គ្រីស្តបរិស័ទត្រូវអនុវត្តខ្លួនបែបណាខ្លះឲ្យស្របទៅនឹងជំនឿរបស់ខ្លួន?
បកស្រាយដោយ៖ លោកបូជាចារ្យ ផាន បូរី ពីព្រះសហគមន៍កាតូលិកមណ្ឌលគិរី ក្នុងភូមិភាគកំពង់ចាម សម្របសម្រួលដោយឆាក លាំង។
បូ. ផាន បូរី៖ បងប្អូនជាទីស្រលាញ់! ជាគ្រីស្តបរិស័ទ យើងមានចិត្តមហិច្ឆតាធំក្នុងការប្រកាសដំណឹងល្អ ឬក៏បង្ហាញធម៌មេតា្តករុណារបស់យើង ដែលបានមកពីព្រះជាម្ចាស់ទៅកាន់មនុស្សទូទៅឲ្យបានឃើញ! សួរថាហេតុអ្វីយើងត្រូវធើ្វដូច្នេះ? គោលដៅរបស់យើងគឺបង្ហាញពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងធ្វើតាមព្រះយេស៊ូដែលជាប្រភពដើមនៃជំនឿរបស់យើង។
ក្នុងព្រះគម្ពីរបានចែងមកថា ចូរមានចិត្តមេតា្តករុណ ដូចព្រះបិតាដែលមានចិត្តមេត្តាករុណា! ព្រះជាម្ចាស់បានប្រាប់យើងឲ្យមានចិត្តមេត្តាករុណាដូចព្រះបិតា និងប្រតិបត្តិតាមទ្រង់ផងដែរ។ ទោះពេលខ្លះយើងធើ្វបាន ពេលខ្លះយើងធ្វើមិនបាន តែត្រូវតែប្រឹងឲ្យអស់ពីសមត្ថភាព អស់ពីកម្លាំងកាយ អស់ពីប្រាជ្ញារបស់យើង។ ឧទាហរណ៍ថា៖ ព្រះយេស៊ូចង់ឲ្យយើងលើកលែងទោសឲ្យអ្នកដទៃ ការលើកលែងទោសមិនមែនជារឿងងាយស្រួល ក៏ប៉ុន្តែបើយើងជាគ្រីស្តបរិស័ទ យើងមានជំនឿនៅក្នុងខ្លួន គឺយើងអាចធ្វើបាន។
ព្រះយេស៊ូបង្រៀនឲ្យយើងចេះចែកម្ហូបអាហារដែលខ្លួនមានទៅអ្នកដទៃ យើងអាចធ្វើបាន ទោះបីពេលខ្លះយើងពិបាកធ្វើ ដោយសារយើងមានសភាវៈជាមនុស្ស យើងមានចិត្តលោភលន់ ប៉ុន្តែបើយើងដឹងខ្លួនឯងថាជាគ្រីស្តបរិស័ទ! មានជំនឿលើព្រះយេស៊ូ! យើងត្រូវតែប្រតិបត្តិតាមព្រះយេស៊ូ ដែលព្រះអង្គបានមានព្រះបន្ទូលមកយើងជារៀងរាល់ថ្ងៃ។ ព្រះយេស៊ូចង់ឲ្យយើងធ្វើអំពើល្អដោយមិនបៀតបៀនអ្នកដទៃ ហើយរស់នៅដោយពឹងផ្អែកទៅលើធម៌មេត្តាករុណារបស់ព្រះអង្គ យើងមានអ្វីដែលជារបស់យើង យើងគ្រប់គ្រាន់ហើយ។ មួយវិញទៀតយើងមិនត្រូវបៀតបៀនជីវិតអ្នកដទៃនោះទេ ព្រោះថាគេក៏ចង់មានជីវិតរបស់គេដែរ។
យើងធ្វើតាមព្រះបន្ទូលរបស់ព្រះយេស៊ូ ដោយព្យាយាមបង្ហាញធម៌មេត្តាករុណដល់អ្នកដទៃ។ នេះហើយជាជំនឿរបស់យើង ជាសេចក្តីល្អដែលយើងត្រូវតែធ្វើ។ យើងរស់នៅដោយក្តីយោគយល់ចំពោះគ្នា មិនប្រកាន់ទោសអូសដំណើរគ្នា មិនខឹងសម្បាគ្នា។ យើងរស់នៅដោយការលើកលែងទោសចំពោះគ្នានិងគ្នា ជាហេតុនាំឲ្យជំនឿរបស់យើងកាន់តែរីកចំរើន និងនាំឲ្យប្រតិបត្តិជំនឿរបស់យើងកាន់តែមានប្រសិទ្ធិភាព។
យើងចេះដាក់ខ្លួន ដូចព្រះយេស៊ូបានដាក់ខ្លួនបម្រើបងប្អូនឯទៀតៗរហូតដល់គេសម្លាប់ព្រះអង្គ។ មួយវិញទៀតឲ្យចេះនិយាយសេចក្តីពិតដែលយើងមានដោយមិនក្រឡៃ អ្វីដែលយើងត្រូវដឹងខ្លួននិងអនុវត្តន៍ជានិច្ចនោះគឺ ត្រូវយកព្រះគ្រីស្តជាទីពឹង យកព្រះបន្ទូលជាទីពឹង ដើម្បីបង្ហាញជំនឿនេះ ដើម្បីធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការរស់នៅដ៏ល្អស្របតាមជំនឿរបស់យើងបែបនេះហើយ ទើបសមនឹងឈ្មោះថាជាបុត្រធីតារបស់ព្រះជាម្ចាស់។
ដូច្នេះ សូមបងប្អូនបានទទួលព្រះពរពីព្រះជាម្ចាស់ ដោយពេញលក្ខណៈ និងចេះចែករំលែកព្រះអំណោយទានដែលបងប្អូនបានទទួលដល់បងប្អូនឯទៀតៗដោយមិនគិតថ្ងៃ៕
ដោយ ឆាក លាំង