វត្ថុបុរាណខ្មែរចំនួនជាង ១០០រូប សាងពីថ្ម និងសំរឹទ្ធ នឹងវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានប្រកាសថា វត្ថុបុរាណខ្មែរចំនួនជាង ១០០រូប សាងពីថ្ម និងសំរឹទ្ធ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់ ដោយវត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន ៥រូបត្រូវបានបញ្ជូនមកដល់កម្ពុជាវិញនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះថា បន្ទាប់ពីបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឧូគ្លាស ឡាចហ្វត (Douglas Latchford) ស្តីពីការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរ ដូចដែលក្រសួងបានចេញសេចក្តីជូនព័ត៌មាន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្នុងនោះមានវត្ថុបុរាណខ្មែរចំនួនជាង ១០០រូប សាងពីថ្ម និងសំរឹទ្ធ នឹងត្រូវ បញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។
ក្រសួងបានបញ្ជាក់ថា ៖ «ក្នុងដំណាក់កាលដំបូងនេះ វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន ៥រូប ក្នុងនោះមានបដិមាថ្ម ព្រះសិវស្កន្ទ (ព្រះឥសូរនិងព្រះស្កន្ធ) មកពីប្រាសាទកោះកេរ, បដិមាថ្មព្រះអឌ្ឍនារីស្វរៈ (ព្រះឥសូរនិងនាងឧមា) និងកន្សែទូកសំរឹទ្ធ នឹងត្រូវបញ្ជូនពីប្រទេសអង់គ្លេសមកដល់មាតុភូមិកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១»។
ប្រភពដដែលបានបន្តថា រូបចម្លាក់ទាំង៥រូបនេះ នឹងយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឱ្យក្រុមជំនាញធ្វើការពិនិត្យវាយតម្លៃ សំអាត ជួសជុល និងដំឡើងជើងទមចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ នៅ ពេលវេលាណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល៕