ម្រេចកំពត ពីដំណាំលើកស្ទួយជីវភាពកសិករ ទៅជាការប្រយុទ្ធប្រឆាំងនឹងការបន្លំស្លាកសញ្ញាលើទីផ្សារអន្តរជាតិ
ដំណាំម្រេចកំពតមិនត្រឹមតែជាកសិផលនិមិត្តរូបនៃគុណភាពរបស់កម្ពុជានោះទេ ប៉ុន្តែវាក៏ជាកាតាលីករយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរវាសនារបស់កសិករនៅក្នុងមូលដ្ឋានផងដែរ។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត បានគូសបញ្ជាក់ថា តាមរយៈរបរដាំដុះម្រេចកំពតនេះ គ្រួសាររបស់លោក ក៏ដូចជាអ្នកភូមិដទៃទៀត បានប្រែមុខមាត់ថ្មីទាំងស្រុងពីភាពក្រីក្រ មកជាមានជីវភាពធូរធារ មានលទ្ធភាពទិញម៉ូតូដូរផ្លាស់ស៊េរី ខ្លះមានរថយន្តជិះ និងមានផ្ទះធំៗរស់នៅសមរម្យ។ លើសពីនេះ ភាពរីកចម្រើននៃវិស័យម្រេច ក៏បានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងផងដែរ ជាពិសេសបន្ទាប់ពីទទួលបានការជួយជ្រោមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU)។
ទោះជាយ៉ាងណាក៏ដោយ មុននឹងទទួលបានផ្លែផ្កាដូចសព្វថ្ងៃនេះ កសិករធ្លាប់បានឆ្លងកាត់របត់ដ៏ជូរចត់ជាច្រើន។ ស្ថិតនៅក្នុងចម្ការម្រេចពណ៌បៃតងចាស់ ដែលមានដើមម្រេចអាយុកាលប្រមាណ ១៧ ឆ្នាំ និងមានកម្ពស់ជាង ២ ម៉ែត្រ លោក អែម ត្រូ ដែលជាម្ចាស់ចម្ការរាងស្គមខ្ពស់មួយរូប បានរំលឹកពីអតីតកាលទាំងក្តុកក្តួលថា កសិករនៅក្នុងតំបន់ធ្លាប់បានបាក់ទឹកចិត្តយ៉ាងខ្លាំង រហូតស្ទើរតែបោះបង់ចោលការដាំដុះម្រេចកំពតនេះម្តងរួចទៅហើយ។
បច្ចុប្បន្ន ទោះបីជាម្រេចកំពតទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំងនៅលើទីផ្សារសហភាពអឺរ៉ុប ទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីគុណភាពខ្ពស់ ព្រមទាំងទទួលបានការអនុគ្រោះពន្ធពីសហភាពអឺរ៉ុបយ៉ាងណាក្តី ប៉ុន្តែឧបសគ្គថ្មីៗនៅតែបន្តកើតមានឡើង។ ក្នុងនោះ បញ្ហាប្រឈមធំបំផុតគឺការប្រកួតប្រជែងពីក្រុមហ៊ុនផលិតដទៃទៀត និងសកម្មភាពល្មើសច្បាប់ដែលទើបតែលេចឡើងថ្មីៗ គឺការបន្លំស្លាកសញ្ញា និងបន្លំគុណភាពម្រេចពីប្រភពផ្សេង ថាជាម្រេចកំពត រួចនាំចេញទៅកាន់ប្រទេសបារាំង និងសហរដ្ឋអាមេរិក ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះម្រេចខ្មៅលំដាប់ពិភពលោកមួយនេះ។