កុំលេងសើចនឹង AI ! អ្នកសិល្បកៈនៅកម្ពុជាក៏កំពុងតែរងគ្រោះផងដែរ

មកដល់ពេលនេះ AI ពិតជាបានកំពុងលុកលុយក្នុងសង្គម ជីវភាពរស់នៅប្រចាំថ្ងៃ និងវិស័យសិល្បៈវប្បធម៌នៅកម្ពុជា ដែលយើងគួរតែយកចិត្តទុកដាក់។

មកដល់ពេលនេះ សម្រាប់វិស័យសិល្បៈផ្នែកចម្រៀងវិញ អ្នកចម្រៀងអាជីពកំពុងតែប្រឈមមុខនឹងហានិភ័យខ្លាំង រហូតដល់លែងមានការចេញស៊ីឌី និងឌីវីឌី ហើយសូម្បីតែបទថ្មីៗក៏មានការធ្លាក់ចុះផងដែរ។ ប៉ុន្តែ អ្វីដែលគេឃើញ និងបានឮគេស្តាប់ព្រោងព្រាតនោះ គឺតន្ត្រី និងចម្រៀងដែលបង្កើតឡើងដោយ AI។ នៅលើយូធូបក្តី តិកតក់ក្តី និងសូម្បីតែនៅលើហ្វេសប៊ុក តន្ត្រី និងចម្រៀងដែលច្រៀងព្រមទាំងទំនុកភ្លេង AI គឺកើតមានព្រោងព្រាត ដែលចាំបាច់យើងត្រូវតែរិះគិត។

ក្រៅពីសិល្បៈតន្ត្រី និងចម្រៀង ពីមុនមកគឺមានការផ្សព្វផ្សាយរឿង AI ដែលផលិតដោយចិនជាច្រើន ប៉ុន្តែថ្មីៗនេះ ក៏មានខ្មែរយើងខ្លះបានបង្កើតវីដេអូន និងតុក្កតា AI បណ្តើរៗផងដែរ។ នេះគឺជានិន្នាការ និងទំនោរ ក៏ដូចជារសនិយមបែបថ្មីដែលបង្ហាញពីការប្រែប្រួលនៃសង្គម ជីវភាព និងបៀបបទនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង។ ដូច្នេះ នៅក្នុងអំឡុងពេលនេះ ប្រសិនបើយើងរត់មិនទាន់និន្នាការសង្គមនេះទេ យើងនឹងយ៉ាប់។

សូមយកចិត្តទុកដាក់តាមឱ្យទាន់នូវការរីកចម្រើននៃវិស័យឌីជីថល និង AI នេះ។ ក្នុងករណីដែលយើងមិនអាចតាមទាន់វាទេ យើងនឹងត្រូវគេទុកឱ្យនៅមួយកន្លែងមិនខាន។ សញ្ញា និងរូបភាពដែលកំពុងតែកើតមានឡើងនៅក្នុងវិស័យសិល្បៈនេះ វាគឺជាទឡ្ហីករណ៍មួយដែលដាស់តឿនវិស័យដទៃទៀតឱ្យយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍខ្លួនឱ្យមែនទែន។

រស់នៅក្នុងសម័យបច្ចុប្បន្ននេះ គឺត្រូវការភាពរស់រវើក និងធ្វើបច្ចុប្បន្នភាពជាញឹកញាប់ មិនអាចនៅសើកទ្រើកៗឡើយ។ ដើម្បីឱ្យយើងអាចឈរជើងបាននៅក្នុងសង្គម ក៏ដូចជានៅក្នុងការងារ និងអាជីព គឺវាចាំបាច់ត្រូវតែមានភាពរស់រវើក ព្រមទាំងស្រាវជ្រាវ និងទំនើបកម្មសមត្ថភាពរបស់យើងជាប្រចាំ។ យើងសព្វថ្ងៃនេះគឺកំពុងតែរស់នៅក្នុងបរិបទដែលត្រូវធ្វើបច្ចុប្បន្នភាព ដូចជាឧបករណ៍បច្ចេកទេស និងអេឡិចត្រូនិកសម័យបច្ចុប្បន្ននេះទៅហើយ។

សរុបទៅ AI កំពុងធ្វើឱ្យសង្គមមនុស្សសម័យនេះប្រែប្រួលបរិបទ និងបរិស្ថានសង្គមជីវភាពពិតប្រាកដយ៉ាងលឿនបំផុត។ ដូច្នេះ យើងចាំបាច់ត្រូវតែអភិវឌ្ឍសមត្ថភាព និងធ្វើឱ្យជំនាញ ក៏ដូចជាចំណេះដឹងរបស់យើងកាន់តែខ្លាំងឡើងថែមទៀត។ យើងមិនអាចរស់ដោយភាពស្ពឹកស្រពន់ដូចពីមុនបានទៀតឡើយ ព្រោះជីវិតយើងនៅពេលនេះចាំបាច់ត្រូវតែទំនើបកម្មសមត្ថភាពជាប្រចាំ។

 

Daily Program

Livesteam thumbnail
khmer popup image