អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២៣
អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២៣ តាមសន្តលូកា ១,៥-២៥ បកស្រាយដោយលោកបូជាចារ្យ រឿង ឆ័ត្រសិរី
បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់ នៅថ្ងៃនេះយើងឈានទៅដល់សប្តាហ៍ទី៣ក្នុងរដូវរង់ចាំហើយ ហើយព្រះបន្ទូលថ្ងៃនេះចូលទៅក្នុងនព្វទិវា ឬប្រាំបួនថ្ងៃមុនព្រះយេស៊ូប្រសូត។ យើងចាប់ផ្តើមពីថ្ងៃណា? គឺយើងចាប់ផ្តើមពីថ្ងៃទី១៧ ធ្នូ មានប្រាំបួនថ្ងៃរហូតដល់ថ្ងៃបុណ្យព្រះយេស៊ូប្រសូតនេះ។
ព្រះបន្ទូលថ្ងៃនេះយកព្រឹត្តិការណ៍ ឬក៏កំណើតរបស់លោកយ៉ូហានបាទីស្តឱ្យយើងមករិះគិត។ លោកលូកាដែលរៀបរាប់យ៉ាងក្បោះក្បាយសម្រាប់ការត្រៀមកំណើតរបស់ព្រះយេស៊ូ។ ប្រសិនបើបងប្អូនអានមែនទែនយើងឃើញថា លូកាជំពូក១,១-២៥ គឺរឿងកំណើតរបស់សន្តយ៉ូហានបាទីស្ត ប៉ុន្តែក្រោយមកគឺជាកំណើតរបស់ព្រះយេស៊ូ ទេវទូតដែលមកប្រាប់ដំណឹងគឺដូចគ្នាដែរគឺទេវទូតកាព្រីអែល។
កំណើតរបស់លោកយ៉ូហានបាទីស្តមានលក្ខណៈត្រៀមសម្រាប់កំណើតរបស់ព្រះបុត្រារបស់ព្រះជាម្ចាស់ ដោយសារគ្រួសាររបស់លោកយ៉ូហានបាទីស្ត ដែលមានឪពុកម្តាយគឺនាងអេលីសាបេត និងលោកសាការីដែលមានចំណាស់ចាស់ហើយដែរ។ ដូច្នេះការសម្រាលកូនមិនស្រួលទេ ហើយការមានកូនរបស់ពួកគាត់ស្ទើរតែមិនអាចមានតែម្តង។ សម្រាប់ជនជាតិយូដា គ្រួសារណាអត់មានកូន គ្រួសារនឹងអត់មានអំណោយទានរបស់ព្រះជាម្ចាស់ទេ ទោះបីលោកសាការី ជាបូជាចារ្យ ហើយគាត់ទៅអធិដ្ឋានទៅកាន់វេននៅកន្លែងសក្ការដ្ឋានក៏ដោយ។ ជាទីបំផុត លោកបានបានឃើញទេវទូតមកប្រាប់ដំណឹងអំពីកូនរបស់ខ្លួន។
យើងអាចដឹងថា អ្វីដែលលោកសាការីអធិដ្ឋានប្រហែលរឿងកូន ដោយសារព្រះជាម្ចាស់ស្តាប់ការអធិដ្ឋានរបស់លោក គឺជាពាក្យមួយដែលទេវទូតកាព្រីអែលបានប្រាប់លោកថា «ព្រះជាម្ចាស់បានស្តាប់ការអធិដ្ឋានរបស់អ្នកហើយ»។ តើលោកអធិដ្ឋានអ្វីខ្លះ?
