សារលិខិតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ សម្រាប់ ទិវាបេសកកម្មប្រកាសដំណឹងល្អសកលលើកទី៩៧ ឆ្នាំ២០២៣

icona

 

                                                 សារលិខិតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ

                            សម្រាប់ ទិវាបេសកកម្មប្រកាសដំណឹងល្អសកលលើកទី៩៧ ឆ្នាំ២០២៣

                                                      (ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣)

                                                     «ដួងចិត្ត​ឆេះឆួល​ជើង​ចេញដំណើរ»
                                                                (លក ២៤,១៣-៣៥)

                                                                            ******

បងប្អូនជាទីស្រឡាញ់

សម្រាប់ថ្ងៃអាទិត្យទិវាបេសកកម្មប្រកាសដំណឹងល្អសកលឆ្នាំនេះ ខ្ញុំបានជ្រើសរើសប្រធានបទមួយ ដែលទទួលគំនិតមកពីអត្ថបទ សាវ័កពីរនាក់ធ្វើដំណើរទៅភូមិអេម៉ាអ៊ូស  នៅក្នុងព្រះគម្ពីរដំណឹងល្អរបស់សន្តលូកា (លក ២៤,១៣-៣៥) “ដួងចិត្ត​ឆេះឆួល ​ជើងចេញដំណើរ”។  សាវ័កទាំងពីរនាក់មានការពិបាកចិត្ត និងខកចិត្ត ប៉ុន្តែ ការជួបព្រះគ្រីស្តតាមរយៈព្រះបន្ទូល និងពិធីកាច់នំប៉័ង បានធ្វើឲ្យពួកគេមានអណរ ចេញដំណើរទៅក្រុងយេរូសាឡឹមវិញ  ហើយប្រកាសថា ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញពិតប្រាកដមែន។ នៅក្នុងដំណើររឿងនៃដំណឹងល្អ យើងបានឃើញការផ្លាស់ប្តូរក្នុងក្រុមសាវ័ក តាមរយៈរូបភាពមួយចំនួន៖  ពួកគេរំភើបចិត្ត នៅពេលស្តាប់ព្រះយេស៊ូបកស្រាយព្រះគម្ពីរ  ភ្នែកមើលឃើញដើម្បីទទួលស្គាល់ព្រះអង្គ  ហើយចំណុចកំពូលនោះ គឺជើងរបស់ពួកគេចេញដំណើរ។ ដោយសញ្ជឹងគិតអំពីទិដ្ឋភាពទាំងបី ដែលរាយរាប់អំពីដំណើររបស់ក្រុមសាវ័កក្នុងការប្រកាសដំណឹងល្អនេះ  យើងអាចបន្តការខ្នះខ្នែងរបស់យើងក្នុងការប្រកាសដំណឹងល្អ នៅក្នុងពិភពលោកសព្វថ្ងៃ។

១- ចិត្តរបស់យើងរំភើប “ពេលព្រះអង្គបកស្រាយព្រះគម្ពីរ” ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បំភ្លឺ និងកែប្រែចិត្ត ក្នុងសកម្មភាព​ប្រកាសដំណឹងល្អ។

នៅតាមផ្លូវពីក្រុងយេរូសាឡឹមទៅក្រុងអេម៉ាអ៊ូស សាវ័កទាំងពីរមានការពិបាកចិត្ត ដែលទឹកមុខរបស់ពួកគេបានបង្ហាញឡើង ដោយសារការសោយទិវង្គតរបស់ព្រះយេស៊ូ ដែលពួកគេបានសង្ឃឹម (លក ២៤,១៧)។  ដោយប្រឈមមុខនឹងការបរាជ័យរបស់លោកគ្រូដែលជាប់ឆ្កាង សេចក្តីសង្ឃឹមរបស់ពួកគេលើព្រះមេស្ស៊ី បានដួលរលំ (លក ២៤,២១) ។

