បុណ្យភ្ជុំជាពេលរំលឹកដឹងគុណបុព្វការី ឪពុកម្តាយនៅរស់ និងអ្នកក្រីក្រ

គ្រីស្ត​បរិស័ទ​អុជធូប​អធិដ្ឋាន​ដល់​វិញ្ញាណក្ខន្ធ​មរណបុគ្គល​ទាំងឡាយ​នៅ​ក្នុង​ព្រះវិហារ​សន្ត​យ៉ូសែប ជុំគិរី ខេត្ត​កំពត-ដោយ​ចាន់ម៉ានុត

បុណ្យភ្ជុំ​បិណ្ឌ​គឺ​ជា​ពេលវេលា​ដែល​ប្រជាជន​ខ្មែរ​នឹក​រលឹក​ដល់​សាច់​ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ ដោយ​បាន​រៀបចំ​ពិធី​នេះ​រយៈ​ពេល​១៥​ថ្ងៃ​ជាប់​គ្នា។

បុណ្យភ្ជុំ​បិណ្ឌ​គឺ​ជា​ពេលវេលា​ដែល​ប្រជាជន​ខ្មែរ​នឹក​រលឹក​ដល់​សាច់​ញាតិ​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ ដោយ​បាន​រៀបចំ​ពិធី​នេះ​រយៈ​ពេល​១៥​ថ្ងៃ​ជាប់​គ្នា។ ជាមួយគ្នានេះ គ្រីស្ត​បរិស័ទ​នៅ​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ពិធីនេះ ដើម្បី​អធិដ្ឋាន​ដល់​មរណបុគ្គល​​ទាំង​ឡាយផងដែរ។ ក្នុង​កម្មវិធីនោះ គ្រីស្ត​បរិស័ទ​នៃ​គ្រួសារ​នីមួយ​ៗ​បាន​រៀបចំ​ជា​ម្ហូប​អាហារ​​រៀង​ៗ​ខ្លួន ហើយ​យក​មក​ព្រះវិហារ​ ថ្វាយជា​​ដង្វាយ​ក្នុង​ពិធី​អភិបូជា​។​​

​ទីកន្លែង​ខ្លះ​បាន​រៀបចំ​ពិធី​កាន់វេន​រហូត​ដល់​១៤ថ្ងៃ​ដូច​​​ប្រពៃណី​របស់​ប្រជាជន​ខ្មែរដែលមាន​ជំនឿ​ខាង​ព្រះពុទ្ធ​សាសនា​​ ដោយមាន​ចែក​ជា​ក្រុម​ៗ​តាម​ចំនួន​ផ្ទះ​របស់​គ្រីស្ត​បរិស័ទ។

តាម​សម្តី​របស់​អ្នកស្រី​ហៀម សុកខុន ជា​គ្រីស្ត​បរិស័ទនៅ​កំពង់គោ​ក្នុងខេត្ត​កំពង់ធំស្ថិត​ក្នុងភូមិភាគ​បាត់ដំបង​ បាន​ឲ្យ​ដឹងថា តាម​ទំនៀម​ទំលាប់​ប្រពៃណី​គ្រីស្ត​បរិស័ទ​នៅ​ក្នុង​តំបន់​នោះ គឺ​មាន​រៀបចំ​ជា​វេន​តាម​គ្រួសារ ហើយ​តាម​វេន​នីមួយៗគ្រីស្ត​បរិស័ទ​បាន​រៃថវិកា​ផ្ទាល់​ខ្លួន​ក្នុងគ្រួសារ​ដើម្បី​ជូន​ទៅ​ព្រះវិហារ ទុក​ចាត់ចែង​ក្នុងពិធីបុណ្យ​ភ្ជុំ​ធំ។ ក្នុង​ថ្ងៃបុណ្យ​ភ្ជុំ​បង្ហើយ​នោះ គ្រីស្ត​បរិស័ទ​បាន​យក​ម្ហូប​អាហារ​ពីផ្ទះ និង​នំចំណី​ផ្សេងៗ​មក​ចូលរួម​ជាមួយ​គ្នាក្នុង​អភិបូជា​។​

