កានមូ ព្រះចៅអាធិរាជ ដែលពង្រឹងស្ថាបនាស្ថាបនអំណាចជប៉ុន

ព្រះចៅអធិរាជកានមូ ប្រសូតនៅឆ្នាំ៧៣៧ និងសោយទីវង្គតនៅថ្ងៃទី៩ មេសា ឆ្នាំ៨០៦។ ព្រះ​អង្គគឺជាអធិរាជទី៥ នៃប្រទេសជប៉ុនតាមលំដាប់ប្រពៃណីនៃការស្នងរាជ្យ។ ព្រះអង្គ​សោយរាជ្យ​​ពីឆ្នាំ៧៨១ រហូតដល់ថ្ងៃសោយទីវង្គតនៅឆ្នាំ៨០៦។ នាមផ្ទាល់ខ្លួន គឺព្រះអង្គម្ចាស់ យ៉ាម៉ាបេ ហើយព្រះអង្គក៏ជួនកាលត្រូវបានគេហៅថា កាស្ហ៊ីវ៉ាបារ៉ា តេនណូ។

ព្រះចៅកានមូគឺជាបុត្រច្បងរបស់អធិរាជ កូនីន ព្រះអង្គបានប្រសូតមុន​ការឡើងសោយរាជ្យ​របស់​បិតា។

នៅពេលព្រះអង្គកានមូឡើងសោយរាជ្យនៅឆ្នាំ៧៨១ ព្រះចៅកានមូ បានតែងតាំងប្អូនប្រុស​គឺ​ព្រះ​អង្គម្ចាស់សាវ៉ារ៉ា ឲ្យធ្វើជារជ្ជទាយាទ។

នៅឆ្នាំ៧៨៤ ដើម្បីគេចចេញពីឥទ្ធិពលនៃព្រះវិហារដ៏មានអំណាចខាងព្រះពុទ្ធសាសនា​នៅ​ណារ៉ា។ ព្រះចៅកានមូ បានផ្លាស់ប្តូររាជនីមកកាន់ណាហ្គាអូកា ក្យូ។ ប៉ុន្តែគ្រោះមហន្តរាយ​ធម្មជាតិ​ជាបន្តបន្ទាប់បានវាយប្រហារប្រទេសជប៉ុន ហើយពាក់កណ្តាលនៃរាជធានី​ថ្មី​ត្រូវ​បំផ្លាញ​ដោយត្រូវពន្លិចដោយទឹកជំនន់។

នៅឆ្នាំ៧៨៥ ហ្វ៊ូជីវ៉ារ៉ា ណូ តាណេតស៊ូហ្គូ ដែលជាស្ថាបត្យករសំខាន់នៃរាជធានីថ្មី និង​ជា​សំណព្វ​ចិត្តនៃព្រះចៅអធិរាជកានមូ ត្រូវបានធ្វើឃាតដោយព្រះអង្គម្ចាស់សាវ៉ារ៉ា ដូច្នេះ​ព្រះអង្គ​សាវ៉ារ៉ា​ត្រូវបានដកតំណែងពីរជ្ជទាយាទ និងត្រូវឃុំឃាំង។

នៅអំឡុងពេលនេះដែរ ទាហានរបស់ព្រះចៅកានមូ ព្យាយាមពង្រីកព្រំដែនរបស់ចក្រភព ប៉ុន្តែ​កងទ័ពអធិរាជបានទទួលរងបរាជ័យដ៏ធ្ងន់ធ្ងរនៅឆ្នាំ៧៨៩។ នៅឆ្នាំនេះដែរ គ្រោះរាំងស្ងួត​បាន​បង្ក​ជាគ្រោះទុរភិក្ស និងតាមដងផ្លូវនៃរាជធានីជន់ជោរដោយអ្នកជំងឺ។ ចំណែកបុរសៗ ព្យាយាម​​គេចវេស​ពីកាតព្វកិច្ចយោធា និងការងារបង្ខំ។

ដោយត្រូវបានវិនិច្ឆ័យថា ជាភាពចង្រៃ មជ្ឈមណ្ឌលណាហ្គាអូកា ត្រូវបានបោះបង់ ហើយ​រាជធានី​ត្រូវបានផ្លាស់ប្តូរ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ៧៩៤ មកនៅ ហេអាន ក្យូ ដែលសព្វថ្ងៃ គឺ​ជា​​ទីក្រុងក្យូតូ។ នេះគឺជាព្រឹត្តិការណ៍​ដែលកំណត់នៃការចាប់ផ្តើមនៃយុគសម័យហេអាន​នៅ​ប្រទេសជប៉ុន។

ព្រះចៅកានមូ មានកិត្តិនាមជាមេដឹកនាំ​ម្នាក់​ដែលមានថាមពល និងសកម្ម។ ព្រះចៅស្តារឡើង​វិញ​នូវស្ថាបនអំណាច និងសកលវិទ្យាល័យសិក្សាអប់រំ។ ទស្សនវិជ្ជាខុងជឺ ស្ថិតនៅចំកណ្តាល​នៃ​ដំណើរ​ការ​នយោបាយ។ នៅឆ្នាំ៧៨៤ ព្រះចៅកានមូអនុញ្ញាតឲ្យមានការអប់រំ​ដែល​មាន​​មូលដ្ឋាន​លើ​កំណត់ហេតុ​ប្រវត្តិសាស្រ្តរបស់ចិន កំណត់ហេតុនៃរដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ និង​​ដោយផ្អែក​លើ​សៀវភៅពីរថ្មីដែលនាំចូលពីប្រទេសចិន គឺសៀវភៅ កុងយ៉ាង និងគូលៀង ដែល​ជា​សៀវភៅ​និយាយអំពីសីលធម៌ និងនយោបាយ ប្រវត្តិសាស្រ្ត និងការអប់រំ។ ស្នាដៃទាំង​នេះ​អួតសរសើរអំពីការអភិវឌ្ឍន៍របស់រដ្ឋដែលនៅក្នុងនោះព្រះចៅអធិរាជ គឺជារាជបុត្រ​នៃឋាន​សួគ៌ ត្រូវតែពង្រីកឥទ្ធិពលរបស់ខ្លួនប្រឆាំងនឹងក្រុមមនុស្សគ្មានអរិយធម៌។ នៅឆ្នាំ៧៩៨ ស្នាដៃ​ទាំង​​ពីរ​ត្រូវតែតម្រូវឲ្យរៀន។

ព្រះចៅកានមូឧបត្ថម្ភការធ្វើដំណើររបស់ព្រះសង្ឃ សៃចូ និងគូកៃទៅប្រទេសចិន ដែលក្រោយ​មក ព្រះអង្គទាំងពីរបានស្ថាបនាសាខាសាសនាព្រះពុទ្ធពីរដ៏គួរឲ្យគោរពនៅជប៉ុន គឺនិកាយ តង់ដៃ និង​ស្ហ៊ីនហ្គុង។

ព្រះចៅកានមូមានមហេសី និងស្នំជាច្រើន។ កូនចៅជំនាន់ក្រោយរបស់ព្រះអង្គគឺច្រើន។ ខ្លះ​នៃកូនចៅរបស់ព្រះចៅទទួលឋានៈតៃរ៉ា និងត្រូវទទួលស្គាល់ជាខ្សែស្រឡាយនៃព្រះចៅ​កានមូ តៃរ៉ា ឬកានមូ ហេស្ហ៊ី។

 

 

Daily Program

Livesteam thumbnail