របាយការណ៍៖ កុមារប្រើប្រាស់អ៊ីនធឺណិត១១% ធ្លាប់ទទួលរងការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ
យោងតាមរបាយការណ៍បញ្ឈប់គ្រោះថ្នាក់នៅកម្ពុជា ក្នុងឆ្នាំ២០២២ បានបង្ហាញថា កុមារដែលប្រើប្រាស់អ៊ីនធឺណិតចំនួន១១% ធ្លាប់ទទួលរងនូវការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ។
ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិកាន់តែមានការកើនឡើង ជាពិសេសការប្រើប្រាស់បណ្តាញសង្គម។ កុមារនៅក្នុងប្រទេសកម្ពុជាប្រឈមហានិភ័យខ្ពស់ទៅនឹងការរំលោភបំពានតានប្រព័ន្ធអនឡាញ ដែលវាបានបង្កផលប៉ះពាល់ជាច្រើន ដូចជា បញ្ហាផ្លូវចិត្ត និងការធ្វើបាបខ្លួនឯងជាដើម។ តើកុមារអាចទទួលបានសុវត្ថិភាពនៅតាមប្រព័ន្ធអនឡាញតាមរបៀបណា?
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ TdH NL នៅថ្ងៃទី៩ ខែមេសា បានឱ្យដឹងថា យុទ្ធនាការផ្សព្វផ្សាយ «ពិភពអនឡាញដែលមានសុវត្ថិភាពសំរាប់កុមារ» អាចជួយបកស្រាយចម្ងល់នេះបាន។
សេចក្តីប្រកាសព័ត៌មានបានបន្តថា យុទ្ធនាការផ្សព្វផ្សាយនេះបានចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០២៤ ដោយនាយកដ្ឋានគោលយោបាយ ICT នៃក្រសួងប្រៃសនីយ៍ និងទូរគមនាមគមន៍ និងអង្គការ TdH NL ប្រចាំនៅកម្ពុជា ជាមួយអ្នកបង្កើត មាតិកា តាមបណ្តាញសង្គម កញ្ញា Catherine Harry។ យុទ្ធនាការរួមគ្នាធ្វើឡើងដើម្បី ផ្សព្វផ្សាយ ពីគន្លឹះសំខាន់សំរាប់កុមារ និងអាណាព្យាបាលសំរាប់សុវត្ថិភាពនៅតាមប្រព័ន្ធអនឡាញ។
យុទ្ធនាការនេះនឹងចែករំលែកពីគន្លឹះ និងព័ត៌មានតាមរយៈជារូបភាព វីដែអូ និងការផ្សព្វផ្សាយពី Chatbot game ដើម្បីសុវត្ថិភាពនៅតាមប្រព័ន្ធអនឡាញ។ ដូចជាការចែករំលែក ពីការកំណត់ឯកជនភាព តើព័ត៌មានណាខ្លះដែលមិនគួរចែករំលែកតាមបណ្តាញសង្គម និងថាតើអាណាព្យាបាលអាចចូលរួមការពារការរំលោភបំពានកុមារប្រព័ន្ធអនឡាញដោយរបៀបណា និងយន្តការរាយការណ៍។ យុទ្ធនាការនេះក៍ចែករំលែកចំនេះ ដឹងពីប្រភេទនិងនិយមន័យនៃការរំលោភបំពានកុមារតាមប្រព័ន្ធអានឡាញ និងការផ្លាស់គំនិត ដោយបញ្ឈប់ ការើសអើង ឬការស្តីបន្ទោសជនរងគ្រោះ។
លោកស្រី តាន់ សូដានី ប្រធាននាយកដ្ឋានគោលនយោបាយបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសនីយ៍ និងទូរគមនាមគមន៍ បានថ្លែងថា ការយល់ដឹងពីហានិភ័យតាមប្រព័ន្ធអនឡាញសំរាប់អ្នកប្រើប្រាស់អ៊ីនធឺណិត នៅក្នុងប្រទេសកម្ពុជា គឺនៅមានកម្រិត ដូចនេះការត្រូវការផ្សព្វផ្សាយបន្ថែម ដើម្បីអោយសារធារណៈជនយល់ដឹងពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ។
ចំណែក លោកស្រី Zoe de Melo ប្រធានគ្រប់គ្រងគម្រោង OCSE របស់អង្គការ TdH NL ប្រចាំនៅកម្ពុជា បានលើកឡើងដែរថា យុទ្ធនាការនេះ ជាឧទាហរណ៍មួយដ៏សំខាន់ដែលដៃគូពាក់ព័ន្ធបានចូលរួមជាមួយគ្នា ដោយមានការចូលរួមពីក្រសួងសាមី អ្នកបង្កើតមាតិការតាមបណ្តាញសង្គម និងអ្នកជំនាញពីអង្គការអន្តរជាតិ ដែលវានឹងមានសក្តានុពល និងទទួលបានលទ្ធផលខ្ពស់។
លោកស្រីថា ៖ «យើងក៏ជឿជាក់ដែរថា អាណាព្យាបាលនឹងចាប់ផ្តើមជជែកជាមួយកូនៗរបស់ពួកគេពីសកម្មភាពនៅតាមប្រព័ន្ធអនឡាញ និងកាត់បន្ថយហានិភ័យការរំលោភបំពានតាមប្រព័ន្ធអនឡាញ»។
សូមបញ្ជាក់ដែរថា យុទ្ធនាការនេះជាផ្នែកមួយនៃសកម្មភាពរបស់គម្រោង «សុវតិ្តភាព និងសិទ្ធិកុមារតាមប្រព័ន្ធអនឡាញ» ហៅកាត់ថា «ស្ក្រូល» ឬ«SCROL» ដែលគាំទ្រដោយ ក្រុមហ៊ុន Dutch Postcode Loterij និងIgnite Philanthropy តាយរយៈអង្គការ TdH NL ប្រចាំនៅកម្ពុជា៕