មុន​ចប់​កម្មវិធី​ យើង​មាន​ទៅ​ផ្នូរ​ដើម្បី​រំលឹកគុណ​ដល់​ជីដូន​ជីតា​ដែល​បាន​ស្លាប់ ដោយ​មាន​លោក​បូជាចារ្យ​បាច​ទឹក​ព្រះពរ​ដល់​ផ្នូរ​ និង​អធិដ្ឋាន​ជុំ​គ្នា​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រី​សុកខុន។

ក្នុង​ឆ្នាំ​២០២២​នេះ បុណ្យ​ភ្ជុំ​បិណ្ឌ គឺ​ត្រូវ​បាន​រៀបចំ​ឡើង​នា​ថ្ងៃទី​១១-២៦ ខែ​កញ្ញា។

ព្រះសហគមន៍​កាតូលិកនៅ​កម្ពុជា​​ ជាពិសេស​គឺ​នៅ​ក្នុង​ភូមិភាគ​បាត់ដំបង គឺ​មាន​តំបន់​មួយ​ចំនួន​ ​បាន​រៀបចំ​ពិធី​បុណ្យ​ភ្ជុំ​មាន​រយៈពេល​១៥​ថ្ងៃ​តាម​បែប​គ្រីស្ត​សាសនា​ គឺមាន​នៅ​​ព្រះសហគមន៍​តំបន់​កំពង់ធំ និង​ចំណោម​នៃ​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​​ភាគ​ច្រើនមាន​គ្រីស្ត​បរិស័ទ​​រស់នៅ​​តាំងពីមុន​សម័យ​សង្គ្រាម​ប្រល័យពូជសាសន៍​ប៉ុល​ពត ហើយ​ប្រពៃណី​កាន់​វេន​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​នេះ នៅ​បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ។

សុកខុន​ឲ្យ​ដឹង​ទៀតថា បុណ្យ​ភ្ជុំ​សម្រាប់​គាត់​គឺ​ជា​ការ​ជួបជុំ​គ្រួសារនិង​ជូន​របស់​បន្តិច​បន្តួច​ដល់​ឪពុកម្តាយ​​។ ក្នុង​ឆ្នាំនេះ ​«ខ្ញុំ​ជូន​លុយ​(ម៉ែ)​និង​ទិញ​ឆ្នាំ​ង​(បាយ)ជូន​គាត់មួយ​។» ទោះបីជា​យ៉ាង​ណាស្ត្រី​រូប​នេះ​មិន​ដែល​ភ្លេច​សេចក្តី​​ត្រូវការ​ណាមួយ​របស់​ឪពុកម្តាយ​ក្នុងពេលដែល​ពួកគាត់​ត្រូវការ​នោះដែរ។​​ អ្នកស្រី​បាន​ឲ្យដឹងថា គាត់តែ​ង​បំពេញ​បន្ថែម​ទាំង​ប្រាក់កាស និង​សំភារៈ មិន​មែន​តែ​ក្នុងពេល​បុណ្យ​ភ្ជុំ​នោះទេ។ ​

«ភ្ជុំ​ ​ម៉ែពុក​ចង់​ឲ្យ​កូនៗ​ទៅ​ជុំ​ជាមួយពួកគាត់។ ពេល​ខ្លះ​ខ្ញុំ​អត់​ចង់​ទៅ​ ព្រោះអត់មាន​លុយ​មាន​កាក់​អី ប៉ុន្តែ​ឲ្យ​តែ​ដល់​ថ្ងៃហ្នឹង​ចង់​ទៅ​ជួប​ជុំ​ជាមួយ​គាត់។» សុកខុន​បញ្ជាក់។

