ក្រសួងព័ត៌មាន ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»
ថ្លែងក្នុងសន្នីសីទសារព័ត៌មានស្ដីពីការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នារសៀលថ្ងៃទី៦ ខែសីហា លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៃមូលដ្ឋានគ្រឹះរួម នៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន នៅកម្ពុជា។
លោកបានលើកឡើងថា មូលហេតុចាំបាច់ សម្រាប់ការដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញសារព័ត៌មាននៅពេលនេះ ដោយសារតែការប្រើប្រាស់បច្ចេកវិទ្យាមានសន្ទុះគួរឱ្យកត់សម្គាល់ ក្នុងនៃវិស័យព័ត៌មាន និងសោតទស្សន៍ មានការផ្លាស់ប្តូរទម្រង់ពីការផ្សព្វផ្សាយតាមបែបបុរាណដែលរួមមានទូរទស្សន៍ កាសែត រោងពុម្ពជាដើម ទៅជាការផ្សព្វផ្សាយតាមបែបទំនើប តាមប្រព័ន្ធអ៊ីនធើណិត ដូចជាគេហទំព័រ ហ្វេសប៊ុក ធីកថក និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗជាច្រើនទៀត។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ៖ «អ្វីដែលកំពុងតែប្រឈម ធ្វើឱ្យគុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅប្រទេសកម្ពុជា បាត់បង់ជំនឿទុកចិត្តពីសាធារណជននោះគឺ កំណើននៃការផ្សព្វផ្សាយ លឿនរហ័ស តាមបណ្តាញសង្គម ដែលមានប្រភពមិនច្បាស់លាស់»។
លោកបន្ថែមថា នៅពេលបច្ចុប្បន្ននេះ មានប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងព័ត៌មាន ប្រមាណ ២ ០០០អង្គភាព។ ក្នុងនោះ មានគេហទំព័រ ធីវីអនឡាញ ដែលជាប្រភេទព័ត៌មានទំនើបថ្មី មានចំនួនជាង ១ ០០០អង្គភាព កំពុងប្រតិបត្តិការផ្សាយ។ ប៉ុន្តែក៏មានសារព័ត៌មានអនឡាញមួយចំនួន កំពុងប្រតិបត្តិការផ្សាយ ក៏មិនទាន់បានចុះបញ្ជីត្រឹមត្រូវផងដែរ។
ដោយឡែក អាជ្ញាបណ្ណ ដែលក្រសួងព័ត៌មាន បានអនុញ្ញាតកន្លងមក គឺការផ្សព្វផ្សាយតាមគេហទំព័រ តែអ្នកសារព័ត៌មានពុំបានបង្កើតគេទំព័រនោះទេ បែរជាបង្កើតជា TVអនឡាញ ឬគណនីហ្វេសប៊ុកជាសារព័ត៌មានទៅវិញ ដែល ឯកឧត្ដមបានអះអាងថា ការអនុវត្តបែបនេះ មិនទាន់ស្របច្បាប់ និងបំពេញតាមលក្ខខណ្ឌពេញលេញ របស់ក្រសួងព័ត៌មានឡើយ។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា ក៏បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាន អង្គការ UNESCO និងអ្នកពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបាន ចូលរួមក្នុងដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ។
គួររំលឹកថា ដំណើរការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤ ដោយមានការបើកទូលាយ ទៅដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងអង្គការដៃគូ ព្រមទាំងមានការពិភាក្សា ការផ្លាស់ប្តូរយោបល់ ការលើកឡើងជាសំណូមពរ យ៉ាងទូលំទូលាយ ដែលជាធាតុចូល ប្រកបដោយផ្លែផ្កា ក្នុងគោលបំណងរួមគ្នារៀបចំសណ្តាប់ធ្នាប់ និងលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈ សារព័ត៌មាននៅកម្ពុជា៕