អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង អង្គការណាតូ អង្គការយោធារួមនៃប្រទេសសមាជិក
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង គឺជាអង្គការនយោបាយយោធាដែលដាក់ឲ្យដំណើរការដោយប្រទេសហត្ថលេខីនៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដើម្បីអាចបំពេញកាតព្វកិច្ចការពារ និងសន្តិសុខរួមនៃប្រទេសជាសមាជិក។
អត្ថបទច្បាប់នៃសន្ធិសញ្ញា ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៤៩ រៀបចំឡើងដោយក្រុមប្រឹក្សាអាត្លង់ទិកខាងជើង (CAN) ដែលដាក់ឲ្យដំណើរការនូវសម្ព័ន្ធមិត្តយោធាការពារប្រឆាំងនឹងរាល់ការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងសមាជិកណាមួយ នៅអឺរ៉ុប អាម៉េរិកខាងជើង ឬនៅក្នុងតំបន់អាត្លង់ទិកខាងជើង ឬនៅខាងលើខ្សែស្រប 23°26។
ការប៉ះទង្គិចដែលបង្កឡើងដោយការផ្ទុះសង្រ្គាមកូរ៉េនាំឲ្យក្រុមប្រឹក្សាអាត្លង់ទិកខាងជើង CAN សម្រេចចិត្តបង្កើតអង្គការយោធា ចាប់តាំងពីដំណាច់ឆ្នាំ១៩៥០ ដែលត្រូវបានគេស្គាល់ថា ជាអង្គការណាតូ និងត្រូវធានាឲ្យមាននូវសមត្ថភាពយោធាផង។
សម្ព័ន្ធមិត្តនេះកើតមានឡើងនៅក្នុងបរិបទទូទៅចាប់តាំងពីការចាប់ផ្តើមនូវសង្រ្គាមត្រជាក់ និងកាន់តែពិសេសទៀត គឺនៅពេលការដាក់ចែកខណ្ឌនៅទីក្រុងប៊ែរឡាំងដែលធ្វើឡើងដោយសហភាពសូវៀត។ យោងតាមសេចក្តីពន្យល់អំពីមូលហេតុ សម្ព័ន្ធមិត្តមានគោលបំណងដើមគឺធានាសន្តិសុខអឺរ៉ុបខាងលិចដោយបង្កើតការភ្ជាប់យ៉ាងខ្លាំងជាមួយសហរដ្ឋអាម៉េរិក ដែលជាមធ្យោបាយតែមួយក្នុងកែវភ្នែកជនជាតិអឺរ៉ុបគឺដើម្បីការពារខ្លួនពីរាល់ការប៉ុងប៉ងពង្រីកអំណាចរបស់សហភាពសូវៀត បន្ទាប់ពីសង្រ្គាមលោកលើកទី២។ យោងតាមពាក្យសំដីរបស់អគ្គលេខាដំបូង នៃអង្គការណាតូ លោកឡដ អ៊ីស្មៃ បានឲ្យបញ្ជាក់ថា តួនាទីរបស់អង្គការណាតូ រួមបញ្ចូលការផាត់រុស្ស៊ីចេញឲ្យនៅខាងក្រៅ អាម៉េរិកឲ្យនៅខាងក្នុង និងអាឡឺម៉ង់ឲ្យនៅស្ថិតក្រោមការត្រួតត្រា។ ចាប់តាំងពីការបង្កើតវាឡើង គូប្រជែងដែលអង្គការណាតូកំណត់ គឺសហភាពសូរៀត ដែលបានបង្កើតរួចហើយដែរ នូវអង្គការកតិកាសញ្ញាវ៉ាសូវី នៅឆ្នាំ១៩៥៥។ អង្គការណាតូត្រូវបានរៀបចំឡើងដើម្បីប្រឈមនឹងការគំរាមកំហែងនេះតាមរយៈការកំណត់និយមន័យទស្សនទានយុទ្ធសាស្រ្តដែលប៉ះជាពិសេសលើបញ្ហានានាទាក់ទងនឹងអាវុធនុយក្លេអ៊ែរ និងតាមរយៈការរៀបចំផែនការដែលមានការសម្របសម្រួលរវាងសមាជិកទាំងអស់ដោយមធ្យោបាយយោធារបស់ពួកគេ និងដោយតាមរយៈបញ្ជាការដែលបានធ្វើសមាហរណកម្ម ដែលមានអង្គភាព SHAPE ដែលជាទីបញ្ជាការកំពូលនៃអង្គការណាតូ។
ចាប់តាំងពីការរលាយរបស់សហភាពសូវៀត និងការបញ្ចប់សង្រ្គាមត្រជាក់នៅឆ្នាំ១៩៩១ សម្ព័ន្ធមិត្តអាត្លង់ទិកបានបន្តស្ថិតនៅ ទោះបីជាមូលហេតុដើមសំខាន់បំផុតក្នុងការបង្កើតវា បានបាត់បង់ទៅហើយក៏ដោយ។
សារសំខាន់របស់អង្គការណាតូ បានបង្ហាញឡើងវិញសាជាថ្មីនៅឆ្នាំ២០២២ ដោយហេតុផលនៃការឈ្លានពានអ៊ុយក្រែនដោយរុស្ស៊ី។ ដោយបញ្ចៀសការរាល់ការប្រឈមផ្ទាល់ជាមួយរុស្ស៊ី សម្ព័ន្ធមិត្តណាតូ គាំទ្រអ៊ុយក្រែនផ្នែកការទូត និងសម្ភារៈ តាមរយៈការផ្គត់ផ្គង់អាវុធដែលកាន់តែមានសមត្ថភាពខ្លាំងឡើងៗ ព្រមទាំងសេវាចារកម្មផងដែរ។ ហើយដោយការប្រតិកម្មនឹងការឈ្លានពាននេះដែរ ប្រទេសហ្វាំងឡង់ និងស៊ុយអែត ក៏បានចូលជាសមាជិកនៃអង្គការយោធារួមណាតូនេះផងដែរ នៅខែមេសា ឆ្នាំ២០២៣ និងខែមីនា ឆ្នាំ២០២៤។ ប្រទេសទាំងពីរបានបញ្ចប់លក្ខន្តិកៈជាប្រទេសអព្យាក្រិត្យជាប្រវត្តិសាស្រ្តរបស់ខ្លួនផងដែរ។
តាំងពីឆ្នាំ១៩៦៦ ទីស្នាក់ការកណ្តាលរបស់អង្គការណាតូ ស្ថិតនៅសង្កាត់ប៊្រុចសែលដឺហារ៉េន ប្រទេសបែលហ្សិក។ ចំណែកទីបញ្ជាការដ្ឋានយោធាសំខាន់ របស់អង្គការណាតូ SHAPE បច្ចុប្បន្នស្ថិតនៅខណ្ឌមែស៊ីយ៉ែរ៍ (Maisières) ប្រទេសបែលហ្សិកដែរ។