ប្រហែលគាត់ខ្មាស់អៀនម្យ៉ាងពីរឿងអត់មានកូននេះ។ នេះអាចជាពាក្យអធិដ្ឋានមួយ ជាអំណោយទាន ឬជាកាដូមួយដែលគាត់ចង់បានពីព្រះជាម្ចាស់ ប៉ុន្តែក្រោយមកយើងឃើញថា ព្រះជាម្ចាស់ស្តាប់។ យ៉ូហានមានអត្ថន័យថា ព្រះអំណោយទានរបស់ព្រះជាម្ចាស់ ជាអំណោយទានដែលប្រទានដោយព្រះជាម្ចាស់។ ខ្ញុំប្រើពាក្យថា ព្រះអំណោយទាន មានន័យថា ជាទានដែលធ្វើឱ្យយើងមានអំណរ ជាទានមួយដែលមិនមែនជាអំណោយឱ្យធម្មតា តែឱ្យហើយយើងមានអំណរសប្បាយ ហើយអំណរសប្បាយនេះមិនមែនជារបៀបថា សប្បាយមួយភ្លែតៗ ដូចយើងដើរលេង ឬអង្គុយលេងផឹកស៊ីតែប៉ុណ្ណោះទេ តែជាអំណរដែលកប់នៅក្នុងចិត្តរបស់យើង។ អំណោយទានដែលព្រះជាម្ចាស់ប្រទានឱ្យគ្រួសាររបស់នាងអេលីសាបេត និងលោកសាការីគឺលោកយ៉ូហានបាទីស្តដែលមានភារកិច្ចរៀបចំប្រជាជនទទួលពិធីជ្រមុជទឹក។ ពាក្យបាទីស្ត គឺមានន័យថាជ្រមុជក្នុងទឹក។
តើបងប្អូនអាចឃើញថា អំណោយទាននៅក្នុងជីវិតរបស់យើងមានអ្វីខ្លះ? អ្វីដែលទទួលពីព្រះជាម្ចាស់មិនមែនមកពីមនុស្ស មិនមែនមកពីត្រូវកន្ទុយលេខ ឬក៏ត្រូវឆ្នោតទេ ឬក៏បានរង្វាន់អ្វីមួយទេ តែជាអំណោយដែលកប់នៅក្នុងចិត្តហើយមានរហូត។ អំណោយទាននេះ សម្រាប់គ្រួសារនាងអេលីសាបេត និងលោកសាការីបានកូន គឺលោកយ៉ូហានបាទីស្ត។ សព្វថ្ងៃនេះសម្រាប់ការមានកូន មនុស្សខ្លះជារឿងពិបាក ខ្ញុំគិតថាសុំឱ្យយើងរិះគិតឡើងវិញថា តើយើងរួមរស់ជាមួយគ្នាជាប្តីប្រេពន្ធ ជាគ្រួសារ តើការមានកូននឹងទៅជាយ៉ាងណា? បើយើងមិនទាន់ត្រៀមខ្លួនដើម្បីទទួលកូន គឺយើងគួរតែតស៊ូតម ឬយកពិធីពន្យារកំណើតតាមបែបធម្មជាតិ តែប្រសិនបើយើងបង្កើតគាត់ហើយ ទោះបីស្ថានភាពពិបាកយ៉ាងណា សុំបងប្អូនទទួលដោយអំណរសប្បាយ ប្រហែលបងប្អូនព្រួយបារម្ភខ្លះពីជីវិតអនាគតនៃការចិញ្ចឹម ការមើលថែគាត់ ដែលមានរឿងត្រូវគិតច្រើន តែសូមបងប្អូនយើងត្រៀមមុននៃការទទួលគាត់។
បាទសុំឱ្យរឿងកំណើតរបស់លោកយ៉ូហានបាទីស្តនេះ ជួយបងប្អូនត្រៀមចិត្តគំនិតទទួលព្រះអម្ចាស់យេស៊ូគ្រីស្តកើតនៅក្នុងជីវិតរបស់បងប្អូន។ ទោះបីយើងមិនមែនជាអ្នបង្កើតកូនដោយខាងផ្លូវកាយ តែឱ្យព្រះយេស៊ូកើតនៅក្នុងចិត្តគំនិតរបស់បងប្អូន។ ពិតមែនយើងនិងមានអំណរសប្បាយយ៉ាងពិតប្រាកដ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូន និងសុំឱ្យប៉ុន្មានថ្ងៃមុខនេះបងប្អូនទទួលស្វាគមន៍ព្រះយេស៊ូគ្រីស្តនៅក្នុងជីវិតរបស់បងប្អូនដោយអំណោយទានដ៏ថ្លៃថ្លាពីព្រះជាម្ចាស់។ អាម៉ែន៕