បន្ទាប់​មក «នៅពេល​ដែល​ពួក​គេ​កំពុង​តែពិភាក្សាគ្នា​ទៅ​វិញ​ទៅ​មក ព្រះ​យេស៊ូយាងមក​ជិតគេ ហើយធ្វើដំណើរជាមួយគេទៅ​» (លក ២៤,១៥)។ ដូចកាលដែលព្រះអង្គត្រាស់ហៅក្រុមសាវ័កលើកដំបូង សព្វថ្ងៃនេះនៅពេលដែលពួកគេបានយល់ខុស ព្រះអម្ចាស់បានចាប់ផ្តើមមុន ដោយចូលទៅជិតពួកគេ​ ហើយដើរ​ជាមួយ​គេ។ នៅក្នុងធម៌មេត្តាដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ទ្រង់មិនដែលព្រងើយកន្តើយក្នុងការគង់នៅជាមួយយើងឡើយ ទោះបីយើងមានកំហុស មានចិត្តសង្ស័យ មានភាពទន់ខ្សោយ ហើយសូម្បីតែការសោកសៅ និងទុទិដ្ឋិនិយម ដែលធ្វើឲ្យយើងក្លាយជា «មនុស្សខ្វះប្រាជ្ញា និងមិនងាយជឿ» (លក ២៤,២៥) ជាមនុស្សដែលមានជំនឿ
តិច។

សព្វថ្ងៃនេះក៏ដូចជាពីកាលពីដើមដែរ  ព្រះអម្ចាស់ដែលរស់ឡើងវិញ គង់នៅក្បែរក្រុមសាវ័ករបស់ព្រះអង្គ ដែលប្រកាសដំណឹងល្អ ហើយព្រះអង្គរួមដំណើរជាមួយពួកគេ ជាពិសេសនៅពេលដែលពួកគេមានអារម្មណ៍បរាជ័យ បាក់ទឹកចិត្ត  ភ័យខ្លាចចំពោះអាថ៌កំបាំងនៃអំពើទុច្ចរិត ដែលនៅជុំវិញពួកគេ ហើយធ្វើឲ្យពួកគេដកដង្ហើមមិនចង់រួច។ ហេតុនេះ «​យើងមិន​ត្រូវបណ្តោយឲ្យ​គេ​ប្លន់យក​ក្តី​សង្ឃឹមនោះឡើយ!» (Evangelii Gaudium លេខ៨៦)។  ព្រះអម្ចាស់ធំជាងបញ្ហារបស់យើង  ជាពិសេស បើ​យើង​ជួប​បញ្ហា​ទាំងនោះ​ក្នុងការ​ប្រកាស​ដំណឹងល្អ​ដល់​ពិភពលោក  ដ្បិតតាមពិតទៅ បេសកកម្មនេះគឺជាបេសកកម្មរបស់ព្រះអង្គ ហើយយើងគ្រាន់តែជាសហការីដ៏សាមញ្ញរបស់ព្រះអង្គ “អ្នកបម្រើធម្មតាប៉ុណ្ណោះ” (លក ១៧,១០)។

ខ្ញុំ​ចង់​បង្ហាញ​ភាព​ស្និទ្ធស្នាល​របស់​ខ្ញុំ​ក្នុងអង្គ​ព្រះគ្រីស្ត ចំពោះ​អស់អ្នកប្រកាសដំណឹងល្អ​ទាំង​បុរស និង​ស្ត្រី​ក្នុង​ពិភពលោក  ជាពិសេស ​ចំពោះ​អស់អ្នកដែល​កំពុង​រងទុក្ខ​លំបាក​គ្រប់​ប្រភេទ។ មិត្តទាំងអស់ជាទីស្រឡាញ់ ព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញគង់នៅជាមួយអ្នក។ ព្រះអង្គទតឃើញចិត្តដ៏សប្បុរសរបស់អ្នក និងការលះបង់ដែលអ្នកកំពុងធ្វើសម្រាប់បេសកកម្មប្រកាសដំណឹងល្អនៅកន្លែងដាច់ស្រយាលបំផុត។ ជីវិតរបស់យើង មិនមែនស្ងប់ស្ងាត់ និងគ្មានពពករាល់ថ្ងៃនោះទេ ប៉ុន្តែ សូមឲ្យយើងនឹកដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូ ចំពោះមិត្ដសម្លាញ់របស់ព្រះអង្គមុនពេលរងទុក្ខលំបាកថា៖ «អ្នក​រាល់​គ្នា​ជួប​នឹង​ទុក្ខ​វេទនា​នៅ​ក្នុង​លោក ប៉ុន្តែ ចូរ​មាន​សង្ឃឹម​ឡើង! ខ្ញុំ​បាន​ឈ្នះ​លោក​នេះ​ហើយ» (យហ ១៦,៣៣)។

