កូកូដឺតាកែវ​ចូលរួមពិព័រណ៌សិប្បកម្មក្នុងទិវាវប្បធម៌ជាតិ

ក្នុងទិវាវប្បធម៌ជាតិ៣មីនា លើកទី២៦ ក្នុងឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានរៀបចំនូវស្តង់ពិព័រណ៌សិប្បកម្មខ្មែរដែលមានផលិតផលកែច្នៃក្នុងស្រុកមួយចំនួនដាក់តាំងបង្ហាញនិងលក់ នៅសាលមហោស្រប​ចចតុម្មុខនារាជធានីភ្នំពេញ ដែលមានរយៈពេល៣ថ្ងៃពីថ្ងៃទី១-៣មីនានេះ។ ផលិតផលទាំងនោះផលិតពីវត្ថុធាតុដើមដូចជា ដើមចេក ផ្លែដូង ដើមក្រចៅ សូត្រ ស្លឹកត្នោត ដើមត្នោត និងមានគ្រឿងតាំងលំអ សម្ភារប្រើប្រាស់ និងគ្រឿងអលង្កាជាច្រើនទៀត។
លោកខឹម រិទ្ធី អ្នកចែកចាយលក់នៃសិប្បកម្មកូកូដឺតាកែវ បានឲ្យដឹងថា ក្នុងរវាង៣ថ្ងៃកន្លងមកនេះ មានមនុស្សជាច្រើនចាប់អារម្មណ៍នឹងផលិតផលកែច្នៃអំពីផ្លែដូង ជាពិសេសប្រេងដូងនិងស៊ុមប៉ាន់តែធ្វើអំពីសំបកដូងទុំ។
ក្នុងពិធីពិព័រណ៌នេះ លោករិទ្ធីបាននាំយកផលិតផលធ្វើអំពីផ្លែដូង និងសិប្បកម្មតម្បាញដូចជា កន្ត្រកផ្កា ស៊ុមប៉ាន់តែ ស្កគ្រាប់ដូងនិងចេក ប្រេងដូងឆៅ សំបុកចាប សាប៊ូធ្វើអំពីដូង ក្រមា សឹង និងហូលខ្មែរ ដែលសុទ្ធសឹងជាផលិតផលដែលធ្វើដោយជនមានពិការភាព និងស្ត្រីមេម៉ាយក្នុងភូមិចំការទៀង ស្រុកត្រាំកក់ ខេត្តតាកែវ។
កូកូដឺតាកែវ ជាសហគ្រិនសង្គមមួយរបស់ព្រះសហគមន៍កាតូលិក ដែលស្ថាបនាឡើងដោយលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។
ជាមួយទិវាវប្បធម៌ជាតិ៣មីនានេះ លោកនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារាចរមួយឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ធ្វើសកម្មភាពទាក់ទងនឹងវប្បធម៌ចាប់ពីខែមីនាដល់ពិធីចូលឆ្នាំខ្មែរខាងមុខនេះ។ លោកបញ្ជាក់ថា ទិវាវប្បធម៌ជាតិ ជាទិវាសំខាន់មួយដែលរំលឹកគុណបុព្វបុរសខ្មែរដែលបានលះបង់ និងបានការពារសម្បត្តិវប្បធម៌នេះដល់អ្នកជំនាន់ក្រោយ។
ទិវាវប្បធម៌ជាតិក្នុងឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»៕

 

ដោយកែវ កញ្ញា

Daily Program

Livesteam thumbnail