គ្រីស្ត​បរិស័ទរូប​នេះ បាន​បន្ថែមថា ការ​ទៅ​ព្រះវិហារ​ចាំ​បាច់​ណាស់​សម្រាប់​ថ្ងៃ​បុណ្យ​ភ្ជុំ​ចំពោះ​រូប​គាត់ «​ដល់​ថ្ងៃហ្នឹង​ត្រូវ​តែ​ទៅ​ ដូចមាន​អារម្មណ៍​មួ​យ​ថា មាន​ជីដូន​ជីតា​នៅវិហារ​​ហ្នឹង ព្រោះគាត់​ជា​គ្រីស្ត​បរិស័ទ ដូចពួកគាត់​នៅ​មុខៗយើង​ក្នុងវិហារ​អីចឹង។ យើង​អធិដ្ឋាន​សម្រាប់​គាត់ ហើយ​ឲ្យ​គាត់​អធិដ្ឋាន​សម្រាប់​យើងវិញដែរ។»

រីឯ​លោក​អែម សារ៉េត ជា​គ្រីស្ត​បរិស័ទ​នៅ​ព្រះសហគមន៍​ជុំ​គិរី ក្នុងខេត្ត​កំពត​នៃ​ភូមិភាគ​ភ្នំពេញ​ មាន​ប្រសាសន៍​ថា ក្នុង​ឱកាស​បុណ្យ​នេះ គឺ​យើង​ជា​គ្រីស្ត​បរិស័ទ ដើរ​សួរ​សុខ​ទុក្ខ ចែកអាហារ​និង​គ្រឿង​ឧបភោគ​ដល់​អ្នក​ក្រីក្រ ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់​ចំពោះ​គ្នាទៅវិញទៅមក​។

លោក​បញ្ជាក់ថា «ខ្ញុំ​ផ្ទាល់​មាន​តែ​ការ​អធិដ្ឋាន​ គឺ​ទៅ​វិហារ​ដើម្បីអធិដ្ឋាន​រួម​គ្នា​ និង​រិះគិត​រួម​គ្នា​អំពី​ការ​ចែក​ទាន​ដល់​អ្នកក្រីក្រ។»

ជាមួយ​គ្នានេះដែរ លោកបូជាចារ្យ ផ្រុមផុង ស៊ីហារ៉ាត់ (ប៊ឺត) មាន​ប្រសាសន៍ថា ក្នុងឱកាស​បុណ្យ​ភ្ជុំ​ យើង​មក​អធិដ្ឋាន​ដើម្បី​សុំ​អង្វរ​ព្រះជាម្ចាស់​ឲ្យ​មរណបុគ្គល​​​បាន​ចូល​ក្នុងព្រះរាជ្យព្រះជាម្ចាស់។​

លោកបូជាចារ្យ​បាន​រំលឹក​គ្រីស្ត​បរិស័ទ​ថា សម្រាប់​អ្នក​ដែលមាន​ឪពុកម្តាយនៅ​រស់​ គួរតែ​ថែរក្សា​គាត់​និង​សួរ​សុខ​ទុក្ខ​គាត់​ឲ្យ​បាន​ច្រើន​ មិន​មែន​ត្រឹម​តែ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​តែ​ម្តង​ក្នុង​មួយ​ឆ្នាំ​នោះ​ឡើយ។

លោក​បូជាចារ្យ​រំលឹក​ទៀត​ថា កុំ​ចាំពេល​គាត់​មាន​ជំងឺ​ទើប​ទិញ​ផ្លែ​ឈើមក​ជូន​គាត់​ហូប ព្រោះ​ពេល​នោះ​គាត់​ហូប​មិន​បានទេ ដូច្នេះ​ត្រូវ​ទិញ​ឲ្យ​គាត់​នៅ​ពេល​គាត់​មាន​សុខភាព​ល្អ។ លោក​បាន​បន្ថែមថា ត្រូវ​តែ​យក​ពេលវេលា​ផ្ទាល់​ខ្លួន​ដើម្បី​មានទំនាក់ទំនង​ជាមួយ​ឪពុកម្តាយ​ឲ្យ​បាន​ច្រើនជាង​មុន។

