អំឡុងពេលរង់ចាំលទ្ធផល ក្មួយៗទើបបញ្ចប់ការប្រឡង សូមធ្វើអ្វីដែលមានប្រយោជន៍!
ជាការពិត ទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ ក៏ក្រោយពេលបញ្ចប់ការប្រឡងរយៈពេល ២ ថ្ងៃ កាលពីថ្ងៃទី១០ និងទី១១ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ ក្មួយៗដែលជាបេក្ខជន និងបេក្ខនារីប្រឡង ពិតជាធូរចិត្ត ហើយកំពុងតែសម្រាករង់ចាំអ៊ុតលទ្ធផល។
នៅក្នុងអំឡុងពេលដែលក្មួយៗរង់ចាំលទ្ធផល ដែលមានរយៈពេលរហូតដល់ទៅជាងកន្លះខែនេះ ក្មួយខ្លះប្រហែលជាមានអារម្មណ៍ស្រឡះនៅក្នុងខ្លួនរីឯក្មួយៗខ្លះទៀត ប្រហែលជាមានអារម្មណ៍មន្ទិលខ្លាចធ្លាក់ ឬជាប់ បារម្ភនេះបារម្ភនោះ ប៉ុន្តែសូមកុំយកវាមកធ្វើជាសម្ពាធ ហើយអាណាព្យាបាលក៏កុំដាក់បន្ទុកលើកូនៗដែរ។ លទ្ធផលយ៉ាងណាសូមត្រៀមទទួលយក ប៉ុន្តែនៅក្នុងអំឡុងពេលរង់ចាំនេះ ប្អូនៗគួរតែយកពេលជួយធ្វើកិច្ចការផ្ទះខ្លះៗ ដើម្បីជំនួសដៃជំនួសជើងឪពុកម្តាយ។ ក្មួយៗខ្លះអាចមិនចេះ ដោយសារតែគ្រួសារទម្លាប់ឱ្យរៀនសុទ្ធសាធ ប៉ុន្តែក្មួយគួរឈប់ធ្វើខ្លួនដូចក្មេងទៀតទៅ។
ក្មួយៗដែលជាបេក្ខជន និងបេក្ខនារី មិនក្មេងទៀតទេ អាយុវិញអាចមានចាប់ពី ១៦ ឆ្នាំឡើង ដូច្នេះ គួរតែរៀនធ្វើនេះធ្វើនោះនៅក្នុងផ្ទះ រៀនដាំបាយ លាងចាន ជូតផ្ទះ បេះបន្លែ ហាន់សាច់ និងធ្វើកិច្ចការផ្ទះជាច្រើនប្រភេទទៀត។ សូមកុំមើលងាយការងារទាំងនោះ វាគឺជាបំណិនជីវិតប្រចាំថ្ងៃ ហើយជីវិតយើងមិនអាចជៀសរួចឡើយ គឺត្រូវតែធ្វើ ដូច្នេះ ចេះធ្វើតាំងពីពេលនេះទៅ គឺប្រសើរបំផុត។ កុំទម្លាប់ខ្ជិលច្រអូស ឬទំយើរខ្លួន! ឥរិយាបទបែបນີ້គ្មានប្រយោជន៍ឡើយសម្រាប់យើង។
ក្រៅពីនោះ ក្មួយក៏អាចរៀនប្រមូលព័ត៌មានពីសាកលវិទ្យាល័យ ពីវិទ្យាស្ថាន ពីស្ថាប័នអប់រំផ្សេងៗ ហើយរិះគិតអំពីមុខរបរ ឬមុខជំនាញដែលខ្លួនពេញចិត្ត និងចង់ធ្វើ ព្រមទាំងបង្កើតផែនការជីវិតខ្លួនឯងខ្លះៗឱ្យហើយ។ សូមព្យាយាមរៀនស្វែងរកអ្វីដែលមានប្រយោជន៍ ហើយរិះគិតមើលថា បើធ្លាក់គួររៀនអ្វី ហើយបើជាប់គួររៀនអ្វី ព្រមទាំងថ្ងៃអនាគតចង់ធ្វើអ្វី។ គិតគូរឱ្យលម្អិតដោយពិនិត្យមើលចំណុចខ្លាំង ចំណុចខ្សោយ គិតអំពីចំណង់ចំណូលចិត្ត ធនធាន និងចំណូលគ្រួសារ។ ប្រសិនបើអាច ក៏គួរគិតរៀនរកជំនាញណាដែលឆាប់អាចរកការងារធ្វើបាន អាចរកចំណូលចូលគ្រួសារ មានលទ្ធភាពចិញ្ចឹមខ្លួនឯង និងកសាងអនាគតបាន គឺរឹតតែប្រសើរ។
ការបញ្ចប់ការប្រឡងមិនមែនមានន័យថា ការរៀនសូត្ររបស់ក្មួយៗត្រូវបញ្ចប់នោះទេ ហើយការរង់ចាំលទ្ធផលក៏មិនគួរជាពេលវេលាដែលត្រូវអង្គុយបារម្ភ ឬដាក់សម្ពាធលើខ្លួនឯងឡើយ។ លទ្ធផលនឹងបង្ហាញថា យើងជាប់ ឬមិនជាប់ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺយើងត្រូវចេះទទួលយកលទ្ធផលដោយភាពក្លាហាន ហើយបន្តរៀបចំផែនការសម្រាប់ជីវិតរបស់ខ្លួន។
សរុបទៅ នៅក្នុងអំឡុងពេលរង់ចាំនេះ សូមក្មួយៗយកពេលវេលាដ៏មានតម្លៃទៅរៀនជំនាញជីវិត ជួយការងារឪពុកម្តាយ ស្វែងយល់អំពីការសិក្សានៅសាកលវិទ្យាល័យ និងវិទ្យាស្ថានផ្សេងៗ ព្រមទាំងស្វែងរកជំនាញ ឬមុខរបរដែលសមស្របនឹងសមត្ថភាព ចំណង់ចំណូលចិត្ត និងស្ថានភាពគ្រួសារ។ ជាពិសេស ត្រូវចាប់ផ្តើមគិតពីផែនការជីវិតរបស់ខ្លួនឱ្យបានច្បាស់ថា ប្រសិនបើជាប់ តើត្រូវបន្តរៀនអ្វី ហើយប្រសិនបើមិនជាប់ តើមានជម្រើសអ្វីទៀតដែលអាចបន្តការសិក្សា រៀនជំនាញ និងឈានទៅរកការងារធ្វើបាន។
សូមកុំឱ្យលទ្ធផលប្រឡងមួយក្លាយជាអ្នកកំណត់អនាគតរបស់ក្មួយៗទាំងមូល។ អនាគតរបស់យើងកើតចេញពីការខិតខំប្រឹងប្រែង រៀនសូត្រ វិន័យ ទំនួលខុសត្រូវ ជំនាញ និងការសម្រេចចិត្តរបស់យើងជាបន្តបន្ទាប់។ ដូច្នេះ ចាប់ពីថ្ងៃនេះទៅ សូមក្មួយៗរៀនធ្វើខ្លួនឱ្យកាន់តែឯករាជ្យ ចេះរស់នៅ ចេះធ្វើការ ចេះគិត និងចេះរៀបចំអនាគតរបស់ខ្លួន។
