អត្ថន័យថ្ងៃសុក្រពិសិដ្ឋ និងការរៀបចំពិធី
ថ្ងៃសុក្រពិសិដ្ឋ៖ រំលឹកការរងទុក្ខលំបាករបស់ព្រះយេស៊ូ
១. ថ្ងៃនេះមិនមានអភិបូជាទេ។ យើងត្រូវប្រារព្ធបុណ្យការរងទុក្ខលំបាករបស់ព្រះយេស៊ូ។ នេះមិនមែនការរងទុក្ខដែលនាំឲ្យមានតែការសោកសៅ ប៉ុន្តែជាទុក្ខលំបាកដែលនាំឱ្យមានសិរីរុងរឿង (glorious passion)។
លោកបូជាចារ្យ មិនប្រើកាសុលឡា(Casulla) ពណ៌ខ្មៅទេ ប៉ុន្តែជាពណ៌ក្រហម មានន័យថា គឺជាព្រះលោហិតរបស់ព្រះយេស៊ូ ដែលហូរនៅលើឈើឆ្កាង ជានិមិត្តរូបបង្ហាញសេចក្តីស្រឡាញ់ និងការលុបលាងបាបរបស់យើង។
២. ទំរង់របស់ពិធីបុណ្យថ្ងៃនេះ ចែកជា ៣ ភាគ គឺ
• ភាគ លើកតម្កើងព្រះបន្ទូល
• ភាគ ការនមស្ការឈើឆ្កាង
• ភាគ ទទួលព្រះកាយព្រះគ្រីស្ត
៣. ភាគ លើកតម្កើងព្រះបន្ទូល៖
• ចាប់ផ្តើមពីក្បួនដង្ហែរបស់បូជាចារ្យ និង អ្នកបម្រើពិធីបុណ្យ ក្នុងបរិយាកាសរំពឹងសញ្ជឹង ក្នុងភាពស្ងៀមស្ងាត់ អត់មានបទចម្រៀងចាប់ផ្តើមទេ។ ពេលមកដល់ខាងមុខអាសនៈ លោកបូជាចារ្យ ក្រាបដល់ដី ជាសញ្ញាបង្ហាញលក្ខណៈទន់ទាបរបស់មនុស្ស និងការសោកស្តាយរបស់ព្រះសហគមន៍(៦៥)
• ក្រោយមកជាពាក្យអធិដ្ឋានពេលចូល (ដោយមិនពោលពាក្យ សូមបងប្អូនតាំងចិត្តអធិដ្ឋាន)
• ក្រោយមក មានអត្ថបទ ២ ដកស្រង់ពី គម្ពីរអេសាយ ៥២,១៣ - ៥៣,១២ និង ហេប្រឺ ៤,១៤-១៦ និង ៥,៧-៩ និង ព្រះបន្ទូលដំណឹងល្អ ពីលោកយ៉ូហាន
• ក្រោយមក ជាធម៌សាកល ដែលមានលក្ខណៈឆ្លើយតបព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជាការបង្ហាញឋានៈជាបូជាចារ្យពីអគ្គសញ្ញាជ្រមុជទឹករបស់គ្រីស្តបរិស័ទ ដែលត្រូវអធិដ្ឋាន ដល់មនុស្សក្នុងពិភពលោក។
• ធម៌សាកលនេះ មានរៀបចំទុកឲ្យ ១០ ប្រការ ដែលគ្រប់វិស័យដែលព្រះសហគមន៍ និងពិភពលោកមានសេចក្តីត្រូវការ។
• ចំណុចនេះ បង្ហាញឲ្យយើងដឹងថា ការរងទុក្ខលំបាករបស់ព្រះយេស៊ូ គឺ ជាតង្វាយសម្រាប់មនុស្សទាំងអស់។
• ភាគទីមួយនេះ គឺជាការប្រកាសការរងទុក្ខលំបាក ឲ្យយើងរំពឹងសញ្ចឹងដល់ការរងទុក្ខរបស់ព្រះអង្គ និងអង្វរ សូមឲ្យលទ្ធផលនៃការរងទុក្ខរបស់ព្រះអង្គ បង្កើតផលល្អដល់មនុស្សគ្រប់ៗរូប។
៤. ភាគ នមស្ការ(គោរព)ឈើឆ្កាង៖
• ឈើឆ្កាងជាសញ្ញា នៃសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់យេស៊ូ និង ការលុបលាងបាប របស់យើង។
• របៀបនមស្ការ ឬការគោរពព្រះឈើឆ្កាង អាចធ្វើបាន ២ របៀប។ គឺ បែបបង្ហាញគោរពរួម ឬ បែបម្នាក់ៗមកថ្វាយបង្គំ។
៥. ភាគ ទទួលព្រះកាយ៖
• ការទទួលព្រះកាយ បង្ហាញការចូលរួមក្នុងការរងទុក្ខលំបាក ដោយរួមជាមួយព្រះគ្រីស្ត ដែលប្រគល់ព្រះអង្គផ្ទាល់ឲ្យយើង ហើយទុកគំរូជាផ្លូវបង្ហាញឲ្យយើងដើរតាម។
• ពាក្យអធិដ្ឋានអរព្រះគុណ បង្ហាញការអង្វរព្រះជាម្ចាស់បានថែរក្សាស្នាព្រះហស្ដនៃធម៌មេត្តាករុណារបស់ព្រះអង្គ ទុកក្នុងជីវិតរបស់យើង។
• ការធ្វើដំណើរឈើឆ្កាង ជាកិច្ចសទ្ធាខាងជំនឿ ដែលព្រះសហគមន៍គាំទ្រ ប៉ុន្តែ អាទិភាពដំបូងរបស់ថ្ងៃសុក្រពិសិដ្ឋគឺ ពិធីរំលឹកការរងទុក្ខលំបាករបស់ព្រះយេស៊ូគ្រីស្ត។
• ការបង្ហាញល្ខោនសក្ការៈ ឬការប្រើភាពយន្ត បង្ហាញការរងទុក្ខលំបាករបស់ព្រះយេស៊ូ គ្រាន់តែជាការបង្ហាញឱ្យឃើញ (representation) នៃការរងទុក្ខលំបាករបស់ព្រះអង្គ។ រីឯពិធីបុណ្យរំលឹក ការរងទុក្ខលំបាករបស់ព្រះគ្រីស្ត គឺជា ការរំលឹកឲ្យហេតុការណ៍នោះកើតឡើងវិញម្តងទៀត(anamnesis)៕