ក្រោយពេល​បាន​ស្តាប់សាវ័ក​ពីរ​នាក់​នៅ​តាម​ផ្លូវ​ទៅ​ភូមិអេម៉ាអ៊ូស ព្រះយេស៊ូ​ដែល​មានព្រះជន្ម​រស់​ឡើង​វិញ «បាន​បក​ស្រាយ​សេចក្ដី​ដែល​មាន​ចែង​ទុកអំពី​ព្រះ‌អង្គ​នៅ​ក្នុង​គម្ពីរ​ទាំង​មូល ចាប់​ពី​គម្ពីរ​លោក​ម៉ូសេ ​រហូត​ដល់​គម្ពីរ​ព្យាការី​ទាំង​អស់» (លូកា ២៤,២៧)។ ចិត្ត​របស់​ពួក​គេបាន​រំភើប​ជា​ខ្លាំង ដូចដែល​ពួក​គេ​បានទទួលស្គាល់ចំពោះគ្នាទៅវិញទៅមកថា​៖ ​«កាល​ព្រះអង្គមាន​ព្រះ‌បន្ទូលមកកាន់យើង​ ព្រម​ទាំង​បក​ស្រាយ​គម្ពីរ​ឲ្យ​យើង​ស្ដាប់នៅតាមផ្លូវ តើយើងមិនមានចិត្តរំភើបទេឬ?» (លក ២៤,៣២)។ ពិតប្រាកដណាស់ ព្រះយេស៊ូជាព្រះបន្ទូលដ៏មានជីវិតតែមួយគត់ ដែលអាចបញ្ឆេះ បំភ្លឺ និងផ្លាស់ប្តូរចិត្តរបស់យើង។

តាមរបៀបនេះ យើងអាចយល់កាន់តែច្បាស់អំពីពាក្យរបស់សន្តយេរ៉ូមថា៖ “អ្នកដែលមិនស្គាល់ព្រះគម្ពីរ អ្នកនោះក៏មិនស្គាល់ព្រះគ្រីស្តដែរ” ( អត្ថាធិប្បាយព្រះគម្ពីរ អេសាយ ពាក្យលំនាំ )។ «បើគ្មានការបំភ្លឺរបស់ព្រះជាម្ចាស់ទេ យើងមិនអាចយល់ព្រះគម្ពីរបានស៊ីជម្រៅឡើយ។ ប៉ុន្តែ ផ្ទុយនឹងសេចក្តីនេះក៏​ជា​ការ​ពិត​ដែរ៖ បើ​គ្មាន​ព្រះ​គម្ពីរ​ទេ ព្រឹត្តិការណ៍​នៃ​បេសកកម្ម​របស់​ព្រះយេស៊ូ និង​ព្រះសហគមន៍​របស់ព្រះអង្គ​នៅ​ក្នុង​លោក​នេះ នៅ​តែ​មិន​អាច​បកស្រាយ​បាន» ( Aperuit Illis, លេខ១ ) ។ ដូច្នេះហើយ ចំណេះដឹងអំពីព្រះគម្ពីរ មានសារសំខាន់ណាស់សម្រាប់ជីវិតគ្រីស្តបរិស័ទ ហើយលើសពីនេះទៅទៀត សម្រាប់ការប្រកាសអំពីព្រះគ្រីស្ត និងដំណឹងល្អរបស់ព្រះអង្គ។ បើ​មិន​ដូច្នេះ​ទេ អ្វីដែលយើងកំពុង​បញ្ជូន​ទៅ​អ្នក​ដទៃនោះ គ្រាន់តែ​ជា​គំនិត និង​គម្រោង​ផ្ទាល់​ខ្លួនប៉ុណ្ណោះទេ? ហើយដួងចិត្តត្រជាក់ មិនអាចធ្វើឲ្យដួងចិត្តអ្នកដទៃឆេះឆួលបានឡើយ!

