កម្ពុជាស្នើឱ្យADB គិតគូរអំពីការជំរុញការផ្តល់ ឥណទានដល់វិស័យ ឯកជននៅកម្ពុជា
កម្ពុជាស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី(ADB) គិតគូរអំពីការជំរុញការផ្តល់ឥណទានដល់វិស័យឯកជន ក្រោមក្របខណ្ឌជា Non-Sovereign Loan ដើម្បីបង្កើនប្រសិទ្ធភាពនិងសម្រេចបាននូវគោលដៅអាទិភាពនៃការអភិវឌ្ឍ។ សំណើរនេះត្រូវបានលើកឡើងដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅកាន់លោក ស្កត ម៉ូរីស(Scott Morris)អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងដំណើរទស្សនកិច្ចរបស់លោក ម៉ូរីស នៅកម្ពុជា ចាប់ពីថ្ងៃទី១៥-២០ ខែមករា ឆ្នាំ២០២៤។
លោក ស្កត ម៉ូរីស បានគូសរំលេចឡើងវិញនូវការប្ដេជ្ញាចិត្តរបស់ADB ក្នុងការបន្តជួយកម្ពុជាសម្រេចគោលដៅអភិវឌ្ឍន៍ ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។
លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានសាទរចំពោះការសន្យារបស់ ADB ក្នុងការកៀរគរហិរញ្ញវត្ថុអាកាសធាតុ និងការប្ដេជ្ញាចិត្តខ្ពស់ របស់ ADB ក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ក្នុងតំបន់សម្រាប់ឆ្នាំ ២០១៩-២០៣០ ដែលក្នុងនោះ ក៏រួមមានប្រទេសកម្ពុជាផងដែរ ។ លោកក៏បានស្មើ ADB បន្តគាំទ្រគម្រោងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យអាទិភាពមួយចំនួន មានជាអាទិ៍៖ (១).ការអភិវឌ្ឍវិស័យថាមពល, (២).ការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីអាចធានាសន្តិសុខស្បៀងផង និងជំរុញការធ្វើពាណិជ្ជបនីយកម្មផង,(៣). ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយផ្តោតជាពិសេស លើការរៀបចំប្រព័ន្ធលូ, ប្រព័ន្ធប្រព្រឹត្តកម្ម និងការគ្រប់គ្រងសំណល់ផ្សេងៗ ដោយមានការរៀបចំផែនការមេ និងផែនការវិនិយោគច្បាស់លាស់ រួមទាំងការគិតគូរអំពីយន្តការសង់ថ្លៃដើម, ថ្លៃវិនិយោគ (Cost recovery) និងនិរន្តរភាពប្រតិបត្តិការផងដែរ, និង (៤).ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព តាមរយៈការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដែលមានសមត្ថភាពបម្រើឱ្យមុខងារសំខាន់យ៉ាងហោច ៣ រួមមាន មុខងារគ្រប់គ្រងគ្រោះមហន្តរាយ, មុខងារស្រោចស្រពកសិកម្ម និងមុខងារជាប្រភពទឹកសម្រាប់ការផលិតទឹកស្អាតបម្រើឱ្យជីវភាពរស់នៅរបស់ប្រជាជន និង ការអភិវឌ្ឍវិស័យឧស្សាហកម្ម។
គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ រឹងមាំ ក្នុងការគាំទ្រកម្ពុជា ក្នុងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចអស់រយៈពេលជាង៣០ឆ្នាំកន្លងទៅ ជាពិសេសADB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបភ្លាមៗក្នុងកាលៈទេសៈដ៏លំបាក ដែលក្នុងនោះរួមមាន ការសម្រេចផ្តល់ហិរញ្ញប្បទានជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការបន្តគាំទ្ររាជរដ្ឋាភិបាលក្នុងការស្ដារឡើងវិញនូវសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩៕