ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តថភាពពិតទាក់ទងនឹង «សង្ក្រាន្ត»
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តថភាពពិត និងវប្បធម៌ប្រពៃណីជាតិ ទាក់ទងនឹងពាក្យ «សង្រ្កាន្ត» ពីអ្នកអត្ថាធិប្បាយព័ត៌មានដ៏ល្បីគឺលោក មាស រិទ្ធី របស់ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស HDTV តាមរយៈការផ្សាយផ្ទាល់ នៃកម្មវិធីហង្សមាស Express News ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។
ជាមួយគ្នានេះដែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានស្នើឱ្យលោកឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស HDTV ចាត់វិធានការបន្ទាន់ លុបព័ត៌មានមិនពិតនេះ ទប់ស្កាត់ចែកចាយបន្ត និងត្រូវសុំទោសជាសាធារណៈឱ្យបានឆាប់រហ័សបំផុត។
ក្រសួងបានលើកឡើងដូចនេះ តាមរយៈលិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយលោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ផ្ញើជូនលោក ឧកញ៉ា អ៊ឹង ឆៃងួន ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ទាក់ទងនឹងករណីផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តថភាពពិត និងវប្បធម៌ប្រពៃណីជាតិ។
លោក ស៊ុំ ម៉ាប់ បានលើកឡើងថា ៖ «ខ្ញុំសូមជម្រាបជូន លោកឧកញ៉ាអគ្គនាយក ជ្រាបថា សង្ក្រាន្ត ជាពាក្យសំស្ក្រឹត មានប្រភពមកពីឥណ្ឌា និងមានន័យថារង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ ហើយពាក្យសង្ក្រាន្ត មាននៅសិលាចារឹកនានា តាមប្រាសាទនៅតំបន់អង្គរ»។
យ៉ាងណាក្តីពិធីសង្ក្រាន្តនេះ បានក្លាយជាប្រពៃណីទំនៀមទម្លាប់ ដែលបានប្រារព្ធ រៀបចំដោយប្រទេសមួយចំនួនដូចជា កម្ពុជា ឡាវ ថៃ ភូមា ជាដើម។ ការចុះបញ្ជីជាបេតិកភណ្ឌអរូបីរបស់ប្រទេសមួយ នឹងមិនប៉ះពាល់ដល់ការចុះបញ្ជី និងការប្រារព្ធរបស់បណ្តាប្រទេសផ្សេងទៀតទៅតាមប្រពៃណីទំនៀមទម្លាប់រៀងៗខ្លួននោះឡើយ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ស៊ុំ ម៉ាប់។
លោកបានសង្កត់ធ្ងន់ថា ៖ «ផ្ទុយពីតថភាពពិតដូចបានបញ្ជាក់ជូនជាសង្ខេបខាងលើ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ លោក មាស រិទ្ធី បានធ្វើការអត្ថាធិប្បាយនូវព័ត៌មានមិនត្រឹមត្រូវ ខ្វះចំណេះដឹងលើវិស័យនេះ និងខ្វះការពិគ្រោះ យោបល់ជាមួយស្ថាប័នពាក់ព័ន្ធ ថែមទាំងបានយកឈ្មោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកធ្វើជាអំណះអំណាង បន្ថែមទៀត»។
លោកបានបន្តថា ៖ «ការអត្ថាធិប្បាយនេះបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃពិតនៃវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ ដ៏ផូរផង់របស់ជាតិ ជាពិសេសបានបង្កឱ្យមានការយល់ច្រឡំពីសាធារណជនទូទៅ ព្រមទាំងភាពរសើប និងភាពជ្រួល ច្របល់ក្នុងសង្គម»។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ថា ក្រុមអ្នកនាំពាក្យរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែមួយគត់ដែលអាចជូនជាព័ត៌មានជាផ្លូវការតំណាងឱ្យក្រសួង រីឯការពិគ្រោះយោបល់ ឬ សាកសួរព័ត៌មានពីបុគ្គល ផ្សេងនឹងមិនតំណាងឱ្យមតិយោបល់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនោះទេ។
សូមរម្លឹកផងដែរថា សម្តេចមហាធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងកាលពីខែកុម្ភៈកន្លងមកថា កម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងនឹងដាក់ស្នើសុំចុះបញ្ជី «សង្ក្រាន្តកម្ពុជា» នៅក្នុងបញ្ជីបេតិកកភណ្ឌអរូបីយមនុស្សជាតិអង្គការយូណេស្កូដូចប្រទេសថៃដែរ។
ជាមួយគ្នានោះ សម្តេចធិបតី ក៏បានស្នើសុំកុំឱ្យមានការឈ្លោះទាស់ទែងគ្នារវាងប្រទេសជាតិទាំង ២ និងកុំបន្តយល់ច្រឡំបន្ថែមទៀតរវាងវប្បធម៌នៃប្រទេសទាំង ២ នេះ។
ជាមួយគ្នានេះដែរ នៅតាមបណ្តារាជធានីខេត្តមួយចំនួន ក៏បានត្រៀមរៀបចំប្រារព្ធពិធីសង្រ្កានឆ្នាំថ្មី ឆ្នាំ២០២៤នេះផងដែរ៕