ដូច្នេះ ចូរ​យើងទុកឲ្យព្រះអម្ចាស់ដែលមានព្រះជន្មរស់ឡើងវិញរួមដំណើរជាមួយយើងជានិច្ច ព្រះអង្គបកស្រាយព្រះគម្ពីរសម្រាប់យើង។ ចូរទុកឲ្យព្រះអង្គបញ្ឆេះចិត្តរបស់យើង បំភ្លឺយើង និងកែប្រែយើង ដើម្បីឲ្យយើងអាចប្រកាសអំពីគម្រោងការនៃការសង្រ្គោះរបស់ព្រះអង្គដល់ពិភពលោក ប្រកបដោយឫទ្ធានុភាព និងប្រាជ្ញាដែលមកពីព្រះវិញ្ញាណរបស់ព្រះអង្គ។

២- ភ្នែករបស់យើងបាន «​ភ្លឺ​ឡើង ហើយ​បាន​ស្គាល់​ព្រះ‌អង្គ» នៅ​ពេល​ព្រះ‌អង្គ​កាច់​នំបុ័ង។ ព្រះយេស៊ូក្នុងអគ្គសញ្ញាអរព្រះគុណ ជាប្រភព និងជាកំពូលនៃការប្រកាសដំណឹងល្អ។

ដួងចិត្តឆេះឆួលសម្រាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានជំរុញសាវ័កតាមផ្លូវអេម៉ាអ៊ូស ឲ្យសុំអ្នករួមដំណើរដ៏អាថ៌កំបាំងស្នាក់នៅជាមួយពួកគេ​ នៅពេលថ្ងៃជិតលិច។ ពេល​​ពួក​គេ​​នៅ​ជុំវិញ​តុ  ភ្នែករបស់គេបាន​ភ្លឺ​ឡើង ហើយ​បាន​ស្គាល់​ព្រះ‌អង្គ នៅ​ពេល​ព្រះ‌អង្គ​កាច់​នំបុ័ង។  កត្តាចម្បង​ដែល​នាំឲ្យក្រុមសាវ័កបើកភ្នែក គឺ​ជា​លំដាប់​នៃ​សកម្មភាព​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ៖  ព្រះអង្គ​យក​នំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យពួកគេ។  ទាំងនេះគឺជាកាយវិការធម្មតារបស់មេគ្រួសារជនជាតិយូដា  ប៉ុន្តែ ព្រះយេស៊ូគ្រីស្ត បានធ្វើឡើងដោយព្រះអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធ  កាយវិការនេះបានរំឭកភ្ញៀវទាំងពីរ អំពីសញ្ញាដែលព្រះអង្គបង្កើននំប៉័ង និងជាពិសេស អគ្គសញ្ញាអរព្រះគុណ សក្ការបូជានៅលើឈើឆ្កាង។  ក៏ប៉ុន្តែ នៅ​ពេល​ដែល​ពួក​គេកំពុងតែស្គាល់​ព្រះយេស៊ូ ក្នុង​ពេលព្រះអង្គ​កាច់​នំប៉័ង «ព្រះ‌អង្គ​បាត់​ពី​មុខ​គេ​ទៅ» (លក ២៤,៣១)។ សេចក្តីនេះនាំឲ្យយើងយល់ការពិតដ៏សំខាន់មួយនៃជំនឿរបស់យើង គឺ ព្រះគ្រីស្តដែលកាច់នំបុ័ង ពេលនេះក្លាយជា
នំប៉័ងដែលបានកាច់ ចែកឲ្យក្រុមសាវ័ក  និងបរិភោគដោយក្រុមសាវ័ក។ យើងមើលព្រះអង្គមិនឃើញទៀតទេ  ព្រោះឥឡូវនេះ ព្រះអង្គបានចូលក្នុងដួងចិត្តរបស់ក្រុមសាវ័ក ដើម្បីធ្វើឲ្យពួកគេឆេះឆួលកាន់តែខ្លាំង ហើយជំរុញឲ្យពួកគេចេញដំណើរដោយមិនបង្អង់យូរ ដើម្បីចែករំលែកជាមួយមនុស្សទាំងអស់នូវបទពិសោធន៍ដ៏ពិសេសដែលពួកគេបានជួបព្រះអម្ចាស់រស់ឡើងវិញ។ ដូច្នេះ ព្រះគ្រីស្ត​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ​គឺជាព្រះអង្គដែល​កាច់​នំបុ័ង ហើយក្នុងពេលជាមួយគ្នា ព្រះអង្គជា​នំប៉័ង​ដែលត្រូវ​កាច់​សម្រាប់​យើងទាំងអស់គ្នា។ ហេតុនេះ តាមរយៈសកម្មភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ អ្នកដែលប្រកាសដំណឹងល្អគ្រប់រូប ត្រូវបានត្រាស់ហៅឲ្យដូចព្រះយេស៊ូ និងនៅក្នុងព្រះអង្គ គឺ ជាអ្នកដែលកាច់នំបុ័ង និងជានំប៉័ងដែលត្រូវកាច់សម្រាប់ពិភពលោក។

