ព្រះរាជាអាស្ហ៉ូកាជាស្តេចដំបូងដែលបង្រួបបង្រួម​ប្រទេសឥណ្ឌា និងទឹកដីធំល្វឹងល្វើយ

ព្រះរាជាអាស្ហ៉ូកា ប្រសូតនៅប្រមាណឆ្នាំ៣០៤ មុនគ.ស និងចូលសោយទីវង្គត់ នៅឆ្នាំ២៣២ មុន គ.ស។ ព្រះអង្គគឺជាអធិរាជទី៣ នៃរាជ្យវង្សឥណ្ឌា ម៉ូយ៉ា។

ព្រះអង្គអាស្ហ៉ូកា ឡើងកាន់អំណាច​នៅប្រមាណឆ្នាំ ២៧០មុន គ.ស។ ដំបូងទី ព្រះ​អង្គ​ខិត​ខំ​ពង្រឹង និងពង្រីកចក្រភពដែលទទួលមរតកពីព្រះបិតា ព្រះរាជាប៊ីនឌូសារ៉ា។  បន្ទាប់ពីការ​ច្បាំង​​ដណ្តើម​ក្នុងសង្រ្គាមដ៏បង្ហូរឈាម​លើព្រះរាជាណាចក្រ កាលីងហ្គ៉ា ព្រះអង្គអាស្ហ៉ូកា ក៏​ប្រកាន់​​យក​គោលការណ៍មិនមានអំពើ​ហិង្សានៃព្រះពុទ្ធសាសនា។ ចាប់តាំងពីពេលនោះ ចក្រភព​លែង​មានវិបត្តិដោយសារសង្រ្គាម​ទៀតហើយ និងជាទឹកដីអធិបតេយ្យសន្តិភាព។ ព្រះ​អង្គ​អាស្ហ៉ូកា​ធ្វើការងារក្នុងការរៀបចំចក្រភព​ដោយមធ្យោបាយប្រើប្រាស់អង្គភាព​ដ៏សំខាន់នៃ​មន្រ្តី និងកងកម្លាំងសន្តិសុខដ៏មានប្រសិទ្ធភាព តាមរយៈការប្រកាសឲ្យប្រើច្បាប់​ព្រះរាជា ដែល​​មាន​ឆ្លាក់​នៅលើផ្ទាំងថ្ម ឬសរសរថ្មដែលមានរាយពាសពេញចក្រភព។  ព្រះអង្គអាស្ហ៉ូកា ហាម​ឃាត់​ការបូជាយញ្ញ លើកកម្ពស់ការបរិភោពបន្លែ និងលើកទឹកចិត្តដល់​ការផ្សព្វផ្សាយ​ព្រះពុទ្ធ​សាសនា​​នៅឥណ្ឌា និងនៅទ្វីបអាស៊ីទាំងមូល។

ចក្រភពអាស្ហ៉ូកាលាតសន្ធឹងពីប្រទេសអាហ្វហ្គានីស្ថានសព្វថ្ងៃ រហូតដល់តំបន់ បឹងហ្គាល់ និង​ឆ្ងាយ​ទៅដល់ភាគខាងត្បូងនៃខ្ពង់រាបមីស័រ។ ព្រះអង្គអាស្ហ៉ូកាគឺជាស្តេចដំបូងដែលសម្រេច​បាន​​ការបង្រួបបង្រួមប្រទេសឥណ្ឌាលើដែនដីដ៏ធំល្វឹងល្វើយ។ ក៏ប៉ុន្តែ ទំហំនៃចក្រភព និង​មធ្យោបាយ​នៃទំនាក់ទំនងនៅជំនាន់នោះធ្វើឲ្យការគ្រប់គ្រងដោយផ្ទាល់មិនអាចទៅរួច។​ជាក់ស្តែង គេត្រូវចំណាយពេលយ៉ាងតិច ៣០ថ្ងៃ ដើម្បីចេញពីទីក្រុងកានដាហារ ទៅកាន់​ព្រំដែន​​ភាគខាងត្បូង និង ៦០ថ្ងៃ ដើម្បីទៅដល់តំបន់មូសុងភាគខាងកើត។ ចក្រភពត្រូវបាន​បែង​ចែក​ជាតំបន់ដែនដី​ជាច្រើន ដែលតំបន់ជាច្រើនមិនត្រូវបានគេស្គាល់នាពេលសព្វថ្ងៃ និង​ត្រូវ​បាន​ដឹកនាំដោយព្រះរាជារង ឬអភិបាល។ អ្នកគ្រប់គ្រងមានការិយាល័យធិបតេយ្យផ្សេងៗ គ្នា ជួនកាលជាអ្នកខ្លាំងក្នុងតំបន់ ជួនកាលជា​អ្នកស្នងមរតកពីអ្នកដឹកនាំមុន​ក្នុងតំបន់ដែល​ចាត់​ទុកជាទេវៈ។

