បង់ក្លាដេស ៖ ប្រមុខនៃយោធាប្រកាសថា នាយករដ្ឋមន្រ្តីបានលាលែង
យោងតាមប្រភពជិតស្និទ្ធនឹងមេដឹកនាំ កាលពីថ្ងៃចន្ទ ទី៥ ខែសីហា នាយករដ្ឋមន្រ្តីបង់ក្លាដេស លោកស្រីស្ហ៉េខ ហាស៊ីណា បានចាកចេញពីវិមានរបស់លោកស្រីនៅទីក្រុងដាកកា មុនពេល ដែលបាតុករប្រឆាំងនឹងរដ្ឋាភិបាលរាប់ពាន់នាក់ វាយប្រហារចូលទៅក្នុងនោះ។ ប្រមុខរដ្ឋាភិបាលបង់ក្លាដេស ក៏បានលាលែងពីតំណែងហើយដែរ។
លោកឧត្តមសេនីយ៍ វ៉ាកឃើ អ៊ុហ្ស ហ្ស៉ាម៉ាន បានថ្លែង ទៅកាន់ប្រជាជាតិ ដែលផ្សព្វផ្សាយតាមទូរទស្សន៍រដ្ឋបង់ក្លាដេសថា ៖ ”ប្រទេសនេះ បានទទួលរងការឈឺចាប់ វិបត្តិសេដ្ឋកិច្ចបាន ប៉ះពាល់ និងមនុស្សជាច្រើននាក់ត្រូវបានសម្លាប់។ វាជាពេលវេលាបញ្ចប់អំពើហិង្សា។” លោក បានបន្ថែមថា ៖ ”ប្រសិនបើស្ថានភាពល្អប្រសើរឡើង នឹងមិនមានការដាក់ប្រទេសក្នុងគ្រា អាសន្ននោះទេ។” លោកក៏បានសន្យាថា អ្នកដែលបានបាញ់សម្លាប់ ដែលប្រព្រឹត្តិឡើងនៅ អំឡុងពេលបាតុកម្ម នឹងត្រូវដឹកនាំទៅកាត់ទោស។ លោកបញ្ជាក់ថា លោកនឹងបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន”។
យោងតាមរូបភាពផ្សាយតាមកញ្ចក់ទូរទស្សន៍ បានឲ្យដឹងថា វិមានរបស់លោកស្រី ស្ហ៉េខ ហាស៊ីណា នៅក្នុងរដ្ឋធានីដាកកា ត្រូវបានរងការវាយប្រហារ កាលពីថ្ងៃចន្ទ ដោយបាតុកររាប់ពាន់នាក់។ ហើយមេដឹកនាំបានចាកចេញដើម្បីទៅកាន់កន្លែងមានសុវត្ថិភាព។
យោងតាមប្រភពជិតស្និទ្ធនឹងលោកស្រីមេដឹកនាំ ដែលមានវ័យ ៧៦ឆ្នាំរូបនេះ បានឲ្យដឹងថា លោកស្រីបានចាកចេញពីទីក្រុងតាមឧទ្ធម្ភាចក្រ។ លោកស្រីចង់ថតសេចក្តីថ្លែងសន្ទរកថា ប៉ុន្តែលោកស្រី មិនមានឱកាសនឹងធ្វើវា។
យោងតាមតុល្យការថ្មី ដែលស្រង់ចេញពីប្រភពប៉ូលីស និងមន្ទីរពេទ្យ បានឲ្យដឹងថា កាលពីថ្ងៃចន្ទ មនុស្សយ៉ាងហោចណាស់ ៥៦នាក់ ត្រូវបានសម្លាប់នៅទូទាំងប្រទេស។ យ៉ាងហោចណាស់ មានមនុស្ស ៤៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៃសកលវិទ្យាល័យដាកកា។ ទាំងអស់ត្រូវបានរបួសដោយត្រូវរងគ្រាប់កាំភ្លើង។ យោងតាមប្រភពប៉ូលីស មនុស្ស ១១នាក់ ផ្សេងទៀត ត្រូវបានសម្លាប់ក្នុងរដ្ឋធានី និងម្នាក់ទៀតនៅក្នុងទីក្រុងកំពង់ផែ ជីតាហ្គុង។
កូនប្រុសរបស់លោកស្រី ស្ហ៉េខ ហាស៊ីណា លោកសាជីប បានទទូចបន្តិចក្រោយមកដល់កងកម្លាំងសន្តិសុខដើម្បីរារាំងរាល់ការដណ្តើមអំណាច។ លោកបានសរសេរនៅលើហ្វេសប៊ុកថា ៖ “កាតព្វកិច្ចរបស់អ្នកគឺធានាសន្តិសុខរបស់ប្រជាជនយើង និងប្រទេសរបស់យើង ព្រមទាំងធ្វើឲ្យគេគោរពរដ្ឋធម្មនុញ្ញ”។
លោកស្រីស្ហ៉េខ ហាស៊ីណា គឺជាកូនស្រីច្បងរបស់លោកស្ហ៉េខ មូជីបៀ រ៉ាម៉ាន បិតាស្ថាបនាបង់ក្លាដេស ដែលបានប្រកាសឯករាជ្យពីប៉ាគីស្ថាននៅឆ្នាំ១៩៧១។ លោកស្រីបានកាន់អំណាចតាំងពីឆ្នាំ២០០៩ បន្ទាប់ពីអណត្តិដំបូង នៅចន្លោះឆ្នាំ១៩៩៦ និងឆ្នាំ២០០១។
យោងតាមសាក្សី ហ្វូងមនុស្សដ៏ធំ បានដើរតាមដងផ្លូវនៃទីក្រុងដាកកា និងបានវាយប្រហាររនាំងសន្តិសុខ។ សារព័ត៌មានប្រចាំថ្ងៃ Business Standard វាយតម្លៃថា បាតុករប្រមាណ ៤០០០០០នាក់ បានចុះធ្វើបាតុកម្មកាលពីថ្ងៃចន្ទ។
យោងតាមតុល្យការដែលមានប្រភពពីប៉ូលីស មន្រ្តី និងប្រភពពីមន្ទីរពេទ្យ បានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស ៣០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃការធ្វើបាតុកម្មកាលពីខែកក្កដា។
រោងចក្រចំនួន ៣៥០០ បានបិទទ្វារនៅបង់ក្លាដេស ដែលនេះគឺជាឧស្សាហកម្មជំនាញដែលជាម៉ូទ័រសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលរបស់បង់ក្លាដេស។ យោងតាមអ្នកផ្គត់ផ្គងទូរគមនាគមន៍ និងអង្គការតាមដានសភាពការណ៍នានា ក៏បានឲ្យដឹងថា ការចូលទៅប្រើប្រាស់អ៊ីនធឺណិត ក៏ត្រូវបានកាត់ផ្តាច់ជាទូទៅកាលពីថ្ងៃចន្ទ។