អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២២ ខែធ្នូឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២២ ខែធ្នូឆ្នាំ២០២៣ តាមលូកា ១,៤៦-៥៦អត្ថាធិប្បាយដោយលោកបូជាចារ្យផាន បូរី
នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះ នាងម៉ារីអរព្រះគុណព្រះអម្ចាស់ ហើយនាងម៉ារីក៏លើកតម្កើងព្រះជាម្ចាស់ដែរ ដោយនាងបានលើកសិរីរុងរឿងរបស់ព្រះអម្ចាស់អស់ពីដួងចិត្តដោយពោលថា «ខ្ញុំមានអំណរយ៉ាងខ្លាំងព្រោះព្រះជាម្ចាស់ជាព្រះសង្រ្គោះរបស់ខ្ញុំ»។
បងប្អូនជាទីស្រឡាញ់ យើងឃើញថានាងម៉ារីជាគំរូនៃអ្នកជឿ នាងម៉ារីសុខចិត្តថ្វាយខ្លួនទាំងស្រុងទៅព្រះជាម្ចាស់ នាងម៉ារីសុខចិត្តលះបង់អ្វីៗទាំងអស់ដើម្បីធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ។ ហេតុនេះយើងជាគ្រីស្តបរិស័ទយើងគប្បីយកនាងម៉ារីធ្វើជាគំរូនៃអ្នកជឿ សូមឱ្យយើងមានចិត្តជឿលើព្រះជាម្ចាស់ សូមឱ្យយើងមានចិត្តស្មោះត្រង់ដូចនាងម៉ារីដែលថ្វាយខ្លួនទៅព្រះជាម្ចាស់។ ហេតុនេះយុវជន យុវនារីនៅចាំអីទៀត ចូរឆ្លើយតបទៅព្រះជាម្ចាស់ដូចនាងម៉ារីបានឆ្លើយទៅព្រះជាម្ចាស់ «នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ សុំឱ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។ «អំណេះតទៅមនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកដែលមានសុភមង្គលពិតមែន»។
មនុស្សយើងម្នាក់ៗយើងតែងតែចង់រស់នៅល្អ មានសុភមង្គល មានសេចក្តីថ្លៃថ្នូរ មានម្ហូបអាហារគ្រប់គ្រាន់មានជំនឿល្អ រស់នៅល្អ ចេះគោរពសិទ្ធិគ្នា វារចាកសេចក្តីអាក្រក់ទាំងឡាយ។ ហេតុនេះ យើងជាគ្រីស្តបរិស័ទយើងមានចិត្តធំ ដោយសារយើងធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយថ្វាយខ្លួន ថ្វាយកិច្ចការទាំងអស់ទៅក្នុងព្រះហស្តរបស់ព្រះអង្គ។ ព្រះជាម្ចាស់ដែលមានឫទ្ធានុភាពបានបង្ហាញការអស្ចារ្យចំពោះរូបខ្ញុំ ព្រះនាមព្រះអង្គពិតជាវិសុទ្ធមែន អ៊ីចឹងហើយបានជាពេលដែលយើងចូលរួមថ្វាយអភិបូជា យើងច្រៀងថាព្រះដ៏វិសុទ្ធៗៗ ព្រះជាម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ហេតុនេះបងប្អូនជាទីស្រឡាញ់ បងប្អូនជាទីគោរពរាប់អាន សូមឱ្យយើងចេះថ្វាយខ្លួនយើងទាំងស្រុងទៅព្រះជាម្ចាស់ ហើយយើងត្រូវតែមានចិត្តស្មោះត្រង់ទៅនឹងការត្រាស់ហៅរបស់យើង។ ប្រសិនបើព្រះជាម្ចាស់បានត្រាស់ហៅយើងឱ្យក្លាយទៅជាគ្រីស្តបរិស័ទ ពេលដែលយើងទទួលពិធីជ្រមុជទឹកហើយ យើងត្រូវស្មោះត្រង់ជាមួយព្រះអង្គដោយរស់នៅក្នុងឋានៈជាគ្រីស្តបរិស័ទ។ រាល់ថ្ងៃអាទិត្យទៅព្រះវិហារដើម្បីចូលរួមអធិដ្ឋាន ចូលរួមថ្វាយអភិបូជា និងចូលរួមរាល់សកម្មភាពដែលព្រះសហគមន៍មាន រាល់ពេលព្រះសហគមន៍បង្ហាញធម៌មេត្តាករុណាឱ្យយើងចេះបរិច្ចាគធនធានរបស់យើងសម្រាប់អ្នកក្រីក្រសម្រាប់អ្នកដែលគ្មានទីពឹង ជាពិសេសសុំឱ្យយុវជន យុវនារីចេះថ្វាយខ្លួនទៅព្រះជាម្ចាស់ដូចនាងម៉ារី ហើយយើងម្នាក់ៗក៏ជាអ្នកបម្រើដូចនាងម៉ារីដែរ។
សូមព្រះជាម្ចាស់ជាព្រះបិតាជួយបំភ្លឺចិត្តគំនិតរបស់យើង ឱ្យយើងចេះឆ្លើយតបនិងមានចិត្តសុភាពរាបសាដូចនាងម៉ារី និងសូមឱ្យយើងចេះប្រព្រឹត្តអំពើល្អ វារចាកប្រព្រឹត្តអំពើអាក្រក់។ សូមឱ្យមានសុខសន្តិភាពនៅលើពិភពលោកយើងទាំងមូល សូមឱ្យមាននិរន្តភាព ឱ្យយើងចេះស្រឡាញ់គ្នា ចេះលើកលែងទោសឱ្យគ្នា និងសូមឱ្យមនុស្សទាំងអស់យល់ថាយើងម្នាក់ៗយើងមានតម្លៃ។ អាម៉ែន៕