ឯកសារថ្មីរបស់បុរីវ៉ាទីកង់រាយបញ្ជី «ការរំលោភយ៉ាងធ្ងន់ធ្ងរ» លើសេចក្តីថ្លៃថ្នូររបស់មនុស្ស
ឯកសារថ្មីដែលប្រកាសដោយក្រសួងគោលលទ្ធិនៃជំនឿរបស់សន្តអាសនៈបានចេញផ្សាយនូវបញ្ជីសកម្មភាពដែលព្រះសហគមន៍កាតូលិកចាត់ទុកថាជាសកម្មភាពរំលោភយ៉ាងធ្ងន់ធ្ងរលើសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ឯកសារនេះក្រុមការងាររបស់ក្រសួងនេះ បានចំណាយពេលប្រាំឆ្នាំដើម្បីបញ្ចប់ ហើយត្រូវបានចងក្រងចំនួន៧ជំពូក។ ជំពូកទី១ស្តីអំពី មូលដ្ឋានគ្រឹះនៃជីវិតដែលរិះគិតអំពីស្នាព្រះហស្តរបស់ព្រះជាម្ចាស់។
ជំពូកទី២គឺ សេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប គឺពួកគេជារូបតំណាងរបស់ព្រះជាម្ចាស់ ទោះមានក្តីក្រក្តី មនុស្សទាំងអស់មានសិទ្ធិ សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ហើយពួកគេត្រូវទទួលបានការធានានិងគាំពារ តាំងពីពេលចាប់កំណើត។ ក្នុងនោះក៏បានលើកឡើងអំពីទារកក្នុងផ្ទៃ និងកុមារមានពិការភាពផងដែរ។
ជំពូកទី៣គឺ បញ្ជីនៃអំពើហិង្សាលើមនុស្សជាតិដែលរាប់តាំងពី ស្ថានភាពរស់នៅរបស់មនុស្សតូចតាច ការដាក់ទោសតាមអំពើចិត្ត ការនិរទេស ទាសភាព ពេស្យាចារ ការលក់ស្ត្រីនិងកុមារ ការបន្ទាបបន្ថោកលក្ខខណ្ឌការងារដើម្បីប្រាក់ចំណេញជាដើម។ ទោសប្រហារជីវិតក៏ត្រូវបានលើកឡើងផងដែរ ចាប់តាំងពីវា "រំលោភលើសេចក្តីថ្លៃថ្នូរដែលមិនអាចកាត់ថ្លៃបានរបស់មនុស្សគ្រប់រូប ដោយមិនគិតពីកាលៈទេសៈណាក៏ដោយ។
ជំពូកទី៤ គឺភាពក្រីក្រ សង្គ្រាម និងការជួញដូរមនុស្ស។ ហើយភាពក្រីក្រ គឺជាកត្តាសំខាន់ជាងគេ ដែលបង្កឲ្យកើតមានអំពើអយុត្តិធម៌ក្នុងពិភពលោកនេះ បន្ទាប់មកគឺសង្គ្រាមដែលបង្កវិនាសកម្មដល់មនុស្សជាតិ បង្កឲ្យកើតវិបត្តិនានាជាច្រើនផងដែរ។ ឯកសារនេះក៏បាននិយាយដែរអំពីការអំពាវនាវឲ្យប្រយុទ្ធប្រឆាំងនឹងទីផ្សារសរីរាង្គ និងជាលិការបស់មនុស្ស ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារា និងកុមារី ពលកម្មទាសករ រួមទាំងពេស្យាកម្ម ពាណិជ្ជកម្មគ្រឿងញៀន និងអាវុធ អំពើភេរវកម្ម និងឧក្រិដ្ឋកម្មរៀបចំជាអន្តរជាតិ។
ជំពូកទី៥ គឺស្តីអំពីការរំលូតកូន និងការពពោះជំនួស។ ការរំលូតកូន អាចចាត់ទុកថាជាឧក្រិដ្ឋកម្មមួយដែរ ហើយការពពោះជំនួស គឺជាអំពើពាណិជ្ជកម្មមួយដែលមិនអាចទទួលយកបាន ព្រោះកូនជាអំណោយពីព្រះជាម្ចាស់ មិនដែលជាមូលដ្ឋាននៃកិច្ចសន្យាពាណិជ្ជកម្មនោះទេ។
ជំពូកទី៦ ស្តីអំពី ទ្រឹស្តីយេឌឺ។ ឯកសារនេះសង្កត់ធ្ងន់ថា "រាល់សញ្ញានៃការរើសអើងជារឿងអយុត្តិធម៌" ដែលប្រឆាំងនឹងអ្នកស្រឡាញ់ភេទដូចគ្នា "គឺត្រូវជៀសវាងដោយប្រុងប្រយ័ត្ន ជាពិសេសទម្រង់នៃការឈ្លានពាន និងអំពើហិង្សាណាមួយ" ។
និងជំពូកទី៧ ស្តីអំពីហិង្សាឌីជីថល។ ចំណុចនេះផ្តោតសំខាន់លើ អំពើហឹង្សាថ្មីកំពុងរីករាលដាលតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា ការគំរាមកំហែងតាមអ៊ីនធឺណិត និងការកេងប្រវ័ញ្ចមនុស្សសម្រាប់គោលបំណងផ្លូវភេទ ឬតាមរយៈល្បែងស៊ីសងជាដើម។
សេចក្តីបញ្ចប់នៃឯកសារនេះ គឺជំរុញឲ្យមាន «ការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សនៅគ្រប់កាលៈទេសៈទាំងអស់ ហើយត្រូវដាក់សេចក្តីថ្លៃថ្នូរនេះនៅចំកណ្តាលនៃការប្តេជ្ញាចិត្តចំពោះផលប្រយោជន៍រួម និងនៅកណ្តាលនៃប្រព័ន្ធច្បាប់ទាំងអស់»៕