទកាសែតមួយ​ដែលលោក​បានថ្លែងថា លោកមិនមានសុខភាពល្អទេ លោកចាស់ ហើយលោកនឹងសម្រាក ប៉ុន្តែសមាជ​បានបោះឆ្នោតឲ្យលោកទៀត។ ដូច្នេះលោកនឹងបំពេញកាតព្វកិច្ចដោយការ​បម្រើ​ជា​សកម្មជន​នៃគណបក្សរបស់លោក”។

ជាមេដឹកនាំដែលមានអំណាចបំផុតនៅក្នុងប្រទេស លោកងូយៀន ហ្វ៊ូ ទ្រុង ទទួលមរណភាព​នៅ​អាយុ ៨០ឆ្នាំ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយសារលោកមានអាយុចាស់ផង និង​មាន​ជំងឺផង។ លោកបានទទួលមរណភាពនៅក្នុងមន្ទីពេទ្យយោធានៃរដ្ឋធានីហាណូយ។

ការបាត់បង់លោកងូយៀន ហ្វ៊ូ ទ្រុង គឺជាការបាត់បង់ដ៏ធំធេងរបស់បក្ស និងប្រជាជន​វៀតណាម។

 

 

Daily Program

Livesteam thumbnail