ស្តេចរាជាណាចក្រខ្លះ អាចរក្សាបល្ល័ង្គរបស់ពួកគេបានដោយសារការបង់សួយសារអាករ។ ហើយក៏មាន​កុលសម្ព័ន្ធជាច្រើនដែលរក្សាបានភាពស្វ័យតខ្លះនៅក្នុងការរៀបចំ​ផ្ទៃក្នុង​របស់​ពួក​គេ។

នៅក្រោមរាជ្យរបស់ព្រះអង្គអាស្ហ៉ូកា ឥណ្ឌាគឺជាប្រទេសមួយរុងរឿង។ ការងារសំណង់​ធារាសាស្រ្ត​អាចឲ្យចក្រភពបង្កើនផលិតកម្មស្រូវ និងកប្បាស ដែលមួយផ្នែកធំត្រូវបាននាំ​ចេញ និងក៏​មានក៏ដូចជាគ្រឿងទេស ម្រេច និងឈើអែម ត្បូងមានតម្លៃ ត្បូងថ្ម និងត្បូងរូប៊ី និងត្បូងខៀវ និង​ដំរី។

ទាំងអស់នេះបានអនុញ្ញាតឲ្យមានការភ្ជាប់ផ្លូវសូត្ររបស់ប្រទេសចិន ការធ្វើជំនួញសេះ​ពីអាស៊ី​កណ្តាល និងមាសដែលនាំចូលមកក្នុងចក្រភព។ ពាណិជ្ជកម្មត្រូវបានជំរុញសំទុះ​ដោយការ​ចាប់​ប្រើ​រូបិយវត្ថុដំបូង និងការធ្វើឲ្យប្រសើរឡើងនូវផ្លូវថ្នល់វែងៗដែលតាមដងផ្លូវ អធិរាជ​បញ្ជា​ឲ្យ​​​គេ​​​ជីក​អណ្តូង និងដាំដើមឈើផងដែរ។ ព្រះអង្គអាស្ហ៉ូកាក៏ផ្តល់គំនិតផ្តួច​ផ្តើមនៃការ​ស្ថាបនា​​មហាវិថីរាជ ដែលមានប្រវែងរហូតដល់ ១៥០០ គម ដែលតភ្ជាប់ពីទីក្រុងតាក់ស៊ីឡា សព្វថ្ងៃ ស្ថិតនៅតំបន់ប៉ាន់ចាប ប្រទេសប៉ាគីស្ថាន ទៅកាន់ទីក្រុងប៉ាតាលីពូត្រាស្ថិតនៅ​ឥណ្ឌាភាគ​ឥសាន។ នេះគឺជាទីក្រុង និងជាកំពុងផែទន្លេដែលរីកចម្រើនខ្លាំង ដែលមានប្រជាជនរស់នៅ​ពេល​នោះ ប្រមាណ ៧០០០០០ នាក់ ដែលជាបុរីដ៏ធំបំផុតមួយក្នុងចំណោមបុរីធំៗ នៅជំនាន់​បុរាណ។

 

 

Daily Program

Livesteam thumbnail