នៅទីនេះ គួរតែចងចាំក្នុងចិត្តថា ការកាច់នំបុ័ងជាអាហាររបស់យើង ដើម្បីចែករំលែកដល់អ្នកស្រេកឃ្លានក្នុងព្រះនាមព្រះគ្រីស្ត គឺជាបេសកកម្មប្រកាសដំណឹងល្អរបស់គ្រីស្តបរិស័ទរួចទៅហើយ។ ជាងនេះទៅទៀត ការកាច់នំបុ័ងក្នុងអគ្គសញ្ញាអរព្រះគុណ ដែលជាព្រះគ្រីស្តផ្ទាល់ គឺជាការប្រកាសដំណឹងល្អមួយដ៏ល្អឥតខ្ចោះ ដោយសារអគ្គសញ្ញាអរព្រះគុណ គឺជាប្រភព និងជាកំពូលនៃជីវិត និងបេសកកម្មរបស់ព្រះសហគមន៍។

សម្តេចប៉ាប បេណេឌិកតូ ទី១៦ បានរំឭកថា៖  «យើងមិនអាចរក្សាទុកសេចក្តីស្រឡាញ់ ដែលយើងប្រារព្ធនៅក្នុងអគ្គសញ្ញាអរព្រះគុណសម្រាប់ខ្លួនយើងប៉ុណ្ណោះ។ តាមធម្មជាតិនៃសេចក្តីស្រឡាញ់នេះ ទាមទារឲ្យមានទំនាក់ទំនងជាមួយមនុស្សទាំងអស់។  អ្វី​ដែល​ពិភពលោក​ត្រូវ​ការ ​គឺ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់  គឺជាការជួប​ព្រះ​គ្រីស្ត និងជឿ​លើព្រះអង្គ។ ហេតុនេះហើយ បានជាអគ្គសញ្ញាអរព្រះគុណ មិនត្រឹមតែជាប្រភព និងកំពូលនៃជីវិតរបស់ព្រះសហគមន៍នោះទេ តែ​ជាប្រភពនិងកំពូល ​នៃ​បេសកកម្មក្នុងការប្រកាសដំណឹងល្អ ​របស់​ព្រះសហគមន៍៖ «ព្រះសហគមន៍ដ៏ពិតប្រាកដ គឺជាព្រះសហគមន៍ប្រកាសដំណឹងល្អ» (Sacramentum Caritatis លេខ៨៤) ។

ដើម្បី​បង្កើត​ផលផ្លែ យើង​ត្រូវ​​ស្ថិតនៅជាប់​នឹង​ព្រះយេស៊ូ​ជានិច្ច (យហ ១៥,៤-៩)។ ហើយការរួបរួមនេះអាចសម្រេចបានតាមរយៈការអធិដ្ឋានប្រចាំថ្ងៃ ជាពិសេសក្នុងពិធីនមស្ការព្រះកាយព្រះគ្រីស្ត  ដោយស្ងៀមស្ងាត់ នៅជាមួយវត្តមានរបស់ព្រះអម្ចាស់ ដែលគង់នៅជាមួយយើងក្នុងអគ្គសញ្ញាអរព្រះគុណ។ តាមរយៈ​ការ​បណ្ដុះបណ្ដាល​ទំនាក់ទំនងដោយ​ក្ដី​ស្រឡាញ់​​ជាមួយ​ព្រះគ្រីស្តនេះ ​សាវ័ក​ដែលប្រកាសដំណឹងល្អ ​អាច​ក្លាយ​ជា​មនុស្សខាងផ្លូវវិញ្ញាណដោយប្រព្រឹត្តកិច្ចការ។ សូមឲ្យដួងចិត្តរបស់យើងប្រាថ្នាចង់រួមជាមួយព្រះយេស៊ូជានិច្ច ដោយខ្សឹបនូវពាក្យទូលសុំដ៏ខ្លាំងក្លារបស់សាវ័កទាំងពីរតាមផ្លូវអេម៉ាអ៊ូស  ជាពិសេសនៅពេលថ្ងៃជិតលិច៖ «ឱព្រះអម្ចាស់! សូមគង់នៅជាមួយយើងខ្ញុំ!» ( លក ២៤,២៩ )។