តាម​សង្ឃដីកា របស់​ព្រះភិក្ខុ វី សុវិជ្ជា ព្រះសកលវិទ្យាធិការ  ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ សាខាខេត្ត​បាត់ដំបង ឲ្យដឹងថា ពិធី​បុណ្យ​នេះ គឺ​ជា​ការ​បង្ហាញ​នូវ​កតញ្ញុតាធម៌សម្រាប់​បុព្វ​ការីជនដែល​បាន​ចែក​ឋាន​ទៅ​ហើយ​ ជា​ការ​ឧទ្ទិសកុលស​សម្រាប់​ពួកលោក​ផង និងជាការ​សម្តែង​ការ​គោរព​​និង​ដឹងគុណ​ចំពោះ​អ្វីៗដែលជាការលះបង់​របស់​ដូនតា​ផង។ ម្យ៉ាង​វិញទៀត​ជា​ឱកាស​បាន​ជួប​ជុំ​សាច់​សាលោហិតដែរ។

ព្រះតេជគុណ​បន្ថែម​ថា ពី​បិណ្ឌ​ទី​១​ដល់​បិណ្ឌ​ទី​១៤ គឺ​ជា​ការ​កាន់វេន។ ហើយ​សម្រាប់​ថ្ងៃ​ទី​១៥ គឺ​បុណ្យ​ភ្ជុំ ដែល​ភ្ជុំ​នេះ​មាន​ន័យ​ថា ប្រជុំ គឺ​ជា​ការ​ប្រមូល​ផ្តុំ​សាច់​ញាតិ​។ «ជា​ឱកាស​ពិសេស​ ដែលមនុស្ស​ម្នាក់ៗបាន​ឲ្យ​តម្លៃនៃការ​ជួប​ជុំ​ (គឺ)សំខាន់​ណាស់ ព្រោះ​ជាការ​សម្តែង​នូ​វការ​ដឹង​គុណ ​និង​ការ​ជួបជុំ​ជា​ស្មារតីនៃ​សាមគ្គីភាព​ បង្ហាញ​សេចក្តីស្រលាញ់​ដល់​មនុស្ស​រស់ ហើយ​អាច​មាន​ឱកាស​ដើម្បី​បំពេញ​បុណ្យ​កុសល​ជាមួយព្រះសង្ឃ មាតាបិតា សាច់ញាតិ​យើង​ ជាមួយអ្នកក្រីក្រ​ផ្សេងៗទៀត។»

ជា​ធម្មតា​បុណ្យ​សម្រាប់​ពិធី​គោរព​មរណបុគ្គល​ ព្រះសហគមន៍កាតូលិក​សកល​​ត្រូវ​​ធ្វើ​ឡើង​ក្នុង​ថ្ងៃទី​២​នៃ​ខែ​វិច្ឆិកាជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ «ក្នុង​ឆ្នាំ​១៩៧០ បុរី​វ៉ាទីកង់​បាន​អនុញ្ញាត​ឲ្យ​ព្រះសហគមន៍កាតូលិក​ប្រារព្ធ​ពិធីបុណ្យ​រំលឹក​ដល់​មរណបុគ្គល​នៅ​ក្នុង​ខែ​កញ្ញា ដែល​ត្រូវ​នឹង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌដែល​ជា​បុណ្យ​ប្រពៃណីជាតិ​ខ្មែរ​​ដែល​រំលឹកដល់​អ្នក​ស្លាប់។» នេះ​បើ​យោង​តាម​សៀវភៅ​ Rice Paddy ដែល​និពន្ធ​ដោយ​លោក​បូជាចារ្យ​ហ្វ្រង់ស្វ័រ​ ប៉ុងសូដ៍៕

 

 

 

 

Daily Program

Livesteam thumbnail