អ៊ីរ៉ង់មិនថយក្រោយ រក្សាលក្ខខណ្ឌបើកច្រកសមុទ្រអ័រមូស លោកត្រាំ បដិសេធផែនការសន្តិភាព
អ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួននៅតែរក្សាលក្ខខណ្ឌរបស់ខ្លួន ដើម្បីបើកច្រកសមុទ្រអ័រមូសឡើងវិញ បើទោះបីប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានបដិសេធសំណើសន្តិភាពរបស់ ទីក្រុងតេអេរ៉ង់ក៏ដោយ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកអាបបាស អារ៉ាជី បាន អះអាងថា ទ្វារការទូតនៅតែបើកចំហ ប៉ុន្តែទីក្រុងតេអេរ៉ង់ក៏មិនមានបំណងបោះបង់ការ ទាមទាររបស់ខ្លួនឡើយ។
កាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា អ៊ីរ៉ង់បានប្រកាសជាថ្មីថា ការបើកច្រកសមុទ្រអ័រមូសឡើងវិញ នឹងអាស្រ័យលើការបំពេញលក្ខខណ្ឌរបស់ខ្លួន។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីលោក ដូណាល់ ត្រាំ បដិសេធផែនការសន្តិភាពដែលអ៊ីរ៉ង់បានដាក់ស្នើ ខណៈទីក្រុងវ៉ាស៊ីនតោនចាត់ទុកសំណើនេះថា ជាការប៉ុនប៉ងដែលគិតតែប្រយោជន៍របស់អ៊ីរ៉ង់។
លោកអាបបាស អារ៉ាជី បាននិយាយថា លក្ខខណ្ឌរបស់អ៊ីរ៉ង់គឺច្បាស់លាស់ ហើយការបើកច្រកសមុទ្រអ័រមូសឡើងវិញ នឹងកើតមានឡើងលុះត្រាតែមានការឆ្លើយតបតាមលក្ខខណ្ឌទាំងនោះ។ លោកបញ្ជាក់ថា អ៊ីរ៉ង់មិនមានបំណងបន្ទាបការទាមទាររបស់ខ្លួនឡើយ ប៉ុន្តែជាមួយគ្នានេះ ទីក្រុងតេអេរ៉ង់ក៏មិនបានបិទទ្វារចំពោះការទូត និងការចរចានោះដែរ។
ច្រកសមុទ្រអ័រមូស គឺជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ មុនពេលជម្លោះផ្ទុះឡើង ច្រកសមុទ្រនេះជាផ្លូវឆ្លងកាត់សម្រាប់ប្រេងឥន្ធនៈប្រមាណ ១/៥ នៃការផ្គត់ផ្គង់ពិភពលោក។ ដោយសារសារៈសំខាន់នេះ ច្រកសមុទ្រអ័រមូសបានក្លាយជាចំណុចកណ្ដាលនៃភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក។ ចាប់តាំងពីការវាយប្រហារដែលបង្កើនភាពតានតឹងនៅក្នុងតំបន់មក អ៊ីរ៉ង់បានអះអាងថា ខ្លួនមានការគ្រប់គ្រងលើការធ្វើនាវាចរណ៍នៅតំបន់នោះ ខណៈទីក្រុងវ៉ាស៊ីនតោនបានដាក់វិធានការរឹតត្បិតរាំងខ្ទប់ប្រឆាំងនឹងកំពង់ផែរបស់អ៊ីរ៉ង់។
នៅពេលត្រូវបានសួរពីសំណើរបស់អ៊ីរ៉ង់ លោកដូណាល់ ត្រាំ បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថា លោកបដិសេធសំណើនោះ។ ប្រធានាធិបតីអាម៉េរិកក៏បានអះអាងថា មេដឹកនាំអ៊ីរ៉ង់កំពុងស្វែងរកកិច្ចព្រមព្រៀង ព្រោះប្រទេសរបស់ពួកគេកំពុងតែចាញ់យ៉ាងធ្ងន់ធ្ងរ។
ចំណែកលោកម៉ៃ វ៉លត្ស៍ តំណាងអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ បានរិះគន់សំណើរបស់អ៊ីរ៉ង់តាមសារព័ត៌មានអេនប៊ីស៊ី (NBC) ដោយចាត់ទុកថា វាជាការប៉ុនប៉ងដាក់លក្ខខណ្ឌដែលភាគីអ៊ីរ៉ង់ដឹងជាមុនថា មិនអាចទទួលយកបាន។
លោកអាបបាស អារ៉ាជី បានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថា លក្ខខណ្ឌរបស់អ៊ីរ៉ង់មិនមែនជាការទាមទារថ្មីដែលត្រូវបានបង្កើតឡើងភ្លាមៗនោះទេ។ លោកបានបញ្ជាក់ថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចក្នុងការបើកច្រកសមុទ្រអ័រមូសឡើងវិញ ប្រសិនបើសហរដ្ឋអាម៉េរិកអនុវត្តលក្ខខណ្ឌ ដែលត្រូវបានដាក់បញ្ចូលក្នុងផែនការសន្តិភាពរួចហើយ។
យោងតាមសារព័ត៌មានវ៉ល់ ស្ត្រីត ជូនណល់ (Wall Street Journal) បានឲ្យដឹងថា លោក ដូណាល់ ត្រាំ ត្រូវបានរាយការណ៍ថា នឹងអាចពិចារណាចាប់ផ្តើមប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់ឡើងវិញ ក្រោយពីការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់អាម៉េរិកនៅថ្ងៃទី៣ ខែវិច្ឆិកា។ ស្របពេលជាមួយគ្នា លោកក៏កំពុងប្រឈមនឹងការរិះគន់កាន់តែខ្លាំងចំពោះសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានរួមចំណែកជំរុញការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។
ខណៈទ្វារការទូតនៅតែបើកចំហ ការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកនៅតែប្រឈមនឹងឧបសគ្គធំមួយ ៖ អ៊ីរ៉ង់មិនព្រមថយក្រោយពីលក្ខខណ្ឌរបស់ខ្លួន ខណៈលោកត្រាំ ក៏មិនបង្ហាញសញ្ញាថានឹងទទួលយកសំណើរបស់ទីក្រុងតេអេរ៉ង់ឡើយ។