៣- ជើងចេញដំណើរទៅ រីករាយនឹងប្រាប់អំពីព្រះគ្រីស្តដែលមានព្រះជន្មរស់ឡើងវិញ។ ភាពជាយុវជននៃព្រះសហគមន៍មួយ តែងតែចាកចេញជានិច្ច។

បន្ទាប់​ពី​បានមើលឃើញ ហើយ​ស្គាល់​ព្រះ​យេស៊ូនៅពេល ​«កាច់​នំប៉័ង» ពួកសាវ័ក ​«បានក្រោកឡើង ហើយប្រញាប់ប្រញាល់វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ​ភ្លាម» (លក ២៤,៣៣)។  ការ​ប្រញាប់ប្រញាល់ចេញទៅ​ដើម្បី​ចែកចាយ​ជាមួយ​អ្នក​ដទៃ នូវ​​អំណរសប្បាយ​នៃ​ការ​ជួប​ព្រះអម្ចាស់​បង្ហាញ​ថា «អំណរសប្បាយ​នៃ​ដំណឹង​ល្អ ​បានបំ​ពេញ​ដួងចិត្ត និង​ជីវិត​ទាំងមូលរបស់​អស់​អ្នក​ដែល​ជួប​ព្រះយេស៊ូ។ អស់អ្នកដែលអនុញ្ញាតឲ្យព្រះអង្គសង្រ្គោះ  ត្រូវបានរំដោះពីអំពើបាប ពីទុក្ខព្រួយ ពីភាពទទេខាងក្នុង ពីភាពឯកោ។ ជាមួយព្រះយេស៊ូ
គ្រីស្ត  អំណរសប្បាយតែងតែកើតឡើង និងកើតសាជាថ្មីគ្រប់ពេល” ( Evangelii Gaudium លេខ១) ។ យើងមិនអាចជួបព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ ដោយគ្មានការរលាកដោយសារចិត្តឆេះឆួលចង់ប្រាប់ឲ្យមនុស្សលោកស្គាល់ព្រះអង្គនោះទេ។ ហេតុដូច្នេះហើយ អស់អ្នកដែលបានស្គាល់ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញ ក្នុងព្រះគម្ពីរ និងក្នុងអគ្គសញ្ញាអរព្រះគុណ  ហើយដែលកាន់ភ្លើងរបស់ព្រះអង្គនៅក្នុងដួងចិត្ត និងពន្លឺរបស់ព្រះអង្គនៅក្នុងភ្នែក គឺជាប្រភពដំបូង និងចម្បងនៃការប្រកាសដំណឹងល្អ។ ពួកគេ​អាច​ធ្វើ​ជា​សាក្សី​អំពី​ជីវិត​អស់កល្បជានិច្ច  សូម្បី​តែ​ក្នុង​ស្ថានភាព​លំបាក​បំផុត និង​គ្រា​ងងឹត​បំផុត​ក៏ដោយ។

រូបភាពនៃ «ការចេញដំណើរ» ជួយរំឭកយើងម្តងទៀត អំពីតម្លៃដ៏ស្ថិតស្ថេរនៃ បេសកកម្មសម្រាប់ប្រជាជាតិ(missio ad gentes) គឺជាបេសកកម្ម ដែលព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ ប្រគល់ឲ្យព្រះសហគមន៍ ដើម្បីប្រកាសដំណឹងល្អដល់មនុស្សគ្រប់គ្នា និងគ្រប់ជាតិសាសន៍រហូតដល់ទីដាច់ស្រយាលនៃផែនដី។  សព្វថ្ងៃនេះ មនុស្សជាតិដែលរងរបួសដោយសារភាពអយុត្តិធម៌ជាច្រើន ការបែកបាក់ និងសង្គ្រាម  កំពុងត្រូវការដំណឹងល្អនៃសន្តិភាព និងការសង្គ្រោះក្នុងអង្គព្រះគ្រីស្ត។ ខ្ញុំ​ឆ្លៀត​យក​ឱកាស​នេះ​ ដើម្បី​បញ្ជាក់​ឡើង​វិញ​ថា  «មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​​ដំណឹង​ល្អ។  គ្រីស្តបរិស័ទមានកាតព្វកិច្ចប្រកាសដំណឹងល្អ ដោយមិនបដិសេធន៍អ្នកណាម្នាក់ឡើយ គេមិនមែនជាអ្នកដែលដែលដាក់បន្ទុកថ្មីទៅលើអ្នកដទៃ ប៉ុន្តែ ជាម្នាក់ដែលចែករំលែកអំណរសប្បាយ បង្ហាញអំពីជើងមេឃដ៏ស្រស់ស្អាត ផ្តល់នូវពិធីជប់លៀងដែលគួរឲ្យចង់បាន” ( Evangelii Gaudium លេខ១៤) ។  ការកែ​ប្រែអ្នកប្រកាសដំណឹងល្អ ​នៅតែ​ជា​គោលដៅ​ចម្បង​ដែល​យើង​ត្រូវ​កំណត់​សម្រាប់​ខ្លួន​យើង ​ក្នុង​នាម​ជា​បុគ្គល និង​ជា​សហគមន៍ ពីព្រោះ «ការប្រកាសដំណឹងល្អ គឺ​ជា​គំរូនៃសកម្មភាពទាំងអស់របស់​ព្រះសហគមន៍» (ibid., ១៥) ។

ដូចគ្រីស្តទូតប៉ូលបានបញ្ជាក់៖ សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ត ទាក់ទាញ និងជំរុញយើង (២ករ ៥,១៤)។ សេចក្ដីស្រឡាញ់នេះមានពីរផ្នែក៖ សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្តសម្រាប់យើង ដែលត្រាស់ហៅ បំភ្លឺ និងជំរុញសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអង្គ។ ហើយជាសេចក្តីស្រឡាញ់ដែលធ្វើឲ្យព្រះសហ
គមន៍នៅក្មេងជានិច្ច ហើយចេញដំណើរ ជាមួយ​សមាជិក​ទាំងអស់​នៃព្រះសហគមន៍ ក្នុង​​បេសកកម្ម​ ដើម្បីប្រកាស​ដំណឹងល្អ​អំពី​ព្រះគ្រីស្ត ដោយមានជំនឿ​ថា «ព្រះអង្គ​បាន​សោយទិវង្គត​សម្រាប់​មនុស្ស​ទាំងអស់ ដើម្បីឲ្យអស់អ្នកដែលមានជីវិត លែងរស់នៅសម្រាប់ខ្លួនឯងទៀតហើយ គឺរស់សម្រាប់ព្រះអង្គដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ» (២ករ ៥,១៥)។ យើងម្នាក់ៗអាចរួមចំណែកក្នុងចលនាប្រកាសដំណឹងល្អនេះ តាមរយៈការអធិដ្ឋាន និងកិច្ចការផ្សេងៗ តាមរយៈការថ្វាយប្រាក់ និងការរងទុក្ខលំបាក តាមរយៈសក្ខីភាពរបស់ខ្លួន។ ក្រសួងប្រកាសដំណឹងល្អ គឺជាមធ្យោបាយចម្បងនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការអ្នកប្រកាសដំណឹងល្អនេះ ទាំងផ្នែកខាងវិញ្ញាណ និងសម្ភារៈ។  ដោយហេតុផលនេះ  ប្រាក់តង្វាយនៅថ្ងៃអាទិត្យ នៃទិវាបេសកកម្មប្រកាសដំណឹងល្អសកល ត្រូវបានបរិច្ចាគទៅឲ្យក្រសួងនៃការប្រកាសដំណឹងល្អ សម្រាប់ការប្រកាសដំណឹងល្អនៃជំនឿ។

ភាពបន្ទាន់នៃសកម្មភាពប្រកាសដំណឹងល្អរបស់ព្រះសហគមន៍ អំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការប្រកាសដំណឹងល្អឲ្យបានកាន់តែជិតស្និត រវាងសមាជិកទាំងអស់នៃព្រះសហគមន៍ និងគ្រប់កម្រិត។ នេះគឺជាគោលដៅសំខាន់  នៃដំណើររបស់មហារសន្និបាត ដែលព្រះសហគមន៍សកលកំពុងតែបំពេញជាមួយនឹងពាក្យគន្លឹះ «ការរួមគ្នាជាធ្លុងតែមួយ ការចូលរួម ការប្រកាសដំណឹងល្អ»។ ដំណើរការនេះមិនមែននាំព្រះសហគមន៍ឲ្យគិតតែពីខ្លួនឯងនោះទេ ហើយវា​ក៏​មិន​មែន​ជាការស្ទង់មតិរបស់ប្រជាពលរដ្ឋដើម្បីសម្រចដូចនៅក្នុងសភា នូវអ្វីដែលត្រូវជឿ និងអនុវត្ត ឬក៏មិនជឿទៅតាមចំណង់ចំណូល​ចិត្ត​របស់​មនុស្ស​នោះដែរ។ ផ្ទុយទៅវិញ វា​ជា​ដំណើរ​ការ​នៃការ​ចេញ​ដំណើរ​ទៅ​មុខ​ដូច​ក្រុមសាវ័កតាមផ្លូវអេម៉ាអ៊ូស ដោយស្តាប់​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដែលយាងមកក្នុងចំណោមយើងរាល់គ្នា ដើម្បីបកស្រាយព្រះគម្ពីរ និងកាច់នំប៉័ងសម្រាប់យើង ដើម្បីឲ្យយើងបំពេញបេសកកម្មរបស់ព្រះអង្គនៅក្នុងពិភពលោក ដោយអំណាចនៃព្រះវិញ្ញាណដ៏វិសុទ្ធ។

ដូចសាវ័កទាំងពីរនាក់តាមផ្លូវអេម៉ាអ៊ូស បានរៀប‌រាប់ដល់អ្នកដទៃនូវហេតុ‌ការណ៍ដែលបាន​កើត​ឡើង​នៅ​តាម​ផ្លូវ  (លក ២៤,៣៥)  ការប្រកាសរបស់យើង នឹងក្លាយជាដំណើររឿងដ៏រីករាយអំពីព្រះគ្រីស្តជាព្រះអម្ចាស់ អំពីជីវិតរបស់ព្រះអង្គ ការរងទុក្ខលំបាក សោយទិវង្គត់ និងមានព្រះជន្មរស់ឡើងវិញ ព្រមទាំងការ
អស្ចារ្យដែលសេចក្តីស្រឡាញ់របស់ព្រះអង្គបានសម្រេចក្នុងជីវិតរបស់យើង។

ដូច្នេះ សូម​ឲ្យ​យើង​ចេញដំណើរ​ម្តង​ទៀត ដោយ​​មានការ​បំភ្លឺមកពី​ការ​ជួប​ជា​មួយ​ព្រះអម្ចាស់​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ និងណែនាំ​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ។ ចូរយើងចេញដំណើរទៅដោយដួងចិត្តឆេះឆួល ដោយបើកភ្នែក ហើយជើងឈានទៅមុខ ដើម្បីធ្វើឲ្យដួងចិត្តអ្នកដទៃឆេះឆួលដោយព្រះបន្ទូលរបស់ព្រះ
ជាម្ចាស់ បើកភ្នែកអ្នកដ៏ទៃឲ្យឃើញព្រះយេស៊ូនៅក្នុងអគ្គសញ្ញាអរព្រះគុណ  ហើយអញ្ជើញមនុស្សគ្រប់គ្នាឲ្យដើរជាមួយគ្នា នៅលើផ្លូវនៃសន្តិភាព និងការសង្រ្គោះ ដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សទាំងអស់ក្នុងអង្គព្រះគ្រីស្ត។

                                                 បពិត្រព្រះនាងម៉ារី ជាអ្នកនាំផ្លូវ

                                   ជាមាតារបស់សាវ័កដែលប្រកាសដំណឹងល្អអំពីព្រះគ្រីស្ត

                                       និងជាម្ចាស់ក្សត្រីនៃបេសកកម្មប្រកាសដំណឹងល្អ

                                                សូមជួយអង្វរព្រះអម្ចាស់ឲ្យយើងខ្ញុំផង !

 

                                                                         ធ្វើនៅទីក្រុងរ៉ូម ព្រះវិសាលវិហារ សន្តយ៉ូហាន ឡាត្រង់

                                                                                         ក្នុងឱកាសបុណ្យ ព្រះយេស៊ូសម្តែងព្រះអង្គ

                                                                                                             ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣

                                                                                                                      សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ

Daily Program

Livesteam thumbnail